អ្នកភូមិ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​H5N1​រក្សាការរស់នៅធម្មតា តែអនុវត្តតាមវិធានការ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកភូមិ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​H5N1​រក្សាការរស់នៅធម្មតា តែអនុវត្តតាមវិធានការ

បានផុស

នៅ

​ក្រោយពេល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ​H5N1 ​លើកដំបូង​នៅ​ក្នុង​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ​ស្រុក​ឯកភ្នំ ​ខេត្ត​បាត់ដំបង រួចមក អ្នកភូមិមួយ​ចំនួន​បានបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាធម្មតា ប៉ុន្តែ​បានអនុវត្តតាមការណែនាំរបស់អ្នកជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួរ​ សឺន ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិព្រែកខ្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ ពីទីតាំងផ្ទុះជំងឺ​ផ្ដាសាយ​បក្សី បានប្រាប់គេហទំព័រ កម្ពុជាថ្មី ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា នេះថា ក្រោយ​ផ្ទុះជំងឺ​ រហូតដល់ថ្ងៃទី១២ ខែមករាកន្លងមកថ្មីៗនេះ សត្វមាន់ដែលលោក​ចិញ្ចឹម​ក្នុងភូមិ ជា​លក្ខណៈ​គ្រួសារ ​បានងាប់ជាបន្តបន្ទាប់អស់​ជាង១០០ក្បាល តែក្រុមគ្រួសាររបស់លោកមិនបរិភោគឡើយ ហើយបាន​កប់ចោលតាមការណែនាំពីមន្ត្រីជំនាញ។

លោកបន្តថា ​ក្រុមគ្រួសារលោក និងអ្នកភូមិ​ មិនមានការ​ព្រួយបារម្ភ​ជា​មួយ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រ​ភេទAH5​N1នេះទេ ព្រោះ​ពលរដ្ឋ​បាន​អនុវត្ត​តាមការណែនាំរបស់មន្រ្តីជំនាញ។

ចំណែក​លោក ពៅ សុង មានទីលំនៅជាប់​ព្រុំដី​កសិដ្ឋាន​ដែលផ្ទុះជំងឺខាងលើ ​បានលើកឡើង​ដែរថា ​​ក្រុម​គ្រួសារ​របស់​លោក​ និង​អ្នក​ភូមិ មិនមានការព្រួយបារម្ភពីជំងឺនេះឡើយ ហើយការរស់នៅប្រចាំថ្ងៃ ក៏ស្ថិត​ក្នុង​សភាពដូចសព្វដងដែរ។

លោកបានលើកឡើងថា មន្ត្រីជំនាញជាច្រើននាក់ បានយកចិត្តទុកដាក់ចុះពិនិត្យ និងសម្លាប់សត្វបក្សី រួម​មាន ៖ មាន់ ទា ​ចោលគ្មានសល់ ​ដែលនេះជាការទប់ស្កាត់ និងការ​ពារយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឱ្យឆ្លង​ជំងឺផ្ដា​សាយ​បក្សី។

​​លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ​លើកឡើងថា​ ​ ក្រសួង​ បាន​កំណត់តំបន់ដែលផ្ទុះជំងឺផ្តាសាយបក្សីប្រភេទ​H5N1 ក្នុងភូមិដែលមានកសិដ្ឋានចិញ្ចឹមបក្សីមាន់ ទា ១​កន្លែង ​គ្រប់គ្រងដោយ លោក ហូ ណាម ស្ថិតក្នុងភូមិ​ព្រែកតាច្រែង ឃុំព្រែកនរិន្ទ ​ស្រុកឯកភ្នំ​ខេត្តបាត់​ដំបង​។
 
​ក្នុង​សេចក្តីប្រកាសកំណត់តំបន់ខាងលើ បានតម្រូវឲ្យអគ្គនាយកដ្ឋានសុខភាព​សត្វ​ផលិតកម្មសត្វចាត់​វិធានការបសុព្យាបាល នៅតំបន់ផ្ទុះជំងឺផ្ដាសាយបក្សី ត្រូវបំផ្លាញចោលចំពោះបក្សី​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ផ្ទុះជំងឺ តាមវិធានបច្ចេកទេសបសុពេទ្យ ​និងផ្អាកជា​បណ្ដោះអាសន្ន​ លើការទិញ​ការលក់ ឬការដឹក​ជញ្ជូន​បក្សី​គ្រប់ប្រភេទ ចេញចូល ឬឆ្លងកាត់ ពីរង្វង់៣គីឡូម៉ែត្រ ជុំវិញកន្លែងផ្ទុះជំងឺខាងលើ​​៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services