លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់បន្តពង្រឹងនូវវិន័យឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀតដើម្បីទប់ស្កាត់រាល់សកម្មភាពឬទង្វើមិនសមរម្យឬអសកម្មរបស់សិស្សានុសិស្សមួយចំនួនតូចនៅក្នុងសាលាដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិទាំងមូល។
ការជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់បន្តពង្រឹងនូវវិន័យបន្ថែមនេះបន្ទាប់ពីមានការចែករំលែកវីដេអូខ្លីបន្តគ្នាលើបណ្ដាញសង្គម Facebook TikTok អំពីករណី នាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល វាយសិស្សស្រី ក្នុងសាលា ហាក់ដូចជាពេលសិស្សតម្រង់ជួរគោរពទង់ជាតិ ឬកំឡុងពេល សាលាផ្ដល់ព័ត៌មានអ្វីមួយដល់សិស្សានុសិស្សដែលបណ្តាលមកពីសិស្សមួយចំនួនបានយកអាវរបស់ខ្លួនសរសេរអក្សរឬដាក់បាតដៃលើអាវជាអនុស្សាវរីយ៍។
ថ្លែងប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី១៦កញ្ញានេះ លោកប្រធានមន្ទីរបានមានប្រសាសន៍ថា « ខ្ញុំមានការសោកស្តាយពេលឃើញសកម្មភាពនៅក្នុងបណ្តាញសង្គមដែលមានក្មួយៗមួយចំនួនតូចបានប្រព្រឹត្តិទង្វើមិនគប្បីដែលពួកគាត់យល់ថា ជាសិទ្ធិសេរីភាពរបស់គាត់តាមពិតពួកគាត់មានការយល់ច្រឡំខ្លាំងណាស់»។
លោកប្រធានមន្ទីរអប់រំបានបន្តទៀតថា « ប្រសិនបើគាត់គិតថា ទង្វើនេះជាសិទ្ធិសេរីភាពក្នុងការបញ្ចប់ការឆ្នាំសិក្សាគាត់គួរតែធ្វើអ្វីផ្សេងឱ្យបានល្អប្រសើរជាងនេះដូចជាមានសៀវភៅកម្រងអនុស្សាវរីយ៍ដែលគាត់អាចសរសេរពាក្យពេជ មានបិតរូបថតនិងថ្លែងអំណរគុណនិងចុះហត្ថលេខាទើបប្រសើរជាងទង្វើដែលគាត់បានធ្វើនាំឱ្យប៉ះពាល់ដល់មជ្ឈដ្ឋានខាងក្រៅវាយតម្លៃទៅលើការគ្រប់គ្រងរបស់នាយកសាលាលោកគ្រូអ្នកគ្រូនិងប្រព័ន្ធអប់រំទាំងមូលតែម្តង ព្រមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់អាណាព្យាបាលនិងមជ្ឈដ្ឋានជុំវិញ»។
លោកប្រធានមន្ទីរបានស្នើឱ្យគ្រឹះស្ថានអប់រំទាំងអស់ បន្តពង្រឹងវិន័យបន្ថែមទៀតដើម្បីកុំឱ្យទង្វើអសកម្មទាំងនេះកាន់តែរីកធំថែមទៀត ព្រោះថាទាំងគណៈនាយកនិងលោកគ្រូអ្នកគ្រូក៏ដូចជាក្រសួងបានខិតខំប្រឹងប្រែងអប់រំនិងមានគោលនយោបាយអប់រំដើម្បីឱ្យសិស្សក្លាយជាសិស្សល្អកូនល្អនិងជាពលរដ្ឋល្អក្នុងសង្គម។
លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងនោះមានដូចជាទី១ការអប់រំឱ្យមានចំណេះដឹង ទី២ ការអប់រំឱ្យមានបំណិនទី៣ការអប់រំឱ្យមានសីលធម៌ល្អទី៤ការអប់រំឱ្យមានឥរិយាបថល្អនិងទី៥ការអប់រំឱ្យចេះរស់នៅក្នុងសង្គម។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ទង្វើរបស់សិស្សានុសិស្សដែលបានចែកចាយនៅក្នុងសង្គមហ្វេប៊ុកនោះមិនមែនជាសិស្សមានសីលធម៌ល្អនិងឥរិយាបថល្អធ្វើជាគំរូល្អចំពោះសិស្សទូទៅនោះទេ។
ដូចនេះសូមលោកគ្រូអ្នកគ្រូនិងគណៈនាយកតាមគ្រឹះស្ថានសិក្សាជួយពង្រឹងវិន័យដល់សិស្សបន្ថែមទៀតដើម្បីការពារសេចក្តីថ្លៃថ្នូរនិងកិត្តិយសសាលានិងសិស្សានុសិស្សឱ្យបានល្អប្រសើរ។
លោកប្រធានមន្ទីរបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបញ្ចៀសឱ្យបានជាដាច់ខាតនិងជាអតិបរមាការប្រើអំពើហិង្សាលើសិស្ស ព្រោះថាទម្រង់អំពើហិង្សាលើរាងកាយជាបទល្មើសពោលគឺត្រូវធ្វើយ៉ាងណាហៅគាត់មកអប់រំណែនាំទើបជាការប្រសើរ៕
ដោយ ៖ សំអឿន