ព័ត៌មានជាតិ
នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អះអាងថា វត្តមានសត្វខ្លាធំ មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអះអាងថា វត្តមានសត្វខ្លាធំក្នុងតំបន់ជួរភ្នំក្រវាញ គឺមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ។ ផ្ទុយទៅវិញ សត្វខ្លាធំ នឹងអាចរងការគំរាមកំហែងដោយអន្ទាក់ និងការបរបាញ់។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែមីនា ក្នុងព្រឹត្តិការណ៍នៃដំណើរទស្សនាចរសត្វព្រៃនៅខេត្តកោះកុង កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានថ្លែងដូច្នេះថា៖ «ពាក់ព័ន្ធនឹងគ្រោះថ្នាក់នៃការដាក់សត្វខ្លាធំនៅក្នុងតំបន់អភិរក្សនៃជួរភ្នំក្រវាញ គឺមិនមែនគ្រោះថ្នាក់បង្កដោយសត្វខ្លាលើមនុស្សនោះទេ ផ្ទុយទៅវិញ គ្រោះថ្នាក់ដែលបង្កឡើងដោយមនុស្សចំពោះសត្វខ្លាទៅវិញទេ»។ ត្រង់ន័យនេះ កញ្ញា ស៊ូវណ្ណា បានគូសបញ្ជាក់ថា ក្នុងតំបន់ព្រៃ គឺពោលពេញដោយអន្ទាក់ ដែលជនមួយចំនួនបានដាក់ក្នុងការទាក់ចាំ ឬសម្លាប់សត្វព្រៃគ្រប់ប្រភេទ រួមទាំងសត្វខ្លាផងដែរ។
ហេតុដូច្នេះ កញ្ញា ស៊ូវណ្ណា បានអំពាវនាវដល់ប្រជាពលរដ្ឋសុំបញ្ឈប់ការដាក់អន្ទាក់នៅក្នុងព្រៃ បញ្ឈប់ការកាប់បំផ្លាញព្រៃដោយខុសច្បាប់ ក៏ដូចជាបញ្ឈប់សកម្មភាពនៃការបរបាញ់សម្លាប់សត្វព្រៃតទៅទៀត។ តែយ៉ាងណា ក្នុងករណីដែលសត្វខ្លាបានបង្កគ្រោះថ្នាក់ ឬសម្លាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ គឺក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងផ្ដល់ជាសំណងខូចខាតដល់ប្រជាពលរដ្ឋវិញ។

បើតាមកញ្ញា ស៊ូវណ្ណា ហ្គោនឡែត តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ ត្រូវបានរៀបចំរួចរាល់ហើយ ខណៈការនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌាមកលែងក្នុងតំបន់ព្រៃអភិរក្សនៅកម្ពុជានឹងអាចដំណើរការក្នុងរយៈពេល៩ខែទៀត។ នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃរូបនេះ បានឲ្យដឹងថា ក្នុងការស្ដារសត្វខ្លាធំនេះឡើងវិញបានត្រៀមដីព្រៃឈើទំហំ៩០ហិកតាស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយត្រូវបានរៀបចំរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណី ដើម្បីបន្សាំសត្វខ្លាធំនេះមុនលែងចូលតំបន់ស្នូលនៃតំបន់អភិរក្សសត្វខ្លា។

គួរជម្រាបថា គម្រោងស្តារសត្វខ្លាធំឡើងវិញ ជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដែលបានចុះអនុស្សារណៈរវាងប្រទេសទាំងពីរកាលពីពេលថ្មីៗនេះ ដើម្បីជាការបោះជំហានជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ ការស្តារសត្វខ្លាធំក្នុងតំបន់ព្រៃឈើជួរភ្នំក្រវាញនឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវៈចម្រុះនៅកម្ពុជា។គម្រោងនេះ ធ្វើឡើងបន្ទាប់ពីការបាត់វត្តមានសត្វខ្លាពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោកក្នុងឆ្នាំ២០១០ ដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួនសត្វខ្លាធំប្រហែលជាង៣ពាន់ក្បាល ថយចុះ៩៥% បើធៀបចំនួនសត្វខ្លាធំធ្លាប់មានក្នុងដើមទសវត្ស៍ទី២០ មានប្រហែល១០ម៉ឺនក្បាល៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


