ស្ពាន​ស្ទឹងត្រង់-​ក្រូច​ឆ្មារ​ នឹង​រួចរាល់​ទាំងស្រុង ដាក់​ឲ្យ​ប្រើប្រាស់​មុន​ចូល​ឆ្នាំ​ខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ពាន​ស្ទឹងត្រង់-​ក្រូច​ឆ្មារ​ នឹង​រួចរាល់​ទាំងស្រុង ដាក់​ឲ្យ​ប្រើប្រាស់​មុន​ចូល​ឆ្នាំ​ខ្មែរ

បានផុស

នៅ

ក្រុម​កម្មករ​កំពុង​ឈានទៅ​បញ្ចប់​ការដ្ឋាន​ស្ពាន​ស្ទឹងត្រង់​-ក្រូច​ឆ្មារ ដែល​សម្រេច​បាន​ជាង ៩៥ ភាគរយ ដើម្បី​អាច​ដាក់​ឲ្យ​ប្រើប្រាស់​​មុន​ចូល​ឆ្នាំ​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម លោក សុខ ស៊្រុន បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា ការ​តភ្ជាប់​តំណ​ស្ពាន​ទាំង​សងខាង​បាន​រួច​រាល់​ទាំង​ស្រុង នៅ​តែ​រៀប​បង្កាន់​ដៃ​ស្ពាន​និង​អ៊ុត​កៅស៊ូ​បន្ថែម​តែ​ប៉ុណ្ណោះ។

លោក សុខ ស៊្រុន បាន​ឲ្យ​ដឹង​បន្ត​ថា ស្ពាន​ស្ទឹងត្រង់​ក្រូច​ឆ្មារ​ដែល​បើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បាន​ដំណើរការ​តាម​ផែនការ​ អាច​បញ្ចប់​​មុន​ចូល​ឆ្នាំ​ខ្មែរ។

គម្រោងសាងសង់ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ បាន​ចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ​ ភ្ជាប់​ពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តាម​លោក​ប្រធាន​មន្ទីរ ក្រោយ​ស្ពាន​នេះ​ដាក់​ដំណើរការ នឹង​ជំរុញ​ការអភិវឌ្ឍ កំណើន​សេដ្ឋកិច្ច និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬ​ទំនិញ​ផ្សេងៗ​។

ខេត្ត​កំពង់ចាម​មានស្ពាន​ឆ្លង​ទន្លេដល់ទៅ ៣ ក្រោយ​ស្ពាន​ស្ទឹងត្រង់-ក្រូច​ឆ្មារ​ ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។ ស្ពានគីហ្សូណា បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ហើយក៏ជាស្ពានទី១ ដំបូងគេបំផុតដែលស្ថាបនាកាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ស្ពាននេះ បានចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។

ចំណែក​ស្ពានកោះប៉ែនជា​ស្ពាន​ឆ្លង​ទន្លេង​ទី​ពីរ ដែល​បានដាក់ឲ្យ​ដំណើរការ​នៅឆ្នាំ ២០១៨។ ស្ពាន​នេះ​មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ ភ្ជាប់ក្រុងកំពង់ចាមទៅប្រជុំ​កោះប៉ែន, កោះមិត្ត និងកោះត្រុំ។

ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១១ ដោយប្រើថវិការបស់រាជរដ្ឋាភិបាលតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services