Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ថា បើ​ទោះ​បី LDP មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​ចុះឈ្មោះ ប៉ុន្តែ​មិនអាច​មិន​ទទួលស្គាល់​បញ្ជី​បោះឆ្នោត​ផ្លូវការ​ទេ

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត របស់​គណបក្ស LDP គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ហើយគ​.​ជ​.​ប មិន​ផ្អែក​ទៅ​លើ​បញ្ហា​នេះ ដើម្បី​ធ្វើការ​ប្ដឹងផ្ដល់​នោះ​ទេ ប៉ុន្តែ​បើ​ទោះ​បី​ជា​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ក៏ដោយ ប៉ុន្តែ​មិនអាច​មិន​ទទួលស្គាល់​បញ្ជី​បោះឆ្នោត​ផ្លូវការ ពីព្រោះ​នៅពេល​ចូលរួម​បោះឆ្នោត គាត់​ត្រូវការ គ​.​ជ​.​ប និង​ត្រូវការ​បញ្ជី​បោះឆ្នោត​ផ្លូវការ​មួយ​។

ការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​រង​គ​.​ជ​.​ប បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា និង​បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ប្រកាស​មិន​ទ​ទទួលស្គាល់​លទ្ធផល នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ហើយ​គ្រោង​យក​របាយ​ការ​ណ៍​ប្រមាណ​១៨០០​ទំព័រ​ដាក់​តាម​បណ្តា​ស្ថានទូត​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដោ​យមក​ប្រែជា​ភាសា​អង់គ្លេស បារាំង ចិន ជប៉ុន ជាដើម​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​លោក សោម សូ​រី​ដា អះអាងថា មាត្រា​៦១ បានបញ្ជាក់​យ៉ាងច្បាស់​ថា អ្នកប្ដឹង​ជំទាស់​ចំពោះ​ការ​លុបឈ្មោះ​អ្នកបោះឆ្នោត​ណាមួយ​ចេញពី​បញ្ជី ត្រូវ​មាន​ឯកសារ និង​ភស្តុតាង​ច្បាស់លាស់ ដែល​បញ្ជាក់​ថា ជន​នោះ​ពុំមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅក្នុង​បញ្ជី​បោះឆ្នោត ចំណែក​កម្មវត្ថុ នៃ​បណ្ដឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ពាក់ព័ន្ធ​ទៅនឹង​ទី​សំណាក់​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ច្បាប់​បច្ចុប្បន្ន និង​ច្បាប់​មុន​ឆ្នាំ​២០១៤ មាន​លក្ខណៈ​ខុសគ្នា ។ មុន​ឆ្នាំ​២០១៤ គេ​និយាយ​ពី​លំនៅឋាន និង​និយាយ​អំពី​ទី​ស្នាក់នៅ​អចិន្ត្រៃយ៍ ប៉ុន្តែ​សម្រាប់​ច្បាប់​ដែល​នៅ​ជា​ធរមាន​បច្ចុប្បន្ន​នេះ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​មានន័យថា អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក នៅក្នុង​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាចធ្វើ​ការចុះឈ្មោះ​បោះឆ្នោត នៅ​កន្លែង​ដែល​ខ្លួន​ស្នាក់នៅ និង​ធ្វើការ​បាន ដែល​នោះ​គឺជា​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន ប៉ុន្តែ​បណ្ដឹង​របស់​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិនមាន​ភាព​ត្រឹមត្រូវ មិន​ឆ្លើយតប​ទៅ​នឹង​មាត្រា​៦១ នោះទេ តាំងពីដើម​រហូតដល់​ចប់​។

លោក សោម សូ​រី​ដា បញ្ជាក់​ទៀត​ថា ឯកសារ​ទាំង​ជាង​១៨០០​ទំព័រ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យើង​អាច​វាយតម្លៃ​បាន គឺ​ប្ដឹង​អាជ្ញាធរ​ដែល​ចេញ​ឯកសារ​មិន​ច្បាស់ លាស់​, ប្ដឹង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​បាន​រារាំង​ការ​សង្កេត​មើល​ការ​ចុះឈ្មោះ​បោះឆ្នោត​របស់​ភ្នាក់ងារ​គណបក្ស​, ប្ដឹង​ជំទាស់​ចំពោះ​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នោត​។

លោក​បន្ត​ថា ក្នុងចំណោម​បណ្ដឹង​ជាង​១៨០០ មាន​យ៉ាងច្រើន​៥​ចំណុច​ប៉ុណ្ណោះ ហើយ​៥ ចំណុច​នេះ បាន​សម្រាយ​ទៅលើ​ឯកសារ​បណ្ដឹង​១៨០០​នោះ ដូច្នេះ​វា​មិន​ពិបាក​នោះទេ នៅពេល​ប្រធានបទ​ដូចគ្នា គេ​ត្រូវ​ខ្ចប់​មួយកញ្ចប់ ហើយ​គ្រាន់តែ​បណ្ដឹង​ទាក់ទង​ទៅ​នឹង​លំនៅឋាន និង​ទី​សំណាក់​នេះ មាន​ជិត​៤០០​បណ្ដឹង ប៉ុន្តែ​ការប្ដឹង​ឲ្យ​មានការ​ដាក់ទោស​មាន​ប្រមាណ​តែ​៣ បណ្តឹង​ប៉ុណ្ណោះ ដូច្នេះ​មានន័យថា ច្រើនតែ​ទំព័រ ប៉ុន្តែ​កម្មវត្ថុ​នៃ​បណ្ដឹង​មាន​ប្រមាណ​តែ​៥​កម្មវត្ថុ​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូ​រី​ដា បាន​បញ្ជាក់​ទៀតថា គ​.​ជ​.​ប គឺជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត តែងតែ​ទទួលយក​នូវ​ការសម្របសម្រួល​ការ​គ្រប់ភាគី​ទាំងអស់ ជាពិសេស​ពី​គណបក្សនយោបាយ ដែល​បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត ហើយ គ​.​ជ​.​ប ក៏​មិនដែល​បិទផ្លូវ​ចំពោះ​ការជជែក​ពិភាក្សា​ណាមួយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នោះ​ទេ ហើយ LDP គឺជា​គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​ប្រមាណ​៤០ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ក៏​ជា​គណបក្ស​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​គណបក្ស​ចំនួន​៦ ដែល​បានដាក់​ភ្នាក់ងារ​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​ផងដែរ​។

លោក​ថា ក្នុងចំណោម​គណបក្ស​ទាំង​៦​នោះ មាន​គណបក្ស​ចំនួន​០៥ បាន​អបអរសាទរ និង​ទទួលយក​លទ្ធផល នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​នោះ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​កិច្ចការ​របស់ គ​.​ជ​.​ប មិន​ប្រាកដថា គ្រប់ភាគី​ទាំងអស់​ទទួលយកបាន​នោះទេ ហើយ​ជាក់ស្តែង គឺ​គណបក្ស LDP នេះ​។ LDP អាច​បដិសេធ​លទ្ធផល នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​មិនអាច​បដិសេធ​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់ គ​.​ជ​.​ប បានទេ ពីព្រោះ​នៅពេល​រៀបចំ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​ត្រូវតែមាន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នេះ​។

ទាក់ទង​បញ្ហា​នេះ លោក សោម សូ​រី​ដា បានលើកឡើង​ទៀតថា លោក​នៅចាំ​បាន​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ នៅពេលដែល​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ ហើយ​មាន​គណបក្ស​មួយ (​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​) បាន​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ ដែល​បាន​អះអាងថា បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត​មួយគូ​ឡាន ដើរ​ដាក់​នៅតាម​ស្ថានទូត​ផ្សេងៗ តែ​គ្មាន​លទ្ធផល​អ្វី​នោះទេ​។ ដូចគ្នានេះដែរ ជាង​១៨០០​ទំព័រ របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅពេលដែល​យកទៅដាក់​នៅតាម​ស្ថានទូត​ផ្សេងៗ ស្ថានទូត​នីមួយ គេ​មិនមែន​សុទ្ធតែ​ជឿជាក់​នោះទេ​។ គេ​ក៏មាន​អ្នកជំនាញ​អ្នកបច្ចេកទេស លើ​ការងារ​បោះឆ្នោត ដើម្បី​សិក្សា​ទៅលើ​ឯកសារ​ទាំងអស់នោះ ហើយ​គេ​ក៏​មើល​ទៅលើ​លទ្ធផល នៃ​ដំណើរការ​បោះឆ្នោត​របស់ គ​.​ជ​.​ប នាពេល​កន្លងមក ទាំង​ការរៀបចំ​បញ្ជី​បោះឆ្នោត ដែល​មិនដែល​រង​ការប្រមាថ មិនដែល​រង​ការបដិសេធ​ពី​ភាគី​ពាក់ព័ន្ធ​ណាមួយ​ទេ​។

ចំណុច​មួយទៀត ដែល​សំខាន់​ដែរនោះ លោក សោម សូ​រី​ដា បាន​លើកឡើងថា ការ​ការពារ​ប្រជាពលរដ្ឋ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ ដើម្បី​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​នេះ គឺជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប នៅក្នុង​ការ​រៀប​ចំការ​បោះឆ្នោត ដែល​ធានាថា ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​សិទ្ធិ​បោះឆ្នោត​ត្រូវតែ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ហើយ​អ្នក​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ត្រូវតែ​បាន​បោះឆ្នោត ហើយ​សន្លឹកឆ្នោត​របស់​គាត់​ត្រូវតែ​បាន​រាប់​ដោយ​សុ​ក្រិត និង​យុត្តិធម៌​បំផុត​។

លោក សោម សូ​រី​ដា បានបញ្ជាក់​ទៀតថា ការប្រកាស​របស់ LDP គឺជា​សិទ្ធិ​របស់គាត់ ដែល​សិទ្ធិ​នេះ​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដូច្នេះ​ការបញ្ចេញមតិ​បង្ហាញថា មិន​ទទួលស្គាល់​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ គឺជា​សិទ្ធិ​របស់​គណបក្សនយោបាយ គ​.​ជ​.​ប មិន​ផ្អែកទៅលើ​បញ្ហា​នេះ ធ្វើការ​ប្ដឹងផ្ដល់​នោះទេ ប៉ុន្តែ​បើ​ទោះ​បី​ជា​គាត់​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការចុះឈ្មោះ​បោះឆ្នោត​ក៏ដោយ ហើយ​ប្រសិនបើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បញ្ជី​បោះឆ្នោត​ទៅកាន់​បណ្ដា​ស្ថានទូត ហើយ​មាន​ស្ថានទូត​ណាមួយ​ទទួលស្គាល់​នោះ លោក​អះអាងថា បើទោះបីជា​ស្ថានទូត​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ គឺជា​សិទ្ធិ​របស់​ស្ថានទូត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ខេមរៈ សិរីមន្ត ប្រកាសចេញបទបែបប្រពៃណី ក្រោយរងការរិះគន់បទបែបសម័យទំនើប

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមហ៊ុន​អ្នក​ឧកញ៉ា គិត ម៉េង ប្រកាស​​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសថ្មីមួយទៀតនៅ​ខេត្ត​កណ្តាល​

ព័ត៌មានជាតិ១៩ នាទី មុន

លោក ស សុខា លើកទឹកចិត្តសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើនការបណ្ដុះបណ្ដាលជំនាញព័ត៌មានឌីជីថល

ជីវិតកម្សាន្ដ២៨ នាទី មុន

ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ថៃ ពិនិត្យរោងចក្រគ្រប់គ្រងដោយជនជាតិចិន ទូទាំងប្រទេស ក្រោយហេតុការណ៍រន្ធត់ ស្លាប់កម្មករ ៦នាក់

Sokha Hotels

ព័ត៌មានពេញនិយម