Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០​មាន​រោងចក្រ​កាត់ដេរ​១២៩​បាន​បិទទ្វារ​ និង​ប៉ះពាល់​ដល់ក​ម្មករ​ជាង​៧​ម៉ឺន​នាក់​ ដោយ​កូ​វីដ​១៩

បានផុស

នៅ

​​លោក ហេង សួរ រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​២០២០​មាន​រោងចក្រ​សហគ្រាស​ ក្នុង​វិស័យ​កាត់ដេរ​ចំនួន ១២៩ រោងចក្រ បាន​បិទទ្វារ​លែង​ដំណើរការ​ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ចំនួន ៧១,២០២ នាក់ ​ក្នុង​នោះ​ស្រី ៥៧,៧៩៤ នាក់​ ដោយសារ​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ហេង សួរ បាន​បន្ត​ថា ​យ៉ាងណាក៏ដោយ​ឆ្នាំ​២០២០​ មាន​រោងចក្រ​បាន​បើក​ថ្មី​ឡើងវិញ​ផង​ដែរ​ ដោយ​បាន​បង្កើត​ការងារ​ដល់​កម្មករនិយោជិត​ចំនួន ២៣,២០៨ នាក់ ​ក្នុង​នោះ​ស្រី ១៧,៦៣៨ នាក់​។ លោក បាន​បន្តទៀតថា ​សម្រាប់​ឆ្នាំ​២០២១​នេះ​ ចំនួន​រោងចក្រ​ ដែល​បង្កើត​ថ្មីៗ​នឹងមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​កន្លងទៅ​ ខណៈ​នៅ​ចុង​ឆ្នាំ​២០២០​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​ជា​បន្តបន្ទាប់ ដែល​នឹង​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​២០២១​នេះ​។ លោក បាន​បញ្ជាក់​ថា ​គិត​រហូតមកដល់​ដើម​ឆ្នាំ​២០២១​នេះ ស្ថានភាព​ទូទៅ​នៃ​វិស័យ​ការងារ គឺ​បាន​ត្រឡប់​មក​រក​ភាពប្រសើរ​ឡើងវិញ​បន្តិច​ម្ដងៗ ពោល​គឺ​ល្អ​ជាង​ដើម​ឆ្នាំ​២០២០​ ដោយសារ​បញ្ហា​វត្ថុធាតុដើម ​សម្រាប់​ដំណើរ​ការផលិត ​ក្នុង​វិស័យ​កាត់ដេរ​មិន​មាន​ការខ្វះខាត​នោះឡើយ​។

​លោក​ ហេង​ សួរ រំពឹង​ថា​ វិស័យ​កាត់ដេរ​ទាំងមូល​នៅ​កម្ពុជា​ អាច​នឹង​វិល​មក​ប្រក្រតីភាព​វិញ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ត្រូវ​បាន​បញ្ចប់​។ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​ពិសេស​វិស័យ​ការងារ និង​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​។ ​រាជរដ្ឋាភិបាល ​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ទាំងពីរ​នេះ ​ដោយ​ជួយ​ដល់​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ រយៈពេល​បី​ខែ​បន្ថែមទៀត​រហូតដល់​ខែមីនា ឆ្នាំ​២០២១​។

​បើតាម​លោក​ ហេង​ សួរ ​ចាប់​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​២០២០​រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២១​នេះ​ រដ្ឋាភិបាល​បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩​ជាង​៣៤​ម៉ឺន​នាក់​ ហើយ​ដែល​សរុប​ទឹកប្រាក់​ជាង​២៣​លាន​ដុល្លារ​អាមេរិក​។ លោក​បាន​បន្ត​ថា ​ការ​បើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​នេះ បាន​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែឧសភា ឆ្នាំ​២០២០​ហើយ​បើ​គិត​មកដល់​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​នេះ មាន​ចំនួន ៤៥ លើក​ហើយ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ឱកាស​ការងារ​ប្រមាណ​២​ម៉ឺន​កន្លែង ត្រៀម​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម