ព័ត៌មានជាតិ
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
បាត់ដំបង ជាទឹកដីនៃសំណង់វិហារបុរាណច្រើនរាប់មិនអស់ ពិសេសវត្តចំណាស់ៗក្នុងខេត្តមួយនេះ សុទ្ធសឹងតែជាកន្លែងសក្ការដែលពលរដ្ឋខ្មែរតែងមានជំនឿថាស័ក្តសិទ្ធិខ្លាំង ហើយទីអារាមនីមួយៗ សុទ្ធតែមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ ទាក់ទងនឹងជំនឿ ក៏ដូចជាមូលហេតុនៃការកសាង។

១. វត្តឈើខ្មៅ
នៅតាមបណ្តោយតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ទីទួលមួយដែលស្ថិតនៅក្នុងភូមិកោះជឺវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៥៤គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង ដែលកាលដើមឡើយ ទីនេះគ្រាន់តែជាទីទួលមួយ សម្បូរទៅដោយដើមឈើខ្មៅប៉ុណ្ណោះ ហើយបើគិតទល់នឹងពេលនេះ អារាមនេះ មានអាយុកាលជាង ១០០ឆ្នាំ ហើយ។ សំណង់វិហារទីនេះ ត្រូវបានសាងសង់ឡើងនាអំឡុងឆ្នាំ១៨៨៧ ធ្វើឡើងពីឈើខ្មៅក្នុងតំបន់នេះតែម្តង និងឱ្យឈ្មោះថា «វត្តឈើខ្មៅ» ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះគ្រូចៅអធិការមួយអង្គ ព្រះនាម សឿ ។
ទីអារាមនេះ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយហេតុថា ជារៀងរាល់ឆ្នាំ មិនថាមានទឹកជន់ធំប៉ុណ្ណានោះទេ ក៏ទីទួលនៃព្រះវិហារនេះ ពុំដែលលិចលង់ដោយជំនន់ទឹកភ្លៀងនោះដែរ។ ហេតុនេះហើយ ទើបអ្នកភូមិមានជំនឿ និងទុកជាទួលទួលស័ក្តិសិទ្ធិ ហើយបានប្រសិទ្ធនាមមួយទៀតឱ្យអារាមនេះថា «ទួលអណ្តែត» ។ ឯរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ទូក ង មួយដែលធ្វើឡើងស្របពេលជាមួយវត្ដចំណាស់នេះ (ធ្វើឡើងពីឈើគគីរ ដែលដុះនៅលើទួលនោះ) ត្រូវបានអ្នកស្រុកជឿថា មានរិទ្ធិបារមីនៅថែរក្សា ព្រោះប្រណាំងពេលណា មិនដែលចាញ់ឡើយ។

២. វត្តកែវ
វត្តកែវមុនីរតនារាម ឬ វត្តកែវ ជាទីអារាមមួយ មានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ ទឹកដីនៃភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង។
អារាមដ៏ចំណាស់នេះ ត្រូវបានកសាងឡើងនៅ ឆ្នាំ១៧៧២ ដែលកាលដើមឡើយ វត្តនេះ គេឱ្យឈ្មោះថា «វត្តកោះកែវ» ដោយសារតែទីអារាមនេះ គឺជាកោះមួយមានទឹកព័ទ្ធជុំវិញ។ លុះក្រោយមក ក៏ត្រូវបានប្តូរឈ្មោះថា «វត្តកែវមុនីរតនារាម» វិញ រហូតមកដល់ពេលបច្ចុប្បន្ន។


៣. វត្តវិបុលត្ថារាម ហៅវត្តកណ្តាល
វត្ត វិបុលត្ថារាម ហៅ វត្តកណ្តាល កសាងឡើងអំឡុងឆ្នាំ១៨១៣ ដោយព្រះគ្រូចៅអធិការមួយអង្គ និងអ្នកភូមិ នាំគ្នាកាប់ឆ្ការព្រៃ និងសង់សាលាបុណ្យមួយខ្នង ធ្វើអំពីឈើប្រក់ស្លឹក និងកុដិតូចៗ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពុទ្ធសករាជ ២៤៦២ ដែលត្រូវនឹងគ្រិស្តសករាជ ១៩១៨ ព្រះវិហារមួយ ក៏ត្រូវបានកសាងបន្ថែមទៀត ក្នុងបរិវេណវត្តនេះ និងមានការស្ថាបនាសាង់សង់ជាបន្តបន្ទាប់នូវ កុដិ សាលាបាលី សាលាឆាន់-ល- ដែលមានពុទ្ធបរិស័ទមកធ្វើបុណ្យ ជាហូរហែរ។ ប៉ុន្តែបន្ទាប់ពីស្ថានភាពកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសង្គ្រាម ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អារាមចំណាស់អាយុកាលជាង ២០០ឆ្នាំនេះ ត្រូវបានខ្មែរក្រហមកែប្រែធ្វើជាកន្លែងឃុំឃាំងអ្នកទោស និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងត្រូវរងការបំផ្លិចបំផ្លាញ។
បើតាមប្រភពរដ្ឋបាលខេត្តបាត់ដំបង ក្រោយថ្ងៃរំដោះ ១៣មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ កងរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា ទទួលបានជ័យជំនះលើកងកម្លាំងខ្មែរក្រហម ទីនេះក៏កែប្រែជាទីអារាមវិញរហូតមកទល់ពេល បច្ចុប្បន្ន។

៤. វត្តសំរោងក្នុង
ដើមឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាន ដែលរៀបចំដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ» ប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើអំពីឈើ និងបន្តសាងសង់អំពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយថែមទាំងបានកសាងប្រាសាទផងដែរ។ សំណង់ទាំងនេះ សុទ្ធសឹងតែមានបន្សល់ទុក នៅក្នុងបរិវេណ វត្តសំរោងក្នុង ។
ព្រះវិហារចំណាស់មួយស្ថិតក្នុងបរិវេណ វត្តសំរោងក្នុង ត្រូវបានកសាងឡើង អំឡុងពុទ្ធសករាជ ២២៥០ ត្រូវនឹង គ្រិស្តសករាជ ១៧០៧ ។ នាសម័យ លោកម្ចាស់ អ្នកស្រុកតំបន់នោះ តែងតែនិយមទៅកម្សាន្តរាល់ពេលចូលឆ្នាំម្តងៗ ដោយសារតែទីនេះ មានទីធ្លា ធំទូលាយ ម្លប់ឈើធំៗ និងប្រាង្គប្រាសាទបុរាណ។
ប៉ុន្តែវាសនាអារាមនេះ មិនជាខុសគ្នានឹងវត្តវិបុលត្ថារាម ប៉ុន្មាននោះទេ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ខ្មែរក្រហម យកទីអារាមនេះ ធ្វើជាកន្លែងឃុំឃាំងធ្វើទារុណកម្ម និងសម្លាប់មនុស្សសាហាវព្រៃផ្សៃបំផុត។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងទីអារាមដែលធ្លាប់តែមានការជួបជុំពុទ្ធបរិស័ទអ៊ូអរមួយនេះ ត្រូវរងការបំផ្លាញទាំងស្រុង។ លុះក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អារាមនេះ ត្រូវបានគេរៀបចំឡើងវិញ ដើម្បីបន្តទុកជាទីសក្ការបូជាសម្រាប់ ពុទ្ធបរិស័ទ ដោយបានរៀបចំអណ្តូងខាងជើងវត្ត ជាបូជនីយដ្ឋាន និងរក្សាទុកអគារសួរចម្លើយមកដល់បច្ចុប្បន្ន ដើម្បីអាចឱ្យទេសចរ និងពុទ្ធបរិស័ទ បានមកទស្សនាស្វែងយល់ពីអតីតកាលដ៏ឈឺចាប់របស់កម្ពុជា នាសម័យនោះ។

៥. វត្តសង្កែ
បើយោងតាមឯកសាររបស់មន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ ព្រះវិហារនៃវត្តសង្កែនេះ កសាងឡើងដោយលោក កឋាថន ញ៉ុញ ឬលោកម្ចាស់ព្រះកោដ្ឋ ។ វត្តនេះ គឺជាវត្តដែលធំជាងគេនៅក្នុងក្រុងបាត់ដំបង នាសម័យចៅពញា កឋាថន ឈុំ ក្នុងទសវត្សរ៍ឆ្នាំ១៩០០ ។ ស្ថាបត្យកម្មនៃព្រះវិហារ គឺជាស្ថាបត្យកម្មប្រភេទសំណង់មុខដាច់ ដែលបច្ចុប្បន្នកម្រនឹងជួបប្រទះ ប៉ុន្តែត្រូវបានយកមក ប្រើឡើងវិញជាបណ្ដើរៗ ដូចជាអគារទីស្ដីការក្រសួងដែនដី និងនគររូបនីយកម្ម ក៏ដូចជាអគារសារមន្ទីរកោះថ្ម ក្នុងស្រុក ក្រូចឆ្មារជាដើម។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រះវិហារនៃទីអារាមនេះ ត្រូវបានយកធ្វើជាឃ្លាំងដាក់គ្រាប់ ហើយជាតំបន់ហាមឃាត់។ នៅថ្ងៃរំដោះទឹកដីបាត់ដំបងពីរបបខ្មៅងងឹត ត្រូវបំផ្លាញដោយការទម្លាក់គ្រាប់។ នៅពេលនោះ ព្រះវិហារ ត្រូវរងការខូចខាតទាំងស្រុង ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺតួរូបព្រះអង្គជីវ៍ ក្នុងព្រះវិហារ មិនខូចខាតអ្វីឡើយ ជាហេតុដែលធ្វើឱ្យពលរដ្ឋខ្មែរ ពិសេសអ្នកនៅតំបន់នោះ មានជំនឿថា ព្រះអង្គមានបារមីខ្លាំងពូកែ។ ក្រោយមក អំឡុងឆ្នាំ១៩៩៣ ព្រះវិហារថ្មី ត្រូវបានសាងសង់លើខឿន នៃព្រះវិហារចាស់ដដែល ដើម្បីជាទីសក្ការរបស់ពុទ្ធបរិស័ទជិតឆ្ងាយ។

៦. វត្តបាឡាត់
វត្តបាឡាត់ ជាសំណង់ក្នុងសម័យកាល លោកម្ចាស់ មានទីតាំងស្ថិតនៅមាត់ច្រាំងដងស្ទឹងសង្កែត្រើយខាងកើត ផ្តួចផ្តើមកសាងដោយមន្រ្តីក្រមការ នៅខេត្តបាត់ដំបងមួយរូប ឈ្មោះលោក បាឡាត់ រស់ ដែលមានដំណាលតគ្នាថា ជាការលាបំណន់របស់លោក ដោយសារតែ កាលនោះ លោក បាឡាត់ រស់ និងក្រុមគ្រួសារ ត្រូវពួកអាណ្ណាមចាប់ខ្លួនទៅឃុំទុកប្រមាណជា ១០ឆ្នាំ ។ គ្រានោះ លោកបានបន់ស្រន់ថា នឹងសង់ព្រះវិហារមួយ ដើម្បីបូជាដល់ព្រះពុទ្ធសាសនា បើលោក និងក្រុមគ្រួសារបានរួចផុតទុក្ខភ័យ និងវិលត្រឡប់មកស្រុកកំណើតវិញបាន។
ព្រះវិហារសព្វថ្ងៃ ជាព្រះវិហារថ្មី កសាងក្នុងឆ្នាំ១៩៣១ មានភាពធំសំបើម ចំណែកឯតួនៃព្រះវិហារ មិនសូវមានការតុបតែងលម្អប៉ុន្មានទេ តែនៅលើហោជាង មានចម្លាក់ល្អឯក ដែលដកស្រង់ពីរឿងរាមកេរ្តិ៍ ចំណែកឯគំនូរនៅលើវិហារ ជាគំនូរឆ្នាំ១៩៥០ (តែត្រូវបានគេគូឡើងវិញ) ។ លក្ខណៈប្លែករបស់ព្រះវិហារមួយនេះ គឺមានរបៀងដែលទ្រដោយសសរ គ្មានបង្កាន់ដៃ។

៧. វត្តក្តុល
វត្តប្រាប្បច្ចាមិត្ត ឬ វត្តក្តុល ជាវត្តបុរាណមួយផ្សេងទៀត ក្នុងចំណោមវត្តចំណាស់ជាច្រើន ទឹកដីនៃក្រុងបាត់ដំបង ដែលសាងសង់ឡើងក្នុងសតវត្សទី១៩ អំឡុងឆ្នាំក្នុង១៩៣០ ក្នុងសម័យលោកម្ចាស់ កថាថនឈុំ ។ ដើមឡើយ វត្តនេះ គឺជាទីតាំងបន្ទាយរបស់ ចៅពញាបឌិន លុះក្រោយគាត់មរណកាលទៅ កូនចៅរបស់គាត់ បានថ្វាយទីតាំងនេះ ចំពោះ ព្រះពុទ្ធសាសនា កសាងជាទីអារាម ដើម្បីឧទ្ទិសបុណ្យកុសលជូន ចៅពញាបឌិន ។
បើតាមប្រភពក្រសួងព័ត៌មាន បញ្ជាក់ដោយផ្អែកលើឯកសារព្រឹទ្ធាចារ្យ តូច ឈួង បានឱ្យដឹងថា វត្តនេះមានឈ្មោះថា «វត្តប្រាប្បច្ចាមិត្ត» ប្រែឱ្យចំន័យទៅគឺ វត្ត បង្រ្កាបសត្រូវ ដែលមានទីតាំងស្ថិតនៅ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អារាមអាយុកាល ជាង ១០០ឆ្នាំនេះ មានភាពល្បីល្បាញថាស័ក្តិសិទ្ធិខ្លំាំងណាស់ ព្រោះរាល់ពេលដែលពួកគេមកបន់ស្រន់ សុំសេចក្តីសុខ និងទាក់ទងនឹងការប្រកបរបររកស៊ីជួញដូរផ្សេងៗ គឺតែងទទួលបានផលជានិច្ច។ ដោយហេតុថា មានអ្នកមកលាបំណន់ នៅចំពោះ ព្រះអង្គមុខបួន ដែលមានបល្ល័ង្កតម្កល់រូបបដិមា ធ្វើពីសំរិទ្ធលង្ហិនមួយអង្គ នៅក្នុងព្រះវិហារ អាយុកាលជាង ១០០ឆ្នាំនេះ៕

-
វប្បធម៌ ជំនឿ១២ ម៉ោង មុន
ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានម៉ាសធំជាងព្រះអាទិត្យ ៣០ពាន់លានដង (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
ភាពយន្តខ្មែរចេញទៅទីផ្សារអន្តរជាតិ ខណៈ ៣ប្រទេសបានទិញ ប្រទេសផ្សេងកំពុងចរចា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Bella ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត រឿងក្រុមតារាស្រីស្អាតផ្លែផ្កាឱ្យខ្លួន