Connect with us

ព័ត៌មានជាតិ

ចងចាំស្នាដៃ​ធំៗ​លោក ឃឹម ហ្វីណង់ ជិត​ ៣ ឆ្នាំ​ដឹកនាំ​ស្រុក​បន្ទាយស្រី

បានផុស

នៅ

ជិត ៣ ឆ្នាំ ក្នុង​មុខ​តំណែង​ លោក ឃឹម ហ្វីណង់​ បាន​ដឹកនាំ​ស្រុកបន្ទាយស្រីក្លាយជាស្រុកគំរូមួយក្នុងខេត្តសៀមរាប។
យុវជនវ័យក្មេង​និងជាបញ្ញវន្តវ័យ​បញ្ចប់ការសិក្សាពី​អាមេរិក សាធារណជននិងប្រជាពលរដ្ឋទូទៅ​ចាប់ផ្តើម​ស្គាល់​​លោក ឃឹម ហ្វីណង់ តាមរយៈការ​​គម្រោង​អភិវឌ្ឍ​ឥត​ឈប់ឈរ​នៅ​ស្រុក​បន្ទាយស្រី។

តើ​សមិទ្ធផល​អី​ខ្លះ​ដែលមន្រ្តី​វ័យ​ក្មេង​លោក ឃឹម ហ្វីណង់ សម្រេច​បានក្នុង​ពេល​ជិត ៣ ឆ្នាំ ក្នុងការ​ដឹកនាំ​ក្នុង​ស្រុក​បន្ទាយស្រី?

បើកយុទ្ធនាការផ្ទះមួយអំពូលមួយ

ក្រោមគំនិតផ្តួចផ្តើម លោក​ ឃឹម ហ្វីណង់ បានបើក​យុទ្ធនាការ “ផ្ទះ១ អំពូល១” នៅចុងឆ្នាំ ២០១៩ ដោយបំពាក់អំពូលសូឡាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ យុទ្ធនាការ​នេះ​បាន​​អនុវត្ត​មុន​គេ​នៅ​ភូមិព្រះដាក់ ដែល​ជាភូមិធំជាងគេនៅក្នុងស្រុកបន្ទាយស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ «ផ្ទះ១អំពូល១» បាន​បង្កើត​​ការ​ចាប់​អារម្មណ៍​ពី​មហាជន ហើយទទួល​បានការ​​ចូលរួមគាំទ្រ​យ៉ាង​ផុលផុស។ តាំងពីបើកយុទ្ធនាការ« ផ្ទះ១អំពូល១» អនុវត្ត​បាន​​ជិត ២០ ភូមិ ​លើ ០៦ ឃុំ និងកំពុង​​បន្តរៀបចំ​នៅ​តាម​បណ្តា​ភូមិ​​​ផ្សេងទៀត​ទូទាំង​ស្រុក។

កែប្រែមុខមាត់រង្វង់មូលបន្ទាយស្រី

ធ្លាប់ជាទីវាលស្មៅសោះកក្រោះបោះបង់ចោល ដោយពុំមានការថែទាំដិតដល់ រង្វង់មូលបន្ទាយស្រីបានក្លាយជាតំបន់ទេសចរណ៍ថ្មី​ដ៏ទាក់ទាញនៅស្រុក​បន្ទាយស្រី។

រង្វង់​មូល​​បន្ទាយស្រី គឺជា​រង្វង់​មូល​មួយ​ធំ​ជា​គេ​នៅ​កម្ពុជា​ មាន​ទំហំ​ជិត ២ ហិកតា ស្ថិតនៅតំបន់ផ្លូវប្រសព្វឡើងទៅភ្នំគូលែន។

រដ្ឋបាល​ស្រុក​បន្ទាយស្រី​ បាន​ក្រែប្រែ​ទីតាំង​ដែល​ធ្លាប់​​ជា​​កន្លែង​ចង​គោក្របី​របស់អ្នកស្រុក ហើយ​ដែល​ទេសចរ​ភាគ​ច្រើន​ជិះហួសទៅ​ហួស​​​ប្រែក្លាយទៅជាសួនផ្កាដ៏ស្រស់ស្អាត និង​ក្រោយមក​កែប្រែ​ទៅជា​រង្វង់មូលវាលស្រែ​​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត។

រៀបចំ «សហគមន៍ស្វ័យគ្រប់គ្រង»

លោក ឃឹម ហ្វីណង់ បានជំរុញចលនា​ «សហគមន៍ស្វ័យគ្រប់គ្រង» ដើម្បីឱ្យពលរដ្ឋម្ចាស់ការលើ​ការគ្រប់គ្រងសំរាមក្នុងមូលដ្ឋាន។

«សហគមន៍ស្វ័យគ្រប់គ្រង» បង្កើតឡើងដើម្បីឲ្យពលរដ្ឋអាចស្វ័យគ្រប់គ្រងសំរាម តាមរយៈបំផុសចលនាតាមផ្ទះពលរដ្ឋនីមួយៗ គ្មានសំរាម ឬកាកសំណល់ នៅក្រៅធុងសំរាម។ គម្រោងនេះបានអនុវត្តយ៉ាងជោគជ័យនៅភូមិព្រះដាក់ និង​បាន​បន្តអនុវត្ត​នៅឃុំគោលដៅមួយចំនួនទៀតនៅស្រុកបន្ទាយស្រី។

បើកយុទ្ធនាការគ្មានថង់បា្លស្ទិក

រដ្ឋបាលស្រុកបន្ទាយស្រីដែល​មាន​លោក ឃឹម ហ្វីណង់ ជា​អភិបាល​ស្រុក បានបើកយុទ្ធនាការ “គ្មានថង់ប្លាស្ទិក” ដោយបង្វែរឱ្យអាជីវករលក់ដូរ ងាកមកប្រើស្លឹកឈូក និងស្លឹកចេក សម្រាប់ការវេចខ្ចប់ ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិក និងលើកកម្ពស់បរិស្ថាន។

យុទ្ធនាការ​រយៈពេលពេញ ១ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៧ ខែមេសា ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីតែម្តង។

ការ​សម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសារសង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសម្បកវេចខ្ចប់ប្លាស្ទិកនេះតែម្តង ដែលភាគច្រើនត្រូវបាន​បោះចោល​រាយប៉ាយយ៉ាងឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានា។

បង្កើតឡដុតសំរាម

ឡដុតសំរាម បាន​រៀបចំជា​លើកដំបូងនៅស្រុកបន្ទាយស្រី។ សំរាមជាច្រើនតោនមកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានប្រមូលយកមកដុតនៅក្នុងទីលានឡដុតសំរាមដែល​រៀបចំ​ដោយ​អាជ្ញាធរ។

តាមរយៈឡដុតសំរាមនេះ ប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ឬដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ គឺ​អាច​យកមក​ដាក់​នៅ ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” នៅតាមភូមិរបស់ខ្លួននីមួយៗ រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។

បង្កើត​គម្រោង «ស្រែសង្គម»

«ស្រែសង្គម» គឺជាគម្រោងស្រែរួមមួយដែលផ្ដួចផ្ដើមគំនិតឡើងដោយរដ្ឋបាលខេត្តបន្ទាយស្រី ដែលមានផ្ទៃដីស្រែប្រមាណ ៤០ហិចតា វាជាស្រែ ដែលប្រជាពលរដ្ឋម្ចាស់ដី ចំនួន៨៧គ្រួសារ បានយល់ព្រមផ្តល់អោយរដ្ឋបាលស្រុកបន្ទាយស្រីប្រើប្រាស់ក្នុងការធ្វើស្រែចំនួន ២ដង ក្នុងគោលបំណង យកស្រូវអង្ករទាំងនេះសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះក្នុងវិបត្តិនៃជំងឺកូវីត១៩ ។

”ស្រែសង្គម” ខុសប្លែកពីសហគមន៍កសិកម្មបន្តិចត្រង់ថា វាមិនមែនដើម្បីប្រាក់ចំណេញ ធ្វើឡើងក្នុងគោលដៅសង្គម និងមនុស្សធម៌។ ចំណែកឯការចំណាយទៅលើគម្រោងនេះទាំងមូល ទទួលបានការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងស្រុង ក្រោមការសម្របសម្រួលរបស់រដ្ឋបាលស្រុកបន្ទាយស្រី។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបញ្ជាក់ថា គម្រោង“ ស្រែសង្គម” មិនមែនដើម្បីប្រាក់ចំណេញនោះឡើយ ប៉ុន្តែដើម្បីគោលដៅសង្គម និងមនុស្សធម៌ទាំងស្រុង។ ហេតុផលចម្បង គឺការបង្កើតលទ្ធភាពរួមចំណែកឲ្យរដ្ឋបាលស្រុក អាចជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះពីកូវីដ-១៩។

បិទអាជីវកម្មទិញ-លក់ សាច់សុនខ

ការ​ធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាពនៅក្នុងស្រុកបន្ទាយស្រី ត្រូវ​បាន​ហាមឃាត់។ ស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប។ ការហាមឃាត់ការជួញដូរសាច់ឆ្កែនេះ ដើម្បី​លើកកម្ពស់សុខមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ជៀសវាងការឆ្លងរាលដាលជម្ងឺផេ្សងៗ។

ប្រែក្លាយផ្លូវដី​តាម​ភូមិ​ទៅ​ជា​ផ្លូវ​បេតុង ក្រោមយុទ្ធនាការ «បេតុង+បៃតង»

ក្នុងរយៈពេលជិត ៣ ឆ្នាំក្នុងតំណែង លោកឃឹម ហ្វីណង់ បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ​​​ក្នុង​មូលដ្ឋាន​ជាផ្លូវបេតុងក្រោមយុទ្ធនាការ «បេតុង+បៃតង»។ កន្លែងដែលធ្លាប់តែមានដីហុយ ពិបាកសូម្បីតែដកដង្ហើមនោះ បានប្រែក្លាយទៅជាផ្លូវដ៏ស្រស់ស្អាត។

​លោក ឃឹម ហ្វីណង់ ដាក់​ក្តី​រំពឹងទុក​ថា ដោយសារ​ល្បឿននៃការអភិវឌ្ឍ​មិនដល់ ៥ ឆ្នាំទៀតទេគ្រប់ទីប្រជុំជនភូមិសំខាន់ៗដែលមានមនុស្សរស់នៅច្រើន និងមានអ្នកទេសចរណ៍ឆ្លងកាត់ញឹកញាប់ក្នុងស្រុកបន្ទាយស្រី នឹងត្រូវបានគ្របដណ្តប់ទៅដោយផ្លូវបេតុងនិងផ្លូវកៅស៊ូទាំងអស់។

រៀបចំឯកសណ្ឋានថ្មីដល់មន្រ្តីរដ្ឋបាល​ស្រុក

ក្រោមទិសស្លោក ឯកសណ្ឋានតំណាងឲ្យ វិន័យ ភាពម៉ឺងមាត់ លោក ឃឹម ហ្វីណង់ បានរៀបចំឯកសណ្ឋានថ្មីជូនមន្ត្រីរដ្ឋបាលស្រុក​បន្ទាយស្រី។

ការ​ប្រើប្រាស់ឯកសណ្ឋានថ្មី​នេះ ឆ្លុះ​បញ្ចាំងពី​ក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ និងឯកសណ្ឋានតំណាងឲ្យភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ។

លោក​ឃឹម ហ្វីណង់​បាន​អះអាង នឹង​ស្លៀកពាក់​ឯកសណ្ឋាន​ថ្មីនេះ​មិនថា​នៅ​​កន្លែង​បំពេញតួនាទី និងពេល​ចុះទៅ​​បម្រើ​សេវាជូនប្រជាពលរដ្ឋ​ក្នុង​​មូលដ្ឋាន។

បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

ស្រុកបន្ទាយស្រីនឹង​បញ្ចប់ការ​បន្ទោរ​បង់​ពាសវាលពាសកាល ហើយ​មានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ។

អត្រាមានបង្គន់អនាម័យប្រើប្រាស់នៅក្នុងស្រុកបន្ទាយស្រីនឹងកើនឡើងពីក្រោម ៧០% ទៅដល់ ១០០% ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ ជាពិសេសការចូលរួមទូលំទូលាយពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល។

ជួយដោះស្រាយបញ្ហាទឹក នៅភូមិក្រីក្រជាងគេនៅស្រុកបន្ទាយស្រី

ត្រពាំងថ្ម​ជា​ភូមិក្រីក្រជាងគេមួយក្នុងស្រុកបន្ទាយស្រី។ តំបន់នេះគ្មានប្រភពទឹកទាល់តែសោះក្រៅពីទឹកភ្លៀង ហើយការខ្វះខាតទឹក ធ្លាប់មានដល់កម្រិតធ្ងន់ធ្ងរខ្លាំង រហូតត្រូវដឹកជញ្ជូនទឹកជូនកាលពីឆ្នាំ២០១៥។ ចាប់ពី​ឆ្នាំ ២០២០ ដោយសារ​មាន​ស្វះស្វែងរកជំនួយពីសប្បុរសជន បាន​ជីក​អណ្តូងទឹក និងជីកស្រះទឹកជូនប្រជាពលរដ្ឋ ឆ្លើយតបការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិតធំ។

