Connect with us

ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​​ទិវា​ជ័យជម្នះ​៧​មករា​ ​ បន្តិចបន្តួច​​​​តាម​មូលដ្ឋាន​

បានផុស

នៅ

​ការ​ប្រារព្ធ​មី​ទ្ទីង​រំឭក​ខួប​ជ័យជម្នះ៧មករា ឆ្នាំ២០២១​ ខួប​លើក​ទី​៤២ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រកាស​មិន​មាន​ការរៀបចំមី​ទ្ទីងជា​លក្ខណៈ​ទ្រង់ទ្រាយធំ​ ដូច​ឆ្នាំមុនៗ​ទេ​ ​ក្នុងន័យ​បង្ការ​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។

នេះ​ជា​លើក​ទី​១​ហើយ​ ដែល​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ បានសម្រេច​ផ្អាក​ធ្វើ​ពិធី​ប្រារព្ធ​ថ្ងៃជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ ​ដ៏​មាន​សារៈសំខាន់​​នេះ​ ដោយសារតែ​បញ្ហា​រីក​រាលដាល​នៃ​កូ​វីដ១៩។ ​ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​​បាន​គូសបញ្ជាក់ថា​ បើទោះបី​នៅ​ថ្នាក់ជាតិ​ មិន​រៀប​ចំការ​ប្រារព្ធ​អបអរ​មែន ​តែ​នៅ​ថ្នាក់មូលដ្ឋាន​អាច​នឹងមាន​ការជួបជុំ​គ្នា​អបអរ​បន្តិចបន្តួច​ដែរ ​នៅ​ថ្ងៃទី០៧ ខែមករា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​អះអាង​ប្រាប់​សារព័ត៌​មាន​​ថា​ ការមិន​រៀបចំ​ប្រារព្ធ​ពិធី​មី​ទ្ទីង​រំឭក​ខួប​ថ្ងៃ​៧​មករា នៅក្នុង​ឆ្នាំ​២០២១​នេះ​ គឺធ្វើ​ឡើង​តាម​សភាពការណ៍ ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បង្ការ​ការពារ​ដល់​សមាជិក​សមាជិកា​របស់​ខ្លួន ពី​ហានិភ័យ​ឆ្លង​ជំងឺ​រាតត្បាត​មួយ​នេះ ​។ ​

​​យោងតាម​លិខិត​ជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ថ្ងៃទី​៦​ ខែតុលា ឆ្នាំ​២០២០​ ដែល​ចុះ​ហត្ថ​លេខា​ដោយ​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ឱ្យដឹងថា ​យោង​សភាពការណ៍​នៃ​ជំងឺ​Covid-19 ដែល​នៅតែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​ពាសពេញ​ពិភពលោក​ និង​តម្រូវឱ្យ​កម្ពុជា​ ​បន្ត​ប្រុងប្រយ័ត្ន ក្នុង​កម្រិត​ខ្ពស់​ជាប់​ជានិច្ច​​។​

គណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្ដាល​ សូម​ជម្រាបជូន​«​សម្ដេច​ឯកឧត្តម លោកជំទាវសមាជិក​ សមាជិកា គណៈកម្មាធិការ​កណ្ដាល ទាំងអស់​និង​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់​»​ បាន​ជ្រាប​អំពី​ការ​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​របស់​គណបក្ស​នៅពេល​ខាងមុខនេះ​ដូចតទៅ​៖

១.​ត្រូវ​ផ្អាក​ការធ្វើ​សន្និបាត​គណៈ​ក​ម្មាធិ​ការ​កណ្ដាល​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​សិន ប៉ុន្តែ​នៅពេល​នោះ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នឹង​រៀបចំ​នូវ​ឯកសារ​«​របាយការណ៍​ស្ដីពី​សភាព​ការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១» ដើម្បី​ផ្ញើជូន​ឱ្យ​គណ​បក្ស​គ្រប់​ថ្នាក់ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និង​អនុវត្ត​ភារកិច្ច​បន្ត​ទៀត​។​

២.​ត្រូវ ផ្អាក​ការជួបប្រជុំ​មី​ទ្ទិញ​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា​ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​នេះ​សិន​ ប៉ុន្តែ​គ្រប់​ថ្នាក់​ត្រូវ​ត្រៀមរៀបចំ Logo បដាពាក្យ​ស្លោក​។​ល​។ ដាក់តាំង​នៅតាម​ទីតាំង​នានា​ ដើម្បី​អបអរសាទរ​ដូចដែល​ធ្លាប់បាន​ធ្វើជា​រៀងរាល់ឆ្នាំ​កន្លងមក​។​

សូមបញ្ជាក់ថា​ នេះ​គឺជា​លើក​ទី​១​ហើយ​នៅក្នុង​រយៈពេល​៤២ឆ្នាំ​មកនេះ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​បានសម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​មី​ទ្ទីង​រំឭក​ខួប​ថ្ងៃជ័យ​ជម្នះ៧មករា ដោយសារតែ​ការរីក​រាល​ដាល​ នៃ​ជំងឺ​កូ​វីដ​១៩ ។

នាពេលកន្លងមក​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ធ្លាប់លុប​ចោលការ​ប្រារព្ធ​មី​ទ្ទីង​រំលឹក​ខួប​លើក​ទី​៦៩​ឆ្នាំ​ នៃ​ការបង្កើត​គណបក្ស​ប្រជាជនកម្ពុជា​ ខួប​ទី​៤២ឆ្នាំ ២ធ្នូ ១៩៧៨ នៃ​ការចាប់ផ្ដើម​បង្កើត​ចលនា​វាយ​ផ្តួលរំលំ​កងទ័ព​ខ្មែរក្រហម​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ដោយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​។ ផ្អាក​ការ​ប្រារព្ធ​រំលឹក​ខួប​២៩​ធ្នូ ដែលជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ និង​បានសម្រេច​ផ្អាក​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​ប្រចាំ​២០២០ របស់ខ្លួន​ផងដែរ​។​

ប្រជាជន​កម្ពុជា​ បាន​ប្រសិទ្ធ​នាម​ថា ​ថ្ងៃ​៧មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន​ បើ​គ្មាន​ជ័យ​ជម្នះ​៧​មករា ​ក៏​យើង​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ ។​គ្មាន​ជន​ណាមួយ ឬ​កម្លាំង ណាមួយ​អាចមក​បំភ្លៃ​ឬ​បំផ្លាញ​នូវ​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ​នេះ​បានឡើយ។ ថ្ងៃ៧មករា​ គឺជា​ការបើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ​និង​វឌ្ឍនភាព​សង្គម។ ឆ្នាំមុនៗ​គណបក្ស​ប្រជាជន​កម្ពុជា​ តែង​តែ​រៀបចំ​ប្រារព្ធ​ថ្ងៃជ័យ​ជម្នះ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់ រួមមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ប្រធាន​គណបក្ស​ សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធាន​កិត្តិ​យគណបក្ស​,​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​, សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ជាដើម​៕

អត្ថបទ ​៖​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម