Connect with us

ព័ត៌មានជាតិ

គម្រោងផ្លូវនាវាចរណ៍​ទន្លេបាសាក់​-កែប ​នឹងកែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជា

បានផុស

នៅ

ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បង្ហាញថា គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៣ ខែមីនានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។

នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។

ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។

ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី មុននឹងរៀបចំដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបន្ទាប់។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។

លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម