Connect with us

ព័ត៌មានជាតិ

កម្ពុជា​កំពុង​ត្រៀម​ផ្តល់​ជំនួយ​ជា​សម្ភារៈ និង​បរិក្ខារ​ប្រឆាំង​កូ​វីដ​-១៩ ទៅ​ឲ្យ​ប្រទេស​នេប៉ាល់​

បានផុស

នៅ

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា កម្ពុជា​កំពុង​ត្រៀម​ផ្តល់​ជំនួយ​ជា​សម្ភារៈ និង​បរិក្ខារ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ទៅ​ឲ្យ​ប្រទេស​នេ​ប៉ាល់ ដោយសា​រតែ​ប្រទេស​នេះ ឆ្លង​ច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៏​តាម​សារ​ពិសេស ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ នេះ​ថា “​ពេលនេះ​យើង​កំពុង​ត្រៀម​ផ្តល់​ទៅ​ឲ្យ​នេ​ប៉ាល់​ទៀត គឺ​កំពុង​ធ្វើលិខិត​ទៅ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ដោយសារ​តែ​ឃើញ​ប្រទេស​នេ​ប៉ាល់​ឆ្លង​ច្រើនពេក ហើយ​ពេលនេះ​កំពុង​ត្រៀម​បញ្ជូន​ជំនួយ​ទៅកាន់​ប្រទេស​នេ​ប៉ាល់ ហើយ​របៀប​ផ្តល់ជំនួយ​របស់​កម្ពុជា មិន​ចាំបាច់​ឲ្យ​គេ​រវល់​ទេ គឺ​ដឹក​យក​ទៅដល់​តែម្តង​។ យើង​ជា​អ្នក​ក្រីក្រ​មិនអាច​ជួយ​អ្នកមាន​ទេ យើង​ជួយ​អ្នកក្រ​ដូចគ្នា​សិន​”​។​

​បើតាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កន្លងមក​កម្ពុជា​បានផ្តល់​ជំនួយ​ជា​សម្ភារៈ និង​បរិក្ខា​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ទៅ​ឲ្យ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ឡេស ហើយ​ក៏​មាន​អ្នកខ្លះ​ឌឺដង​ថា គិត​ប្រជាជន​ខ្លួនឯង​មិនបាន​ផង ទៅ​គិត​អ្នកដទៃ​។​ ​ចំណុច​នេះ​សម្តេច​បញ្ជាក់ថា កន្លងមក​យើង​បានផ្តល់​ជំនួយ​ទៅ​ឲ្យ​បរទេស​ធំ​ជាង​នេះ​ច្រើនដង ដោយ​ផ្តល់​ទាំង​សាច់ឈាម និង​អាយុជីវិត​ទៀតផង គឺ​ការផ្តល់​កងទ័ព​ទៅ​ជួយ​ប្រទេស​ជា​មិត្ត ហើយ​ពេលនេះ​នៅ​ហ្វ្រិ​ក​កណ្តាល​កំពុង​រៀបចំ​បោះឆ្នោត ក៏មាន​កងទ័ព​កម្ពុជា​នៅ​ទីនោះ​ដែរ កំពុង​ប្រយុទ្ធ​តទល់​ជាមួយ​ពួក​ឧទ្ទាម​។ សម្តេច​អះអាងថា នៅ​ហ្វ្រិ​ក​កណ្តាល នៅ​ប្រទេស​ម៉ាលី នៅ​ប្រទេស​ស៊ូ​ង​ដង់​ខាងត្បូង និង​នៅ​ប្រទេស​លីបង់ នាយទាហាន ពលទាហាន​របស់​យើង​ក៏​ធ្លាប់​ពលិកម្ម​ផង​ដែរ​។​

​សូមបញ្ជាក់ថា កន្លងមក​កម្ពុជា ធ្លាប់បាន​ផ្តល់​ម៉ាស់ និង​សម្ភារៈ បរិក្ខារ​ប្រឆាំង​កូ​វីដ​-១៩ ទៅ​ឲ្យ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ឡេស​ផងដែរ ដែល​ក្នុងនោះ ជូន​រដ្ឋាភិបាល​ឡាវ​រួមមាន​៖ ម៉ាស​ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ១០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វ៉ែនតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កម្ដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ដែល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្ល​រ៉ា​មីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ​, សាប៊ូ​លាងដៃ ២​ពាន់​គូ និង​ម៉ាស​ក្រណាត់​១០​ម៉ឺន​ផងដែរ ហើយ​ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកយក​ទៅជូន​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ចំណែក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កម្ពុជា​បានផ្តល់​ម៉ាស់​ក្រណាត់ ចំនួន​២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ហើយ​ត្រូវបាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដឹកយក​ទៅជូន នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ប្រើ​ជើងយន្តហោះ​ពិសេស​ចំនួន​៣​គ្រឿង​។​

​ដោយឡែក​ប្រទេស​ទី​ម័​រ​ខាងកើត កម្ពុជា​បានផ្តល់​ម៉ាស់​ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារ​បរិក្ខារ​មួយចំនួនទៀត​ដូចជា វ៉ែនតា​សុវត្ថិភាព​, សម្លៀកបំពាក់​សុវត្ថិភាព​សម្រាប់​មន្ត្រី​សុខាភិបាល​, ឧបករណ៍​វាស់​កម្ដៅ​, របាំងមុខ​, ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម​សម្រាប់​ប្រ​យោធ​នក​ម្ម​, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ​, ស្បែកជើង​កវែង​សុវត្ថិភាព និង​សាប៊ូ​លាងដៃ​ជាដើម ហើយ​បាន​ដឹក​តាម​យន្តហោះ​ពិសេស​ចាក​ចេញពី​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៥​ព្រឹក នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​យកទៅ​ប្រគល់ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) ដឹកនាំ​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស​កម្ពុ​ជា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ច្រកទ្វារចំនួនបីសម្រាប់កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម