លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់នៅថ្ងៃនេះថា អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងប្រទេសណាក៏ដោយ គឺមានកាតព្វកិច្ចអនុវត្តនូវមុខការរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើស និងអនុវត្តរាល់សេចក្តីសម្រេចរបស់តុលាការ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដូច្នេះការដែលកម្ពុជាអនុវត្តច្បាប់របស់ខ្លួនចំពោះជន ដែលប្រព្រឹត្តល្មើសច្បាប់ ក៏ពុំមានអ្វីចម្លែកនោះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ និងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់វិធានការចំពោះ សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រថា “ស្ដេចទីងមោង”។
នៅក្នុងលិខិតលោក កើត រិទ្ធ ដែលបានដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ឈ្មោះ សម រង្ស៊ី បានបង្ហោះសារតាមរយៈគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី ២០-១២-២០២០ ដែលមានខ្លឹមសារថា “ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្ដេចទីងមោងផងដែរ”។
បើលោក កើត រិទ្ធ ខ្លឹមសារដែលឈ្មោះ សម រង្ស៊ី បាននឹងកំពុងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ លោកថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សំណើចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ដោយយោងមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៤៣៧ ស្ទួន (បទប្រមាថចំពោះអង្គព្រះមហាក្សត្រ) នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា “ការប្រមាថ គឺជាវាចារ កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ ទៅ១០.០០០.០០០ (ដប់លាន) រៀល៕
ដោយ ៖ កោះកែវ