ឃុំរំចេកទាំងមូល នឹងលែងមានផ្ទះស្លឹកទៀតហើយ

ផ្ទះដំបូលស្លឹកឬផ្ទះប្រក់ស្បូវទាំងអស់នៅក្នុងឃុំរំចេកក្នុងស្រុកបន្ទាយស្រី នឹង​ត្រូវ​ជំនួសដោយ​សង្កសី រឹងមាំ​ប្រើប្រាស់

ឃុំរំចេកក្នុង​ស្រុក​បន្ទាយស្រី​នៅមានផ្ទះចំនួន៧០ខ្នង ដែលនៅប្រក់ស្លឹក ឬស្បូវនៅឡើយ ភាគច្រើន​គឺជាគ្រួសារទីទ័លក្រ និងមានជីវភាពលំបាក។ យ៉ាងណា​តាមកា​រអំពាវនាវ​របស់​រដ្ឋបាល​ស្រុកបន្ទាយ​ស្រី បាននទទួលការ​គាំទ្រ​ពី​ក្រុម​ការងារ​​ចុះ​ជួយ​ស្រុក​បន្ទាយស្រី ក្នុង​ការជួយកែប្រែលំនៅដ្ឋានជូនប្រជាពលរដ្ឋនឹង​ប្រែក្លាយឲ្យទៅជាផ្ទះប្រក់ស័ង្កសីទាំងអស់។

ដាក់គោលដៅ​ស្រុកបន្ទាយស្រី ជាតំបន់នាំបន្លែទៅផ្គត់ផ្គង់ក្នុងខេត្តសៀមរាប

ក្នុងមួយឆ្នាំៗ ខេត្តសៀមរាបបាន​នាំ​ចូល​បន្លែសាច់ផ្លែឈើប្រហែល ៨០% ពីខេត្តដទៃឬប្រទេសដទៃ។ ​ស្រុកបន្ទាយស្រីដែលនៅកៀកនឹងក្រុងសៀមរាប លោក ឃឹម ហ្វីណង់ ដាក់គោលដៅ​យក​​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​ជា​ប្រភព​ក្នុង​ការ​ផលិត​បន្លែ​សាច់​ផ្គត់ផ្គង់ដល់​ខេត្ត​សៀមរាប។

ប្រែក្លាយស្រុកបន្ទាយស្រីជាក្រុងទេសចរណ៍ទី ២ បន្ទាប់ពីក្រុងសៀមរាប

គោលដៅដ៏ធំរបស់លោកឃឹម ហ្វីណង់ ចង់ប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជាក្រុងទេសចរណ៍ទី ២ បន្ទាប់ពីក្រុងសៀមរាប។ លោកមើលឃើញគឺវិស័យទេសចរណ៍ ជាសក្ដានុពលធំជាងគេរបស់ស្រុកបន្ទាយស្រី ហើយស្រុកបន្ទាយស្រីមានចំណុចពិសេសច្រើនពាកព័ន្ធដោយក្នុងនោះមានប្រាសាទដ៏ល្អវិសេស និងតំបន់ទេសចរណ៍បែបវប្បធម៌សម្បូរបែប រួមទាំងតំបន់ទេសចរណ៍បែបសហគមន៍ជាច្រើនទៀត ដែលកំពុងស្រូបទាក់ទាញភ្ញៀវទេសចរទៅទស្សនា។

គួរបញ្ជាក់ថា លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងតំណែងជាអភិបាលរងខេត្តសៀមរាប តាមរយៈអនុក្រឹត្យតែងតែមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០ សីហា ២០២២។

លោក ឃឹម ហ្វីណង់ ជាកូនប្រុស លោក ឃឹម ប៊ុនសុង បាន​ទទួលកា​រតែងតាំង​ជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៩។ បន្ទាប់ពីក្លាយជាអភិបាលស្រុកដែលស្ថិតក្នុងភាពជាយុវជននោះ លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋក្នុងមូលដ្ឋានដោយសារតែប្រជាប្រិយភាពរបស់លោកក្នុងការបម្រើពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម