Connect with us

ព័ត៌មានជាតិ

នារី​រងគ្រោះ សុំ​ឲ្យ​តុលាការ ព​ន្លឿ​ន​ការដោះស្រាយ លើ​សំណុំ​រឿង​ឆបោក

បានផុស

នៅ

បាត់ដំបង ៖ នារីរងគ្រោះ​ម្នាក់ ជាអតីត​នារី​ខារ៉ាអូខេ ត្រូវ​បាន​ស្វាមី​អត់​ខាន់ស្លា​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​លុយ យក​ប្លង់ដី​របស់​នាង​យក​ទៅ​លក់ ក្រោម​លេស​ថា ដាក់បញ្ចាំ​ដោយ​មិន​អស់​ការប្រាក់ ដើម្បី​យក​មក​សាងសង់​ផ្ទះ​បង្ហើយ ដោយសារតែ​នាង​មិន​យល់​អំពី​ផ្លូវច្បាប់​ផង ទើប​ចាញ់បោក។

នារីរងគ្រោះ​មានឈ្មោះ សួន ស្រីនាត អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ដី​លំនៅឋាន​នេះ នាង​បាន​សន្សំ​លុយ​ទិញ​ពី​លោក ប៉ុល ប៊ុណ្ណា​រ៉ា និង អ្នកស្រី អ៊ុ ផល្លា​រី កាលពី​អំឡុង ឆ្នាំ​២០១៤ ក្នុង​តម្លៃ ២២០០០ដុល្លារ ព្រមទាំង​បាន​សាង​សង់ផ្ទះ​អស់ប្រាក់​ជាង ៤ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដោយ​មិន​ទាន់​រួច​ជា​ស្ថាពរ​នៅឡើយ។

នារី​រងគ្រោះ​បាន​និយាយប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២០ នេះ​ថា កាលណោះ​នាង​ជា​ស្រី​បម្រើ​នៅក្នុង​ខារ៉ាអូខេ​មួយ​កន្លែង ហើយក៏​ត្រូវ​បាន​បុរស​ម្នាក់​មកសុំ​ស្រលាញ់ ព្រមទាំង​បាន​រួម​រស់នៅ​ជាមួយគ្នា​រហូត​មានកូន​ស្រី​មួយ ជា​ចំណងដៃ ដោយ​បុរស​រូប​នោះ​មានឈ្មោះ ឈឹម ខាន់ អាយុ ៦៨ ឆ្នាំ រស់នៅ​ភូមិ លោកតា​ស័ក្តិ៥ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​គេ​នោះ​មាន​ប្រពន្ធ​រួចទៅហើយ។

នាង​បាន​បន្ត​ថា បន្ទាប់ពី​មានការ​ខ្វះខាត​ប្រាក់​ដើម្បី​បន្ត​ការសាងសង់​ផ្ទះ នាង​ក៏បាន​យក​ប្លង់ដី​របស់​នាង យក​ទៅ​ដាក់​នៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​មួយ ក្នុង​តម្លៃ ១៧ ០០០ ដុល្លារ ប៉ុន្តែ​ក្រោយមក​ដោយសារតែ​ដី​មាន​ហាងឆេង ស្រាប់តែ​ប្តី​របស់​នាង​បាន​មក​លួងលោម​ថា គេ​មាន​ស្គាល់​អ្នក​នៅ​ភ្នំពេញ ដោយ​យក​ដី​ទៅ​ដាក់​បញ្ចាំ​មិន​គិតការ​ប្រាក់​ទេ ហើយ​អាច​ដាក់​បាន​រហូតដល់ ១០ម៉ឺន​ដុល្លារ។

មិនយូរប៉ុន្មាន​គាត់​ក៏​នាំ​ឈ្មោះ វិ​ន មួយ ភេទ​ស្រី អាយុ៦៣ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មក​និយាយ​ចរចា​គ្នា ដោយ​ព្រម​ឲ្យ​ស្វាមី​កាន់​លុយ​នាំ​នាង​ទៅ​លោះ​យក​ប្លង់​ពី​ហត្ថា​កសិករ​មកវិញ ព្រមទាំង​បាន​ឡើង​ទៅ​ភ្នំពេញ នា​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ​២០១៥ ហើយ​ប្តី​របស់​នាង​ប្រាប់​ថា ទៅ​ធ្វើ​កិច្ចសន្យា​បញ្ចាំ​ប្លង់ រួចហើយ​ស្អែក​ឡើង​គេ​ក៏​នាំ​នាង​មក​បាត់ដំបង​វិញ ដោយ​ចូល​ទៅ​កាន់ មន្ទីរ​សុរិយោដី​ខេត្ត ដោយ​គាត់​បាន​ប្រាប់​ថា ទៅ​ផ្តិតមេដៃ​លើ​លិខិតផ្ទេរកម្មសិទ្ធិ​បណ្តោះ​អាសន្ន ដោយសារតែ​នាង​មិន​ចេះ​អក្សរ ក៏​ចេះតែ​ផ្តិត​តាម ទោះបីជា​នាង​សុំ​ឲ្យ​លោក​ប្រធាន​សុរិយោដី អាន​ឲ្យស្តាប់​ក៏​គេ​មិន​ព្រម​អាន​ខ្លឹមសារ​ឲ្យ​ស្តាប់​ដែរ​។ នៅ​ទីបំផុត​ទើប​នាង​ដឹង​ថា ប្លង់ដី​របស់​នាង​ដែលមាន​ក្បាលដី​លេខ ០២០៣០៣០៤-០៣៨៣ ​ត្រូវបាន​ប្តី​របស់​នាង​ដាក់បញ្ចាំ​ទៅ​ឲ្យ​ឈ្មោះ វិ​ន មួយ ក្នុង​តម្លៃ ៤ ម៉ឺន ដុល្លារ ទៅហើយ ទើប​នាង​ឆាប់​រក​មេធាវី និង​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ ដើម្បី​ទប់ស្កាត់​នូវ​ការ​ឃុបឃិត​គ្នា​លក់​ដី​របស់​នាង។

រហូត​មក​ទល់​នឹង​ពេលនេះ គឺមាន​រយៈពេល ៥ ឆ្នាំ​ហើយ ដែល​លោក​ចៅក្រម​មិនទាន់​បាន​ចាត់ការ​ក្នុង​រឿងនេះ​ឲ្យ​ចេញ​ជា​ផ្លែផ្កា ព្រោះ​កាលពីមុន​សំណុំ​រឿង​នេះ​ត្រូវបាន​លោក​ចៅក្រម ធ្ធាំ ប៊ុណ្ណា ជា​អ្នក​កាន់ ប៉ុន្តែ​ក្រោយពេល​ផ្លាស់​ប្តូរ ត្រូវបាន​ធ្លាក់​ទៅលើ​លោក​ចៅក្រម ឃី ឆៃ វិញ​ម្តង ដោយ​គោលបំណង​របស់​នាង ប្តឹង​សុំ​ឲ្យ​តុលាការ ចេញ​សាលក្រម​សម្រេច សុំ​មោឃភាព​លិខិត​លក់​ផ្តាច់ ចុះ​ថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៥ សុំ​ចុង​ចម្លើយ​ប្រគល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខៈ ០២០៣០៣០៤-០៣៨៣ ចុះ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២ មកវិញ និង​សុំ​សង​ប្រាក់ ១៧០០០ ដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នេះគ្រាន់​តែ​ជា​ការ​អះអាង​របស់​ ភាគី​នារីខាងលើ​តែប៉ុណ្ណោះ យើង​មិនទាន់​សុំ​ការ​បក​ស្រាយ​ពី​ភាគី​ម្ខាង​ទៀត​បាន​នៅឡើយ​ទេ។ កម្ពុជា​ថ្មី​ស្វាគមន៍​នឹង​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​ភាគី​ម្ខាង​ទៀត៕
ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម