ភ្នំពេញ ៖ មន្ត្រីនាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រយៈពេលជាង៣សប្តាហ៍នេះនៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសរងចាំទទួលជានិច្ចដើម្បីបំរើសេវាគ្រប់ពេលវេលាបន្ទាប់ពីបាននូវកម្មវិធីអាទិភាព១របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយៈពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការ កាត់បន្ថយអត្រាមរណ:ភាពមាតា និងទារក។
មន្ត្រីដដែលបានបន្ថែមថា សកម្មភាពទូទាំងប្រទេសរបស់CTPបានបន្តអនុវត្តន៍ជាប្រចាំថ្ងៃដោយបញ្ចេញសកម្មភាពគ្រប់រាជធានីខេត្តពេញៗមួយថ្ងៃរយៈពេលជាង៣សប្ដាហ៍មកនេះ គេឃើញស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រជាច្រើនគ្រួសារមកទទួលការចុះឈ្មោះថ្មីនិងការទទួលឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជាហូរហែក្រោយពេលក្រសួងជំនាញធ្វើការជូនដំណឹងរួចមក។
តាមសេចក្តីរាយការណ៍របស់នាយកដ្ឋានសុខុមាលភាព នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា សម្រាប់រយៈពេលប៉ុន្មានសប្ដាហ៍នេះសកម្មភាពរបស់នាយកដ្ឋានបានទទួលព័ត៌មានជាហូរហែស្ដីពីការចុះឈ្មោះថ្មី ការផ្តល់ជូនស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ តាមមូលដ្ឋានសុខាភិបាលនិងឃុំ សង្កាត់រួមជាមួយការពិនិត្យបញ្ជីឈ្មោះជាដើម។
សកម្មភាពប្រចាំថ្ងៃនៃការទទួលផលរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដោយការចុះឈ្មោះថ្មីនៅតាមឃុំ សង្កាត់ និងការពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស ដែលជាកម្មវិធីអាទិភាព១របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយៈពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការ កាត់បន្ថយអត្រាមរណភាពមាតា និងទារក។
ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២១តទៅ។
កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅក្បែរតែម្ដង៕
ដោយ ៖ វិមាន