Connect with us

ព័ត៌មានជាតិ

កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣គ្រឿង ពី​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​សប្បុរស​ជប៉ុន

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម ឧ​ត្ដ​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​លោក ស៊ឺ​ស៊ឺ​មឹ តៃ (SUSUMU TAI) កុងស៊ុល​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​ជា​ស្ថាបនិក​អង្គការ Cambodia Future Dream ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន និង​សប្បុរសជន​សហគមន៍​ជប៉ុន​នៅ​កម្ពុជា ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៣ គ្រឿង សម្រាប់​បំពេញ​ឱ្យ​តម្រូវការ​របស់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការកសាង​ពង្រឹង​សមត្ថភាព និង​ការប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​ទំនាក់ទំនង​ជួយ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​ជប៉ុន ​នៅ​ក្រោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ​១៩៥៣ រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក៏ដូចជា​ក្នុង​ដំណើរការ​នៃ​ការ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាអាទិ៍​៖ ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការជួយឧបត្ថម្ភ​គាំទ្រ​ក្នុងដំណាក់កាល​វិ​ប​ត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។

ក្នុងនាម​ប្រជាជន​កម្ពុជា ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាល់​សកម្មភាព​ទាំងអស់​នេះ ដែល​ក៏មាន​ការចូលរួមចំណែក​ផងដែរ​ពី​សំណាក់​អង្គការ​-​សមាគម និង​វិស័យ​ឯកជន​ជប៉ុន ដោយ​ពិតជា​បាន​សរ​បញ្ជាក់​ច្បាស់​អំពី​ការ​ផ្សារភ្ជាប់​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន​លើ​គ្រប់​វិស័យ​។

ក្នុងន័យនេះ ឯកឧត្តម ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​អង្គការ​-​សមាគម​ជប៉ុន រួមទាំង​សប្បុរសជន​សហគមន៍​ជប៉ុន បន្ត​ចូលរួមចំណែក​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សប្បុរសធម៌​នានា ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា ហើយ​កិច្ចការ​ទាំងនេះ ក៏​នឹង​ដើរតួនាទី​សំខាន់​ផងដែរ​ក្នុង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​។​

​មួយវិញទៀត ឯកឧត្តម ក៏បាន​អរគុណ និង​ស្វាគមន៍​ចំពោះ​វិនិយោគិន​ជប៉ុន ដែល​បានជ្រើសរើស​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​ធ្វើ​ធុរកិច្ច ហើយ​សង្ឃឹមថា បន្ត​ទៅមុខ វិនិយោគិន​ជប៉ុន​នឹង​អញ្ជើញ​មក​កាន់តែ​ច្រើនឡើង​បន្ថែមទៀត ជាពិសេស​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​របត់​សាកលភាវូបនីយកម្ម ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ផ្តោតលើ​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​។

ក្រៅពី​ការបង្កើត​ការងារ និង​ការផ្ទេរ​បច្ចេកវិទ្យា​, ក្រុមហ៊ុន​-​សហគ្រាស​ជប៉ុន ក៏បាន​នាំមក​នូវ​ស្តង់ដារ​ការងារ ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​របស់​កម្ម​ករ​-​និយោជិត​។ ជាមួយគ្នានេះ ការសម្រេចចិត្ត​របស់​វិនិយោគិន​ជប៉ុន ដែល​អាច​ចាត់ទុកបាន​ថា ជាការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​យូរអង្វែង ក៏បាន​បង្ហាញ​ផងដែរ​អំពី​ទំនុកចិត្ត​មកលើ​កត្តា​ស្ថិរភាព និង​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាពអំណោយ​ផលរប​ស់ក​ម្ពុ​ជា​។​

​ជាការ​ឆ្លើយតប លោក ស៊ឺ​ស៊ឺ​មឹ តៃ បាន​រំឭក​អំពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ និង​បានលើកឡើង​អំពី​កិច្ច​ខិតខំ​ប្រែង​របស់​លោក​នៅក្នុង​កា​រ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា តាមរយៈ​ការរៀបចំ​សកម្មភាព​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ទាំង​លើ​ទិដ្ឋភាព​វប្បធម៌ និង​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី ហើយ​លោក​ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ផង​ដែរ​ថា ផ្អែកលើ​សកម្មភាព​ទាំងអស់នេះ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា នឹង​បន្ត​រីកចម្រើន និង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អភិបាលរាជធានីទទួលទានអាហារសាមគ្គីដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយ AIMF

ជីវិតកម្សាន្ដ៤៨ នាទី មុន

ក្រុម Apink នឹងត្រលប់មកវិញ ជាមួយអាល់ប៊ុមថ្មីនៅឆ្នាំ ២០២៣

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

លោក ពូទីន បញ្ជាក់ច្បាស់ៗពីមូលហេតុ ដែលរុស្ស៊ី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

កីឡា១ ម៉ោង មុន

មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់?

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកាច់កម៉ូតូ​ និងប្លន់ប្រដាប់អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម