Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃខ្មែរ ចំនួន៦អង្គ ត្រូវអាជ្ញាធរថៃ ចាប់ផ្សឹក ​

បានផុស

នៅ

ព្រះសង្ឃខ្មែរ ចំនួន ៦ អង្គ ដែលលបឆ្លងដែនចូលក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតត្រូវបានតម្រួតថៃឃាត់ខ្លួន ព្រមទាំងបានចាប់ផ្សឹកទាំងអស់ ខណៈដែលព្រះសង្ឃទាំងអស់កំពុងបន្តដំណើរតាមរថយន្តមួយគ្រឿង ចេញពីខេត្ត សុរ៉ាតថានី ឆ្ពោះទៅកាន់ទីក្រុងបាងកក ក្នុងគោលបំណង រកផ្លូវវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវបានក្រុមតម្រួតថៃ ឃាត់ខ្លួនតែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ នេះ លើកំណាត់ផ្លូវ កានក្សេនក្នុងស្រុកថាសែន ខេត្តឈុំផន ខណៈដែលមានការសង្ស័យទៅលើរថយន្តតួរីស ពណ៌ ស មួយគ្រឿង ពាក់ស្លាកលេខ ទីក្រុងបាងកក ដែលមានដឹកព្រះសង្ឃចំនួន៦ អង្គ នៅក្នុងរថយន្តនោះ ។


ក្រោយពីបានសាកសួរទើបដឹងថា ព្រះសង្ឃទាំងអស់ គឺជាសង្ឃខ្មែរ បានមករស់នៅក្នុងទឹកដីថៃរយៈពេល ៣ ឆ្នាំ មកហើយ ដោយដំបូង បានចូលទៅរស់នៅក្នុងវត្តយ៉ានថា នាទីក្រុងបាងកក ដោយសារតែទីអារាមនេះ មានព្រះសង្ឃខ្មែរគង់នៅច្រើន ហើយក្រោយមកក៏បាននិមន្តទៅកាន់ខេត្ត សុរ៉ាតថានី ដើម្បីបិណ្ឌបាតយកបច្ច័យបន្តទៀត ។

ព្រះសង្ឃទាំងអស់បានសារភាពបន្តថា ដោយសារបញ្ហាកូវីដ ទើបព្រះសង្ឃទាំងអស់បានមូលមតិថា នឹងវិល​ត្រឡប់ទៅប្រទេសកម្ពុជាវិញ ទើបបានជួលរថយន្តតួរីសមួយគ្រឿងនេះ ក្នុងតម្លៃ ១ ម៉ឺន បាត ដោយបានកក់មុន ចំនួន ៦ ០០០ បាតសិន ដើម្បីឱ្យជូនចេញពីខេត្ត សុរ៉ាតថានី ទៅកាន់វត្ត យ៉ាងថា ស៊ីចំរើន ដែលជាទីកន្លែងធ្លាប់រស់នៅទីក្រុងបាងកក បណ្តោះអាសន្ន ទើបរកផ្លូវវិលទៅកម្ពុជា ប៉ុន្តែ ត្រូវបានតម្រួតចាប់តែម្តង ។

ក្រោយពេលត្រួតពិនិត្យ គឺនៅលើខ្លួនប្រាណព្រះសង្ឃ មានតែឆាយ៉ា សម្គាល់ថា ជាសង្ឃខ្មែរតែប៉ុណ្ណោះ ដោយគ្មានលិខិតស្នាម និងច្បាប់អនុញ្ញាត ឱ្យឆ្លងដែនចូលមកកាន់ប្រទេសថៃឡើយ ព្រមទាំងមានលុយជាច្រើន ដែល​ភាគច្រើន គឺជាប្រភេទក្រដាសប្រាក់ ២០ បាត ដែលបានមកពីការបិណ្ឌបាត ដោយឡែកអ្នកបើកបររថយន្តឈ្មោះ វិសន ឆៃភូមិ អាយុ ៣៩ ឆ្នាំ ជាអ្នករស់នៅស្រុកហាតយ៉ៃ ខេត្តសុងខ្លា ក៏មានលុយចំនួន ៦ ០០០ បាតដែរ ដែលជាលុយរបស់ព្រះសង្ឃកក់ថ្លៃរថយន្តមុន ។

បន្ទាប់មក គឺនៅថ្ងៃដដែល ព្រះសង្ឃទាំង ៦ អង្គ ត្រូវបានផ្សឹកជាពលរដ្ឋធម្មតា ព្រមទាំងបានធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ មុនពេលអនុញ្ញាតឱ្យវិលចូលមកកម្ពុជាវិញ ដោយឡែកអ្នកបើកបរត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អទ្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម