តំបន់ធ្វើអាជីវកម្មដីល្បាយខ្សាច់ចំនួន៧ទីតាំង ដែលមានទំហំប្រមាណជាង២ពាន់ហិកតា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវបានក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ឲ្យក្រុមហ៊ុននានាដាក់ពាក្យប្រកួតប្រជែងសាធារណៈ ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលទើបចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តំបន់ដែលដាក់ឲ្យដេញថ្លៃនេះ មានភូមិសាស្ត្រចំនួន៣ទីតាំង ដែលមានទំហំ១៤៥៥ហិកតា នៅក្នុងស្រុកបុទមសាគរ និងស្រែអំបិលខេត្តកោះកុង និង៤ទីតាំងទៀត ដែលមានទំហំ៦៨៨ហិកតា នៅក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោក ជួន សុខជា អនុប្រធាននាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ បានឲ្យដឹងបន្ថែមថា ក្រសួងចង់ដាក់ដេញថ្លៃជាសាធារណៈ នេះដោយមិនចង់ផ្តល់ឲ្យតែក្រុមហ៊ុន ដែលដាក់ស្នើសុំធ្វើអាជីវកម្មនោះទេ ដើម្បីផ្តល់តម្លាភាព។ លោកបានបន្តថា មុនឈានទៅដល់ការដាក់ដេញថ្លៃឲ្យធ្វើអាជីវកម្មនៅតំបន់ទាំង៧នេះ បន្ទាប់ពីអ្នកជំនាញរបស់ក្រសួងបានចុះសិក្សានិងវាយតម្លៃ ដោយសង្កេតឃើញថា តំបន់ទាំងនេះ អាចយកផលប្រយោជន៍ជួយសេដ្ឋកិច្ចជាតិបាន ខណៈកន្លងមកតំបន់ទាំងនេះ មិនធ្លាប់មានការបូមយកខ្សាច់ពីមុនមកនោះទេ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ក្រុមហ៊ុនដែលមានបំណងចង់ចូលរួមប្រកួតប្រជែងធ្វើអាជីវកម្មនៅទីតាំងខាងលើ អាចចាត់តំណាងស្របច្បាប់ឬប្រធានក្រុមហ៊ុនមកទទួលពាក្យ និងចុះឈ្មោះចូលរួមប្រកួតប្រជែងនៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនមួយអាចទទួលពាក្យស្នើសុំច្រើនទីតាំងបាន ប៉ុន្តែក្រុមហ៊ុន ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយមានសិទ្ធិទទួលឯកសារប្រកួតប្រជែងសម្រាប់តែមួយទីតាំងប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សម្រេចជាផ្លូវការ ផ្លាស់ប្តូរអគារក្រសួងចំនួន ៣ ដើម្បីបង្កើនប្រសិទ្ធភាពការងារ