Connect with us

ព័ត៌មានជាតិ

វេទិកា​សាធារណៈ​ថ្នាក់​រាជធានី ១​ថ្ងៃ​ធ្វើឡើង​នៅក្នុង​ខណ្ឌ​ចំនួន​២ តែ​ប្រជាពលរដ្ឋ​មិនបាន​លើកឡើង​ពី​កង្វល់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​នោះទេ

បានផុស

នៅ

ភ្នំពេញ ​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០​ធ្នូ​នេះ​បាន​ធ្វើ​ឡើង​ទាំង​ព្រឹក​និង​ល្ងាច ពោល​គឺ​ពេលព្រឹក​បាន​ធ្វើ​ឡើង​នៅក្នុង​ខណ្ឌចំការមន និង​ពេល​ល្ងាច​ធ្វើឡើង​នៅ​ខណ្ឌ​ច្បារអំពៅ។ ប៉ុន្តែ​អ្វី​ដែល​ជាការ​ចាប់អារម្មណ៍​នោះ ក្នុង​វេទិកា​សាធារណ​ទាំង​២​ខណ្ឌ​នេះ​ប្រជាពលរដ្ឋ​មិនបាន​លើកឡើង​ពី​កង្វល់​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ ដើម្បី​ឲ្យ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​ជួយ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់​សុំ​តែ​ម្យ៉ាង​គឺ ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​កង្វល់​របស់​ពួកគាត់​ពាន់​ព័ន្ធ​នឹង​ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​មូលដ្ឋាន​ដែល​មាន​ដូចជា​ការ​ស្ថាបនា​ផ្លូវ លូ ប្រឡាយ និង​ការដាក់​ភ្លើង​បំភ្លឺ​សាធារណៈ​ជាដើម​។

វេទិកាសាធារណៈ​នៅពេល​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​នេះ​បាន​ធ្វើឡើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ ចំការមន​ដែល​
​មាន​ទីតាំងនៅ​សាលាខណ្ឌ​ចំការមន ក្រោម​អធិបតីភាព លោកប៉ា សុជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ហើយ​ពេល​ល្ងាច​ធ្វើឡើង​នៅ​ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស​និង​លោក​ហួត ហៃ​អភិបាលរង​រាជធានី​ភ្នំពេញ។

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើឡើង​នៅ​ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃ​៣០​ធ្នូ ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បន្ត​ជួយ​ដោះស្រាយ លើ​បញ្ហា​ជួស​ផ្លូវ​សំបុ​ក្រ​មាន់ នៅ​តាម​សង្កាត់​មួយចំនួន បញ្ហា​ប្រព័ន្ធ​លូ ការ​កាត់​បណ្តាញ​អគ្គិសនី​ដែល​មិន​រៀបរយ​តាម​ដងផ្លូវ កាត់​លះ​មែកឈើ ស្តា​ប្រឡាយ​បឹងត្របែក​ឱ្យ​ចរន្តទឹក​ហូរ​ទៅ​ស្ថានីយ​បាន​លឿន និង​ស្នើសុំ​បង្គោល​ភ្លើង​ជាដើម​។

ចំណែក​វេទិកាសាធារណៈ​ដែល​បានធ្វើ​ឡើង ល្ងាច​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២០​នៅ​ខណ្ឌ​ច្បារអំពៅ ប្រជាពលរដ្ឋ​បានលើកឡើង​ពី​ការ​សុំ​ការពង្រីក​តួ​ស្ពាន​ការ​សុំ​ធ្វើ​ទ្វា​ទឹក ដើម្បី​ងាយស្រួល​បើក បិទ​ទឹក ការសុំ​ដាក់​អំពូល​ភ្លើង បង្គោល​ភ្លើង​សាធារណៈ​ជាមួយនឹង​ការសុំ​ការស្ថាបនា លូ​និង​ទឹកស្អាត​ផងដែរ។

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស បាន​ចាត់​ទុក​ការផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន គឺជា​តួនាទី​ភារកិច្ច របស់​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បំពេញ​និង​បម្រើ​ដោយ​ឥត​លក្ខខណ្ឌ ស្របតាម​ការណែនាំ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​មន្ត្រី​បំរើ​រាស្ត្រ​ដោយស្មោះ​ត្រង់ និង​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​។

លោក ប៉ា សុជាតិ​វង្ស បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ រាប់​តាំងពី​មន្ត្រី​រដ្ឋបាល​ខណ្ឌ សង្កាត់​ត្រូវ​បន្ត​យកចិត្តទុកដាក់ ចុះ​បំពេញ​តួនាទី​ភារកិច្ច និង​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​គ្រប់គ្រង​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៍​នៅ​មូលដ្ឋាន ដើម្បីឱ្យ​អាជ្ញា​ធរមាន​ដឹងលឺ និង​រក​យន្តការ​ដោះស្រាយ​ជូន​។ សម្រាប់​ការចូលរួម​មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​របស់ខ្លួន​ពេលកន្លងមក ដើម្បី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​តំណាង​ឲ្យ​រដ្ឋបាល​សាធារណៈ​។

សូម​បញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំបេញ ត្រូវ​បាន​ធ្វើ ឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌៗ ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​វេទិកា​នេះ បាន​ចំនួន​១៣​ខណ្ឌ​មក​ហើយ រួម​ទាំង​ខណ្ឌចំការមន​នេះ នៅ​សល់​តែ​១​ខណ្ឌ​ទៀត​នឹង​បញ្ចប់ ដូច្នេះ រាល់​កង្វល់ សំណូមពរ​និង​សំណើ​របស់​ប្រជាពលរដ្ឋ នឹង​ត្រូវបាន​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់ សម្រាប់​ឆ្នាំ​២០២០​នេះ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម