Connect with us

ព័ត៌មានជាតិ

សង្គមស៊ីវិល៖ កម្ពុជានឹងក្លាយជាប្រទេសទទួលរង​ផលប៉ះពាល់ខ្លាំងដោយការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានថ្លែងថា​ ការប្រែប្រួលអាកាសធាតុបានក្លាយជាហានិភ័យដែលមនុស្សជាតិ កំពុងជួបប្រទះ ហើយក៏ជាប្រធានបទអាទិភាពដែលពិភពលោកកំពុងព្រួយបារម្ភផងដែរនាពេលបច្ចុប្បន្ននេះ។

លោកស្រីថា ស្របពេលដែលភពផែនដីកំពុងទ្បើងកំដៅ ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងចីរភាពបរិស្ថាននៅទូទាំងពិភពលោក នឹងបន្តកើតមានទ្បើងកាន់តែញឹកញាប់និងខ្លាំងទ្បើងៗដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភាណ សោភ័ណលើកឡើងនៅក្នុងសិក្ខាសាលាស្តីពី ការជជែកដេញដោលរបស់យុវជន និងកិច្ចពិភាក្សាតុមូលពហុភាគី “​​ការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតង” នៅថ្ងៃទី ២៣ ខែធ្នូនេះ។

លោកស្រី ភាណ សោភ័ណបន្តថា​កម្ពុជានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលនឹងទទួលរងផល​ប៉ះពាល់ខ្លាំងបំផុត​ដោយ​ការប្រែប្រួលអាកាសធាតុ។

គ្រាន់តែនៅចន្លោះពីឆ្នាំ២០១១ ដល់ ២០១៨ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីជាង ៧.៥០០.០០០ ហិកតា ហើយទឹកជំនន់ និងព្យុះបានប៉ះពាល់ដល់គ្រួសារជិតមួយលានគ្រួសារ បើយោងតាមរបាយការណ៍ថវិកា​អាកាសធាតុ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨-២០១៩។

ជាងនេះទៅទៀត ដោយសារកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើ វិស័យដែលងាយនឹង​រងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដូចជា កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងទេសចរណ៍។ ជាក់ស្តែង ដោយគ្រាន់តែវិស័យកសិកម្ម និងនេសាទតែមួយផ្តល់ ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងផ្តល់​ការងារដល់ ៤៩% នៃកម្លាំងពលកម្មរបស់ប្រទេស បើយោងតាមរបាយការណ៍​ស្តីពីប្រវត្តិបណ្តាប្រទេសដែល​មានហានិភ័យ​អាកាស​ធាតុ កម្ពុជា (ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៏អាស៊ី ឆ្នាំ២០២១។

បើតាមនាយិកាអង្គការអុកស្វាមរូបនេះ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ វាជាការលើកទឹកចិត្តមួយ ដែល​ឃើញ​កម្ពុជាយើងបាន​បង្កើត​ថា​មពល​​​ព្រះអាទិត្យ និងកាត់បន្ថយថ្លៃការប្រើប្រាស់ចរន្តអគ្គិសនីរហូតដល់ទៅពីរភាគបី ស្រប​ពេល​ដែលកម្ពុជាកំពុងផ្លាស់ប្តូរ​ចេញ​ពីការ​ពឹង​ផ្អែក​អស់ពេលយ៉ាងយូរលើថាមពលធ្យូងថ្ម និងវារីអគ្គិសនី។

ការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានដំណោះស្រាយ​ប្រកបដោយ​ចីរភាព ហើយវាអាចកើតឡើងបាននៅពេលដែលគ្រប់តួអង្គ រួមមានរដ្ឋាភិបាល វិស័យ​ឯកជន ដៃគូអភិវឌ្ឍនានា និងប្រជា​ពលរដ្ឋ​ទាំងអស់ ចូលរួមពួតដៃគ្នា នាំយកនូវធនធានចាំបាច់ ដើម្បីវិនិយោគលើដំណោះស្រាយ ដែលជួយឱ្យកម្ពុជាកាត់បន្ថយ           ការបំ​ភាយ​ឧស្ម័ន​​ផ្ទះកញ្ចក់ តាម​រយៈ​​ថវិកា​វិនិយោគលើផលិតកម្មថាមពលករកើតឡើងវិញ ដូច​​ជា​​ថាមពលព្រះអាទិត្យ និងថាមពល​ខ្យល់​ជាដើម និងជួយដល់សហគមន៍ ឱ្យបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

អង្គការអុកស្វាមក៏អំពាវនាវ មិនត្រឹមតែ​ជាការ​ប្តេជ្ញា​នយោ​បាយ​ ប៉ុន្តែជាការវិភាជន៍ថវិកា ដើម្បីផ្តល់ហិរញ្ញប្បទាន​ដល់កិច្ចខិត​ខំប្រឹង​ប្រែង​កាត់​បន្ថយ​ហានិភ័យ និងការបន្ស៊ាំ​ទាំង​ឡាយ និង​សហ​ប្រតិបត្តិការចំណោមតួអង្គទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម