ដោយសារស្ថានការជំងឺកូវីដមានការធូរស្រាល ១៤ ថ្ងៃជាប់គ្នាមិនរកឃើញអ្នកឆ្លងថ្មី សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
ថ្លែងក្នុងសារនៅព្រឹកនេះ សម្តេចតេជោប្រមុខរដ្ឋាភិបាលបានឲ្យដឹងថា ក្រោយការផ្ទុះការឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា អាជ្ញាធរបានស្វែងរកគ្រប់ច្រកល្ហក ដើម្បីស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ។ តាំងពីថ្ងៃ ១៥ ធ្នូ កម្ពុជាមិនរកឃើញមានអ្នកឆ្លងថ្មី ហើយការធ្វើតេស្តសំណាកនៅសល់តែ ០៨ នាក់ប៉ុណ្ណោះ ពុំរកឃើញករណីសង្ស័យទៀតទេ។
សម្តេចបានបន្តថា គិតមកដល់ពេលនេះ មានអ្នកជាសះស្បើយដល់ ៣៨ នាក់ មិនមានអ្នកស្លាប់ និងនៅសល់តែ ០៣ នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
សម្តេចតេជោក៏ថ្លែងអំណរគុណបងប្អូន គ្រូពេទ្យ កងកម្លាំង ក្រសួងសុខាភិបាល និងអង្គការជាដៃគូ វិទ្យាស្ថានប៉ាស្ទ័រ សម្រាប់ការរួមគ្នាទប់ស្កាត់មិនឲ្យរាលដាលបន្តទៀត។
សម្តេចក៏លើកឡើងពីការគ្រប់គ្រងពលករមកពីប្រទេសថៃតាំងពីថ្ងៃ ២០ ខែធ្នូ ក៏ពុំទាន់រកឃើញអ្នកមកពីប្រទេសថៃ នាំជំងឺចូលក្នុងប្រទេស ដោយសាររដ្ឋាភិបាលថៃបានចាត់វិធានការយ៉ាងលឿន អាចគ្រប់គ្រងទាន់សភាពការ។
សម្តេចតេជោថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលគ្រប់គ្រងសភាពការប្រកបដោយទំនួលខុសត្រូវនិងមិនរើសអើង ដល់ពលករកម្ពុជាដែលចូលទៅធ្វើការនៅប្រទេសថៃ។
សម្តេចថ្លែងសង្កត់ពលករដែលវិលពីថៃវិញ ត្រូវតែធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ ជាចាំបាច់។ តាមរបាយការណ៍សម្តេចទទួលបាន មានពលករជិត ២០០០ នាក់ ដែលវិលពីថៃ កំពុងធ្វើចត្តាឡីស័កតាមព្រំដែន។ សម្តេចណែនាំឲ្យអាជ្ញាធរត្រូវតែផ្គត់ផ្គង់ចំណីអាហារ មុង ភួយ និងសម្ភារៈប្រើប្រាស់មិនត្រូវឲ្យខ្វះខាតនោះទេ។
សម្តេចតេជោបន្ថែមថា ការបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា មិនមែនមានន័យថា មេរោគនេះបានផុតរលត់ទាំងស្រុងនោះដែរ បើសិនមានការធ្វេសប្រហែស ខ្វះការការពារវានឹងអាចកើតមានរលកថ្មីបន្ថែមទៀត។
សម្តេចក៏ថ្លែងពីការចាត់ចំណាត់ថ្នាក់ដែលកម្ពុជាជាប់លេខ ១ លើការទប់ស្កាត់ការឆ្លងលើពិភពលោក បង្ហាញពីការតបស្នងសម្រាប់ការប្រឹងប្រែងរបស់កម្ពុជា៕