Connect with us

ព័ត៌មានជាតិ

មកស្គាល់ ស្រ្តីខ្មែរឆ្នើម៥រូប ដែលកំពុងបញ្ចេញស្នាដៃបម្រើកិច្ចការសំខាន់ៗរបស់ជាតិ

បានផុស

នៅ

គិតមកដល់ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា ស្រ្តីបានទទួលការតែងតាំងមុខតំណែងសំខាន់ៗជាបន្តបន្ទាប់ទាំងនៅជួររាជរដ្ឋាភិបាល សភា តុលាការ និងតំណែងនៅថ្នាក់ក្រោមជាតិ។ តែយ៉ាងណាក្ដី ស្ត្រីដែលកំពុងកាន់តំណែងជាន់ខ្ពស់ ហើយមានសិទ្ធិសម្រេចលើកិច្ចការសំខាន់ៗរបស់ជាតិ គឺមិនទាន់មានច្រើនប៉ុន្មានឡើយ។ តាមរយៈគោលនយោបាយសមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានស្ត្រីកាន់មុខតំណែងជារដ្ឋលេខាធិការយ៉ាងតិចមួយរូបនៅតាមក្រសួង ដើម្បីជួយជំរុញភាពអង់អាចក្លាហាន សមត្ថភាព និងការធ្វើសេចក្ដីសម្រេចរបស់ស្ត្រីទៅលើកិច្ចការសាធារណៈ និងកិច្ចការនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ គឺជាស្ត្រីចំនួន៥រូប ដែលត្រូវបានចាត់ទុកថា ជាឥស្សជនឆ្នើមប្រកបដោយសក្តានុពល និងមានសមត្ថភាពខ្ពស់ ហើយកំពុងកាន់មុខតំណែងជារដ្ឋលេខាធិការ៖

១/ លោកស្រី ជូ ប៊ុនអេង

លោកស្រី ជូ ប៊ុនអេង គឺជា​ស្ត្រី​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារជាបន្តបន្ទាប់ដោយ​បាន​វិវឌ្ឍខ្លួនពី​គ្រូ​គណិតវិទ្យានៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រហូត​ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ដែលសព្វថ្ងៃនេះលោកស្រីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ តាមរយៈការងារនេះ លោកស្រី បានចូលរួមយ៉ាងសកម្មមិនខ្លាចនឿយហត់ក្នុងកិច្ចការពារប្រជាជន ស្ត្រីភេទ កុមារ និងការប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស។ លោកស្រី ជូ ប៊ុនអេង បាន​បញ្ចប់ការសិក្សាសញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។

២/ លោកស្រី ឱ វណ្ណឌីន

លោកស្រី ឱ វណ្ណឌីន មានមុខតំណែងជារដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល។ ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន ជាឥស្សរជនស្រ្តីជួរមុខដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងជាមួយមេរោគដ៏កាចសាហាវនេះ។ តាមរយៈតួនាទីជាមន្ត្រីជាន់ខ្ពស់សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ លោកស្រីតែងតែបានចុះដោយផ្ទាល់នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជាក្នុងការពិនិត្យ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជន។ លោកស្រី ឱ វណ្ណឌីន គឺជាអតីតនិស្សិតខ្មែរដំបូងគេដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណៈ។

៣/ លោកស្រី កុយ ពិសី

បច្ចុប្បន្នលោកស្រី កុយ ពិសី កំពុងកាន់តំណែងសំខាន់ៗចំនួនពីរដាច់ដោយឡែកពីគ្នា គឺទី១ ជាអនុប្រធានលេខាធិការ ដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងទី២ ជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកស្រី កុយ ពិសី ជាស្ត្រីខ្មែរមួយរូបដែលបានចំណាយពេលវេលាប្រមាណជិត ៣០ឆ្នាំ លើកិច្ចការព្រំដែន ដោយចាប់ផ្ដើមបេសកកម្មតាំងពីដើមឆ្នាំ១៩៩៦។ បន្ថែមពីលើកិច្ចការព្រំដែន លោកស្រី ក៏ទទួលបានការផ្ដល់សេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាល តាម រយៈការតែងតាំងមុខតំណែងបន្ថែមមួយទៀតក្នុងពេលតែមួយ គឺជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកស្រី កុយ ពិសី បានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

៤/ លោកស្រី សឿង រដ្ឋចាវី

លោកស្រី សឿង រដ្ឋចាវី បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្ត្រីវ័យ៦៤ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកការទូតឆ្នើមមួយរូបរបស់កម្ពុជាដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ សមត្ថភាពខ្ពស់ និងពោរពេញដោយបទពិសោធនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ និយាយអំពីកម្រិតវប្បធម៌ គឺលោកស្រីបានចំណាយពេលសិក្សានៅរុស្ស៊ីប្រមាណ ១៤ឆ្នាំ ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ និងសញ្ញាបត្រថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ លើសពីនេះ លោកស្រី ចេះ និងអាចប្រើប្រាស់ភាសាបរទេសរហូតដល់ ៤ភាសា រួមមាន អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ។

៥/ លោកស្រី ដាំ ដារីនី

ចំណោមស្ត្រីជាច្រើន គឺលោកស្រី ដាំ ដារីនី ត្រូវបានគេមើលឃើញថា ជាស្ត្រីមួយរូបដែលបានកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិតែម្នាក់គត់ ចាប់តាំងពីអំឡុងឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាន​នីតិកម្ម និងវិទ្យាស្ថាន​វិទ្យាសាស្រ្ដ​សុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ លោកស្រី តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់ការងារយេនឌ័រនៅក្នុងជួរកងទ័ពតាមរយៈការបន្តលើកស្ទួយ និងផ្តល់ឱកាស តួនាទី ព្រមទាំងផ្ដល់ឋានន្តរស័ក្តិដល់កងទ័ពជានារីដែលមានសមត្ថភាព បទពិសោធ និងស្នាដៃក្នុងវិស័យការពារជាតិជាបន្តបន្ទាប់។ លោកស្រី ដាំ ដារីនី ទើបតែបញ្ចប់សញ្ញាបត្របណ្ឌិតរដ្ឋបាលសាធារណៈ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកស្រីបានឆ្លងកាត់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នីតិសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម