Connect with us

ព័ត៌មានជាតិ

កោះហៅ​បុគ្គល​ម្នាក់​ ប្រើប្រាស់​ឯកសណ្ឋាន​នគ​របាល​ជាតិ នៅក្នុង​ពិធី​ឡើង​គ្រូ និង​បំពេញ​បារមី​

បានផុស

នៅ

​ស្ត្រីឈ្មោះ ចិក ស្រីយ៉ាន់ ដែលពាក់ឯកសណ្ឋាននគរបាលជាតិ ក្នុងពិធីឡើងគ្រូ និងបំពេញ​បារ​មី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់កងកម្លាំងនគរបាលជាតិ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍​ឃុំ​ខ្នាត ស្រុក​ពួក ខេត្ដ​សៀមរាប កោះហៅមកបំភ្លឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាបបានចេញផ្សាយថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាប ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០​២០ វេលា​ម៉ោង​០៩​នឹង​១០​នាទី​ព្រឹក កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នាត នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​កោះហៅ​ឈ្មោះ ចិក ស្រី​យ៉ាន់ ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្ដ​សៀមរាប មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី ប្រើប្រាស់​ឯកសណ្ឋាន​នគ​របាល​ជាតិ នៅក្នុង​ពិធី​ឡើង​គ្រូ និង​បំពេញ​បារមី កាលពី​ថ្ងៃទី​០៩-១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប​។​

​ក្រោយពី​សាកសួរ ឈ្មោះ ចិក ស្រី​យ៉ាន់ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​យើង​ថា នៅក្នុង​អំឡុង​ឆ្នាំ​២០១២ ខ្លួន​បាន​ទៅ​ទិញ​ឯកសណ្ឋាន​នគរបាលជាតិ ពណ៌​ទឹកដោះគោ (​ដៃខ្លី​) ចំនួន​០១​កំ​ផ្លេ ពី​ផ្សារលើ​ធំថ្មី ក្រុង​សៀមរាប ក្នុងតម្លៃ​៥០០០០​រៀល និង​កាត់​ឯកសណ្ឋាន​ពេទ្យ ចំនួន​០១​កំ​ផ្លេ នៅ​ចំណុច​ផ្សារ​ពួក ក្នុងតម្លៃ​៦០០០០​រៀល ដើម្បី​យកមក​ថ្វាយ​គ្រូ (​ដាក់​លើ​អាសនៈ​) ។ លុះ​នៅ​ថ្ងៃទី​០៩-១០ ខែធ្នូ ឆ្នាំ​២០​២០ ដោយ​ឈ្មោះ រី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប ដែល​ត្រូវជា​កូនសិស្ស​របស់ខ្លួន បាន​ប្រារព្ធ​ធ្វើ​ពិធីបួងសួង និង​បំពេញ​បារមី ដោយមាន​អញ្ជើញ​ក្រុម​ភ្លេង​មកលេង​ថ្វាយ ហើយ​ក៏បាន​អញ្ជើញ​ខ្លួន និង​កូនសិស្ស​របស់ខ្លួន​សរុប​មាន​គ្នា​ចំនួន​១០​នាក់ ឲ្យ​មក​ចូលរួម​ក្នុង​ពិធីបួងសួង​នោះ​ផងដែរ​។​

​ក្នុង​ពិធីបួងសួង និង​បំពេញ​បារមី​នោះដែរ ខ្លួន​បាន​ស្លៀកពាក់​ឯកសណ្ឋាន​មន្ដ្រីនគរបាល​ជាតិ​រាំ​ថ្វាយ​ចំនួន​០២​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង​១៨:០០​នាទី ដល់​វេលា​ម៉ោង​២២:០០​នាទី និង លើក​ទី​២ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង​១២:០០​នាទី ដល់​វេលា​ម៉ោង​១៩:០០​នាទី ទើប​ចប់​។​

​ក្រោយពី​សាកសួរ​ត្រូវបាន​បញ្ចប់ កម្លាំង​សមត្ថកិច្ច​យើង​បាន​ដកហូត​ឯកសណ្ឋាន​នគរបាលជាតិ និង​ធ្វើ​ការអប់រំ​ណែនាំ ឲ្យ​បញ្ឈប់​សកម្មភាព ប្រើប្រាស់​ឯកសណ្ឋាន​នគ​របាល​ជាតិ ឬ​ឯកសណ្ឋាន​របស់​ស្ថាប័ន​ណាមួយ យកមក​ស្លៀកពាក់​រាំ​ក្នុង​ពិធី​ឡើង​គ្រូ ឬ​បួងសួង​បំពេញ​បារមី​តទៅទៀត​។ អាស្រ័យហេតុនេះ សូម​សាធារណៈជន​ទាំងអស់ ដែល​និយម​តាមដាន និង​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក មេ​ត្ដា​ជ្រាប ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម