Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មកពី​ន័​រ​វ៉េ ​ផលិត​ខ្សែ​វីដេអូ​សម្រាប់​អប់រំ​ដល់​ពលរដ្ឋ​​កម្ពុជា​

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន MKInternational​ នៃ​ប្រទេស​ ន័​រ​វ៉េ​ ដើម្បី​អភិវឌ្ឍន៍​មាតិកា​អប់រំផលិត​និង​ផ្សព្វផ្សាយ​វីដេអូ​ចំនួន​៧២​វីដេអូ ​ក្រោមរូបភាព​ការអប់រំ​និង​ការ កម្សាន្ត​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផលិត​វីដេអូ​ទាំងនេះ ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា​ទូទៅ ដែលមាន​អាយុ​ចាប់ពី១២​ឆ្នាំ​ឡើងទៅ​ មិន​ថា​អ្នក​ដែលមាន​ឱកាស ឬ​គ្មានឱកាស ​ក្នុង​ការសិក្សា​នៅ​សាលា​រដ្ឋ​ឬ​បណ្តា​សាលា​ឯកជន​នានា ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​កិច្ចសហប្រតិបត្តិការ​ផលិត​មាតិកា​អប់រំ​ រវាង​ក្រសួង​អប់រំ យុវជននិង​កីឡា និង MKI Investment and DevelopmentCo., Ltd.​ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែធ្នូ​ឆ្នាំ​២០២០​ ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា និង​លោកស្រី ម៉ា​រី ខេ អ៊ីវ​ជេន អ៊ុ​ល​សុន ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​MKIនៅទីស្តីការ ក្រសួង​។​

​លោក បណ្ឌិត ហង់ជួន ណា​រ៉ុង មានប្រសាសន៍ថា​ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​នឹង​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន MKIប្រទេស ​ន័​រវេ ដែលជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ​ បានមក​វិនិ​យោគ​ក្នុង​ការផលិត​កម្មវិធី​វីដេអូ​ដ៏​សំបូរបែប​ ផ្តល់​ជា​ចំនេះដឹង​ក្នុងការ​រៀនសូត្រ​លើ​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ ដើម្បី​ជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង​ដោយ​មិនដឹង​ខ្លួន »​។​

​លោកស្រី ម៉ា​រី ខេ អ៊ីវ​ជេន អ៊ុ​ល​សុន ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន MKIបាន​មានប្រសាសន៍ថា​ខ្សែ​វីដេអូ​អប់រំ​នេះ​ មាន​គោលបំណង​ជំរុញ​ការចង់​ចេះ​ ចង់ដឹង​របស់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទូ​ទៅ​ព្រោះថា​ វីដេអូ​ដែល​គ្រោង​ផលិត​នេះ​ផ្តោ​ត​សំខាន់​ទៅលើ​ប្រធានបទ​ផ្សេងៗ​ដូចជា សុខភាព អា​ហារ​រូបត្ថម្ភ​ វិទ្យាសាស្ត្រ​ធម្មជាតិ​ បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ​សុខាភិបាល ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​ និង​អរិយធម៌​ដ៏យូរលង់​របស់​មនុស្សជាតិ​មានដូចជា ទស្សនៈ​វិទ្យា សង្គមវិទ្យា ចិត្ត​វិទ្យា​

​និង​វប្បធម៌​ផ្សេងៗ​ក្នុង​ពិភពលោក​មានដូចជា អក្សរសាស្ត្រ ​ដូរ្យតន្ត្រី​ សិល្បៈ​ និង​ភាពយន្ត​។​ល​។​

​គួរ​បញ្ជាក់ថា ​វីដេអូ​ដែល​បាន​ផលិត​នឹង​ផ្តល់ជូន​ដោយ​អត់​គិតថ្លៃ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក យូ​ធូប​ និង​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និករ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​

​ដែលមាន​អ្នកទស្សនា​ជាង​បី​លាន​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម