ខណៈពេលដែលសម័យកាលឆ្ពោះទៅរកភាពជឿនលឿនយ៉ាងណាក្តី ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតែបន្តប្រកបមុខរបរតពីដូនតា ក្នុងការដាប់ថ្ម ផលិតត្បាល់កិនម្សៅ និងត្បាល់បុកគ្រឿង ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក សម ភី ដែលជាអ្នកប្រកបមុខរបរដាប់ថ្មតាំងពីជំនាន់ឪពុករបស់គាត់ បានឲ្យដឹងថា បច្ចុប្បន្នការដាប់ថ្មផលិតជាត្បាល់កិនម្សៅនេះ គឺក្នុង១សម្រាប់បានប្រាក់កម្រៃ ចំនួន១៦០០០រៀល ដោយគាត់ប្រើប្រាស់ម៉ូទ័រផង ផលិតបានតែ២សម្រាប់ប៉ុណ្ណោះក្នុង១ថ្ងៃ ព្រោះក្នុងរយៈពេល១ខែកន្លងមកនេះ គឺចរន្តអគ្គិសនីខ្សោយផង ដែលជាផលលំបាកមួយក្នុងការផលិត ផងដែរ។ ដោយឡែកលោក ហ៊ល រ៉េត បានឲ្យដឹងថា ការស៊ីឈ្នួលដាប់ថ្មត្បាល់បុកគ្រឿងនេះ ក្នុងត្បាល់១តម្លៃ២៥០០រៀល ដោយក្នុង១ថ្ងៃគាត់ផលិតបានចាប់ពី១០ទៅ១៥ត្បាល់។
ចំណែកលោកស្រី យ៉ុន ផល្លី បានឲ្យដឹងថា ការស៊ីឈ្នួលខាត់សំអាតត្បាល់បុកគ្រឿងនេះ គឺក្នុង១ត្បាល់១អាតូចតម្លៃ១២០០រៀល និងធំ៣០០០រៀល ដោយក្នុង១ថ្ងៃ គាត់ទាំង២នាក់ប្តីប្រពន្ធ សំអាតបានចាប់ពី៥០ទៅ៦០ត្បាល់។
ជួបជាមួយ លោក ឌី ដែលជាឈ្មួញកណ្ដាលម្នាក់ ដែលរស់នៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន នេះដែរ បានឲ្យដឹងថា ការប្រកបមុខរបរនេះ ដំបូងគឺគេត្រូវទិញថ្មមកពីតំបន់មួយ ស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ និងតំបន់ទំនប់តាកុច ស្ថិតនៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលគេផលិតជារូបរាងត្បាល់កិនម្សៅ ក្នុង១សម្រាប់ តម្លៃ១០០០០រៀល និងជួលឲ្យគេផលិត១សម្រាប់ តម្លៃ១៦០០០រៀល ហើយម៉ូយមកទិញដល់ផ្ទះ ក្នុង១សម្រាប់បានតម្លៃ៣០០០០រៀល។ ចំពោះត្បាល់បុកគ្រឿង ជួលឲ្យគេផលិតរួចរាល់ ក្នុង១សម្រាប់ តម្លៃ៩៥០០រៀល និងលក់បន្តឲ្យម៉ូយក្នុង១សម្រាប់ អាតូចតម្លៃ១២០០០រៀល ផងដែរ ៕
អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ តម្បាញខ្មែរ កន្ទេលកក់ស្ទើរតែបាត់បង់ ព្រោះគ្មានទីផ្សារគាំទ្រ