ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅលក្ខណៈគ្រួសារ នៅខេត្តបាត់ដំបងមួយកន្លែង អាចរកចំណូលបាន១០០០ ទៅ១៥០០ដុល្លារក្នុងមួយខែ បានយ៉ាងងាយ។
លោក ម៉ា ប៉ូ ហៅតាម៉ាប់ អាយុ៥៣ឆ្នាំ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅ លក្ខណៈគ្រួសារមួយកន្លែង រស់នៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានរៀបរាប់ឲ្យគេហទំព័រកម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែធ្នូនេះថា គ្រួសារលោកបានចាប់យកមុខរបរចិញ្ចឹមពូជសត្វមាន់ខ្មៅនេះ រយៈពេលប្រាំឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះ ក្នុងកសិដ្ឋានរបស់លោក មានមាន់ទាំងមេនិងបា សរុបចំនួន៦០០ក្បាល ដែលកំពុងហុចផលជាពងជាបន្តបន្ទាប់ ផងដែរ។ ដែលពងទាំងនេះ សម្រាប់លក់ឲ្យម៉ូយផងនិងមួយចំនួនទៀត សម្រាប់ភ្ញាស់កូនលក់ចែកចាយដល់អ្នក ដែលយកទៅចិញ្ចឹមបន្ត ក្នុងខេត្តបាត់ដំបង និងខេត្តដទៃមួយចំនួនទៀតផង។
លោកបន្តថា យ៉ាងហោចណាស់មាន់របស់លោកអាចហុចពងបានក្នុងមួយថ្ងៃ២០០គ្រាប់ ជាប្រភេទពូជមាន់ខ្មៅទាំងសាច់និងឆ្អឹង ដែលពងក្នុង០១គ្រាប់លក់បានក្នុងតម្លៃ១៥០០រៀល នឹងកូនភ្ញាស់លក់បានក្នុងតម្លៃមួយក្បាល៣៥០០រៀល ក្រៅពីនេះ ក៏មានមាន់សាច់ ផងដែរ ដោយក្នុងមួយគីឡូក្រាមតម្លៃ១៦០០០រៀល ទៅ១៨០០០រៀល ដែលតម្លៃទាំងនេះ គាត់អាចទទួលយកបាន។ លោកក៏បានបន្តទៀតថា មុខរបរចិញ្ចឹមមាន់នេះ គឺមិនមានផលលំបាកអ្វីប៉ុន្មាននោះទេ គឺគ្រាន់តែមើលនិងថែទាំបន្តិចបន្តួច នឹងរៀបចំដាក់ទឹកនិងចំណីឲ្យវាស៊ីប្រចាំថ្ងៃ ដែលគួរតែប្រជាកសិករយើងគួរយកធ្វើជារបរបន្ទាប់បន្សំក្រៅពីធ្វើស្រែចម្ការ ទើបជីវភាពយើងទាំងអស់គ្នា បានល្អប្រសើរ។ ខណៈការចំណាយដើមទៅលើចំណីមិនសូវចំណាយច្រើនប៉ុន្មានទេ ក្នុងមួយថ្ងៃយើងចំណាយត្រឹមតែ០២ប៊ីដុងតែប៉ុណ្ណោះ សម្រាប់មាន់ទាំង៦០០ក្បាលរបស់លោកដោយរួមផ្សំជាមួយបន្លែមកចិញ្ច្រាំលាយខ្លះ ដើម្បីឲ្យមាន់មានសារជាតិធម្មជាតិ។ លោកក៏បានបន្ថែមថា បច្ចុប្បន្នចំណូលតាមរយៈមុខរបរនេះ សម្រាប់គ្រួសាររបស់លោកទទួលបានពី១០០០ដុល្លារទៅ១៥០០ដុល្លារក្នុង១ខែក្រៅពីទូទាត់ថ្លៃចំណាយទិញចំណីរួចរាល់៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ របៀបដាំស្រកានាគ និងខ្នុរក្នុងចម្ការតែមួយ ងាយស្រួលថែទាំប្រមូលផល