ជាប្រចាំ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់បានចូលរួមសហការជាមួយអាជ្ញាធរ ដោយពួកគាត់ចេះតែយកសម្ភារៈផ្សេងៗទុកដាក់ដែលនាំឲ្យប៉ះពាល់ចំណីផ្លូវសាធារណៈ ។
មន្ត្រីសាលាខណ្ឌដង្កោប្រាប់ឲ្យដឹងថា លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ជារឿយៗតែងតែណែនាំមន្ត្រីក្រោយមឪវ៉ាទឲ្យចុះពិនិត្យមើលជាប្រចាំនូវរាល់ការងារទាំងឡាយនៅជុំវិញមូលដ្ឋានខណ្ឌដង្កោ ទាំងសន្តិសុខ អនាម័យ បរិស្ថាន ជាពិសេស ការរំលោភបំពានផ្លូវសាធារណៈជាដើម ពីព្រោះថា ការរំលោភបំពានផ្លូវសាធារណៈនេះហើយ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ ក៏ដូចជា នាំឲ្យមានការកកស្ទះចរាចរណណ៍ផងដែរ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានណែនាំកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ចុះរៀបចំសណ្តាប់ធ្នាប់នៅលើកកំណាត់ផ្លូវ៥០ម៉ែត្រ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនចេះតែដាក់សម្ភារៈអេតចាយ មានដូចជា បាវអេតចាយធំៗ សំបកដកទឹកសុទ្ធ សំបកកំប៉ុង ឬ សម្ភារៈផ្សេងៗទៀត រំលោភនៅលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ។
ប្រភពព័ត៌មានបានលើកឡើងបន្តថា ចំពោះបញ្ហានេះ អាជ្ញាធរខណ្ឌដង្កោ តែងធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ សង្កាត់ ខណ្ឌ ឲ្យបានល្អប្រសើរ ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ជៀសវាងមានការរំលោភបំពាននៅលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ ក៏ដូចជា នាំឲ្យមានការកកស្ទះចរាចរណណ៍ផងដែរ ។
ដោយឡែកកាលពីរសៀថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ អាជ្ញាធរ ខណ្ឌ សង្កាត់ បានធ្វើការណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋរើចេញឲ្យអស់នូវសម្ភារៈអេតចាយមួយចំនួន រួមមាន បាវអេតចាយធំៗ សំបកដកទឹកសុទ្ធ សំបកកំប៉ុង ឬ សម្ភារៈផ្សេងៗទៀត ដែលដាក់រំលោភនៅលើចំណីផ្លូវ៥០ម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកស្តុប វត្ត ឬស្សីសាញ់ រហូតទៅដល់ចំណុចភ្លើងស្តុបផ្លូវបំបែកការ៉េប្រាំបី ( ហៅ ) ស្តុបបាគូ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងនោះមិនអនុវត្តន៍តាមការណែនាំនោះទេ អាជ្ញាធរខណ្ឌដង្កោ នឹងមានវិធានការដ្ឋបាល ដោយមិនទទួលខុសត្រូវ នូវរាល់ការបាត់បង់ បាក់បែក ខូចខាតសម្ភារៈផ្សេងៗអ្វីឡើយ ៕
រ៉ាវុទ្ធ