Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

បានផុស

នៅ

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានអនុញ្ញាត​ឱ្យ Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរ​សម និង ពិភាក្សា​ការងារ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​នេះ លោក​ឯកអគ្គរាជទូត បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​ចក្រភព​អង់គ្លេស​-​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍​, អប់រំ និង​ការ​បោស​សម្អាត​មីន ហើយ​ឆ្នាំ​២០២៣ ប្រទេស​ទាំងពីរ​ក៏​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០​ឆ្នាំ​នៃ​ចំណង​ការទូត​ផងដែរ​។

ដោយ​ឡែក ចំពោះ​វិស័យ​ការពារ​ជាតិ​វិញ លោក​ឯកអគ្គរាជទូត បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម ដូចដែល​ស្តែងឡើង​តាមរយៈ​ការចាប់ផ្តើម​ចូល​ចត​នាវា​របស់​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លងទៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។

​ជា​ការ​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងទ័ពជើងគោក បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការចូលរួម​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ដំណើរការ​សន្តិភាព និង​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដូចជា​តាមរយៈ​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ជាដើម​។ ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ផងដែរ​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន រួមមាន វិស័យ​យោធា​, វិស័យ​សុខាភិបាល និង​ការភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ​ការភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​បន្ថែមទៀត​។

ជា​ចុងក្រោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស សម្រាប់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​សូម​គាំទ្រ​ចំពោះ​ទិសដៅ​ទៅមុខ​របស់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ ដែលជា​កិច្ចសហប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏​សំខាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម