Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កង​ភូមិន្ទ​ថៃ នៅ​រាជធានី​បាងកក

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក នៃ​កង​ភូមិន្ទ​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jitkaewtae) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ភូមិន្ទ​ថៃ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​២ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រះរាជាណាចក្រ​ថៃ តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​មិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ប្រកបដោយ​កិត្តិយស ក្នុង​ការទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​បាន​រំឭក​ឡើងវិញ​អំពី​លទ្ធផល​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ រូប​ឯកឧត្តម​ផ្ទាល់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​។ ក្នុងនេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​កោតសរសើរ​អំពី​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក អំពី​ការអភិវឌ្ឍ​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុងដំណើរការ​បោះជំហាន​ជាក់ស្តែង​ទៅមុខ​គួរឱ្យកត់សម្គាល់​។

​ជាការ​ឆ្លើយតប ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ក្នុង “​ភាពជា​ដៃគូ​សន្តិភាព និង​វិបុលភាព​” និង​បាន​ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺជា​សក្ខីភាព​នៃ​ការបន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អជា​ប្រពៃណី និង​ប្រកបដោយ​អត្ថន័យ​សម្រាប់​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ក៏​កំពុង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ទាំង​ក្នុងដំណាក់កាល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដំណាក់កាល​នៃ​ការ​ងើប​ឡើងវិញ​ចេញពី​វិបត្តិ​នេះ​។

ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ សម​ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដូចជា ការកាប់​ឈើ​ខុសច្បាប់​, ចរាចរណ៍​គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស ក៏ដូចជា​ការរក្សាបាន​នូវ​ទំនាក់ទំនង​ការងារ​ជាប់​ជាប្រចាំ​រវាង​ថ្នាក់​យោធភូមិភាគ និង​កិច្ចសហការ​ផ្ទាល់​រវាង​អង្គភាព​ជួរមុខ ទោះបី​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ សំខាន់​ផងដែរ​នោះ នៅ​ចំពោះមុខ​ស្ថានការណ៍​ជាយថាហេតុ និង​គ្រោះមហន្តរាយ​ផ្សេងៗ កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ តែង​បាន​យកចិត្តទុកដាក់​សហកា​រ និង​ជួយ​គ្នា​ទៅវិញទៅមក​យ៉ាងសកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​មួយវិញទៀត សម​ភាគី​ទាំងពីរ ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​-ToR” រវាង​កងទ័ពជើងគោក​ទាំងពីរ ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាក់ស្តែង​ជាច្រើន​លើ​ការងារ​មួយចំនួន ជាអាទិ៍​៖ ការផ្លាស់ប្តូរ​អ្នកជំនាញ​, ការផ្លាស់ប្តូរ​ទស្សនកិច្ច​, ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការ​លោត​ឆត្រ​មិត្តភាព និង​ការរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម (Land Ex THACAM)​។​

​សម្រាប់​ទិសដៅ​ទៅមុខ សម​ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការបន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​រឹងមាំ និង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​កម្រិត​កងទ័ពជើងគោក និង​បណ្តា​កងឯកភាព​ចំណុះ ស្របទៅតាម​ខ្លឹមសារ​នៃ “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​-TOR” រវាង​កងទ័ពជើងគោក​ទាំងពីរ សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព មិត្តភាព ការទុកចិត្ត​គ្នា និង​ការ​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត ដែលជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ និង​កសាង​ប្រទេសជាតិ​ទាំងពីរ ឱ្យបាន​រីកចម្រើន​រុងរឿង​ទាំងអស់គ្នា នៅក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម