Connect with us

ព័ត៌មានជាតិ

ជំនន់​ទឹកភ្លៀង​បង្ក​ផល​ប៉ះពាល់​ដីស្រែ​ស្រូវ​ប្រជាពលរដ្ឋ​ ជាង​៨​ពាន់​ហិកតា​នៅក្នុង​ខេត្តតាកែវ

បានផុស

នៅ

តាកែវ ​៖ លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តតាកែវ បាន​ថ្លែងប្រាប់​ប្រតិភូ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចុះ​មក​សិក្សា​វាយតម្លៃ​ផលដំណាំ​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង នៅ​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃ ទី​១២ ខែតុលា ឆ្នាំ​២០២២ ថា ទូទាំង​ខេត្តតាកែវ​ទាំងមូល​មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ប្រមាណ​ជាង​៨​ពាន់​ហិកតា​ បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ភ្លៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តតាកែវ​បាន​បន្ត​ថា ផ្ទៃដី​ប៉ះពាល់​ដោយសារ​ទឹកជំនន់ សរុប​ចំនួន ៨២៨៣​ហិកតា មាននៅ​ក្នុងស្រុក​ត្រាំកក់ ស្រុក​សំរោង និង​ស្រុក​អង្គរ​បូរី ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ដើមរដូវ​វស្សា ៧៩៩៨​ហិកតា (​សង្គ្រោះបាន ១០០%) និង​ចុងរដូវ​វស្សា មាន​ចំនួន ២៦​ហិកតា សង្គ្រោះបាន ៧​ហិកតា នៅ​ស្រុក​គិរីវង់ និង ១៩​ហិកតា នៅ​ស្រុក​ត្រាំកក់ រីឯ​ខូចខាត​ទាំងស្រុង មាន​ចំនួន ៨​ហិកតា ដែល​ត្រូវការ​ពូជស្រូវ​ផ្ដល់​ជូន​ពលរដ្ឋ ៨០០​គីឡូក្រាម​។

ដោយឡែក​ចំពោះ​ការការពារ និង​សង្គ្រោះ​សត្វពាហនៈ ខាង​មន្ត្រី​ជំនាញ​បាន​ត្រៀម​ទី​ទួល​សុវត្ថិភាព នៅក្នុង​ស្រុក​មួយចំនួន​ដើម្បី​ជួយសង្គ្រោះ​ផងដែរ​។

ថ្លែង​នៅក្នុង​ឱកាស​នោះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោកជំទាវ ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏បាន​ធ្វើការ​ណែនាំ ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ចុះ​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ដំ​ណាំ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ភ្លៀង​ឲ្យ​បាន​ច្បាស់លាស់​និង​ត្រូវ​ត្រៀមលក្ខណៈ​ចុះ​ជួយ​ដោះស្រាយ និង​សង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ឱ្យបាន​ទាន់ពេលវេលា និង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រៀម​ផ្តល់​ពូជស្រូវ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ស្តារ និង​សង្គ្រោះ​ឡើងវិញ​ឲ្យ​ទាន់ពេលវេលា ពិសេស​ស្រុក​ដែល​រងគ្រោះ​ខ្លាំងជាងគេ។

ដោយឡែក បើ​យោងតាម​លោក ប្រាក់ ឃាង មេភូមិ​ស្លា ឃុំ​លាយ​បូ ស្រុក​ត្រាំកក់​បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​ភូមិ​របស់លោក​មាន​ប្រជាកសិករ​ប្រមាណ​ជាង​៦០​គ្រូ​សារ ដែល​មាន​ផ្ទៃដី​ស្រែ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ភ្លៀង​ចំនួន​១៩​ហិកតា ហើយ​បាន​ខូចខាត​ទាំងស្រុង​ចំនួន​៨​ហិកតា​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម