ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះតទៅខណៈកាលបរិច្ឆេទនៃការប្រមូលពន្ធប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះបានឲ្យដឹងថា ក្រុមការងារចម្រុះរាជធានីខេត្តដឹកនាំដោយមន្ត្រីពន្ធដាររួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួនលើកំណត់កំណាត់ផ្លូវជាតិសំខាន់ៗនៃរាជធានីខេត្តចាប់ពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១តទៅ។
អគ្គនាយកដ្ឋានបន្តថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬ នៅតាមសាខាពន្ធដារខេត្តខណ្ឌឬនៅសាខាធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដាធនាគារវឌ្ឍនៈធនាគារកម្ពុជាសាធារណៈ សាខាធនាគារជេត្រាស់រ៉ូយ៉ាល់និងសាខាធនាគារស្ថាបនាភីអិលស៊ី។
អគ្គនាយកដ្ឋានពន្ធដារមានក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាម្ចាស់យានយន្តទាំងអស់និងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធនិងរួសរាន់អញ្ជើញទៅប្រកាសបងពន្ធបានគ្រប់គ្នានឹងបានទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ដើម្បីចៀសវាងនូវក្រុមការងារចម្រុះរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធដែលនាំឲ្យខកខានពេលវេលានិងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមានបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ៕
ដោយ ៖ សំអឿន