Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ឯកភាព​ឱ្យសើរើ ​និង​ដកហូត​ដីចម្ការ​ស្រល់​របស់​រដ្ឋ​​មកវិញ​

បានផុស

នៅ

​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​កម្ពុជា​ បាន​ឯកភាព​ឲ្យមាន​ការសើរើ​ និង​ដកហូត​មកវិញ​ នូវ​ការទន្ទ្រាន​យកទៅ​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​លើដី​មួយ​ចំ​នួន​ដែលជា​ដី​ត្រូវបានធ្វើ​សម្បទាន​សេដ្ឋ​កិច្ច​សម្រាប់​ដាំ​ដើម​ស្រល់​ នៅក្នុង​ស្រុក​អូររាំង និងក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។ ការ​ឯកភាព​នេះ​ ធ្វើឡើង​នៅ​លើ​​លិខិត​ស្នើសុំ​របស់លោក វេ​ង សាខុន រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

នៅ​ក្នុង​​សំណើ​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ទី​២០​ ខែមករា ​ឆ្នាំ​២០២១ លោក វេ​ង សាខុន​ បាន​រៀបរាប់ថា​ ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​ អនុញ្ញាតឲ្យក្រុមហ៊ុន វូ​ជី​សាន និង ក្រុម​ហ៊ុន ហួរ លីង វិនិយោគ​ដាំ​ដើម​ស្រល់​ស្ថិតនៅ​ក្នុងស្រុក​អូររាំង​ និង​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​​​ ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជាហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ពាន់​ហិកតា​ តាម​រយៈ​ការរំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយ​ក្រុម​តូច​បំពាន​សិទ្ធិ​ស្របច្បាប់​ដោយ​គ្មាន​ខ្លា​ចរអែង​ច្បាប់​ និង​ក្រុមហ៊ុនវិនិយោគ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិត​លោក វេ​ង សាខុន បាន​បន្ថែមថា​ ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ ​ទីតាំង​ខ្លះ​ មានការ​បញ្ជាក់​ទិញ​-​លក់​ដី ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន ​កន្លែង​ខ្លះទៀត មាន​ទាំង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀត​ផង​។

ជា​មួយគ្នានេះ ​ផ្ទៃដី​ព្រៃ​ធម្មជាតិ ​ដែល​បាន​រក្សាទុក​ការ​ពារ​តាម​ជ្រលង​ដងអូរ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ ​ក៏​ត្រូវ​ទទួលរង​ការ​កាប់​រានទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ផង​ដែរ​។ ក្រៅពី​ព្រៃ​ស្រល់​ និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ក៏មាន​ការកាប់​រាន ដុត ឈូសឆាយ​និង​ហ៊ុមព័ទ្ធ​វាត​យក​ធ្វើ​ជា​​​កម្មសិទ្ធិ​​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ​ និង​ដីចម្ការ​ឈើ​ស្រល់ ​ដែលព្រះករុណា ព្រះបាទ​សម្ដេចព្រះ បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ ​ឆ្នាំ​២០០៥​ផងដែរ​។​

ជាមួយ​ការរៀបរាប់​ពី​សកម្មភាព​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​នេះ​ លោក វេ​ង សាខុន បានស្នើ​​​​​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤​ចំណុច​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​ នៃ​ការរំលោភ​កាន់កាប់​ដី​រដ្ឋ ​ដែល​កើតឡើង​ដដែលៗ​ទៀត។ ក៏ដូចជា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកវិនិយោគរួមមាន​៖​

១៖ រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លិខិត​ទាំងឡាយណា​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​ មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក​ និង​ត្រូវ​ចេញដីកា​ដកហូត​ដី​ទាំងនេះ​ មក​ជា​សម្បត្តិ​រដ្ឋ​វិញ​។​

២៖ រដ្ឋបាលខេត្ត ​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ពិនិត្យ​លើ​ ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ​,​ចំណាត់​ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង​ ឬ​ពុំ​ព្រម​អនុវត្ត​ស្រប​តា​ម​វិធាន​នានា ​ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក ​និង​នៅ​ជា​ធរមាន​,​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ​វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើដី​ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​, ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ​នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ ​និង​នេសាទ​ មក​ជា​ដី​កម្មសិទ្ធិឯកជន​មិន​មាន​ប្រ​ក្រតីភាព​ ដោយ​មិនបាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងកសិកម្ម ។​

៣៖ រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ​លើ​ការរំលោភ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព​ដោយមាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម​ ឬ​ប្តឹងទៅ​តុលា​ការ​ មោឃភាព​ចំពោះ​​វិញ្ញាបនបត្រ​ សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញនីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចារ​ឯកភាព​រាល់​សំណើ​ទាំង​៤​នេះ​ ផងដែរ។

សូមបញ្ជាក់ថា ​ការរំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ ​មិនមែនជា​រឿង​ថ្មី​នោះ​ទេ​សម្រាប់​ខេត្ត​ខេត្តមណ្ឌលគិរី។ កាលពី​ឆ្នាំ​២០២០​ក៏មាន​ការសើរើ​លើករណី​រំលោភ​ទន្ទ្រាន​ដី​​នៅ​ភូមិ​សាស្ត្រ​ស្រុក​អូររាំង​និង​ស្រុក​កែវ​សីមា​ផងដែរ ។ កាលនោះ​ជន​ពាក់ព័ន្ធ​នឹង​ការចេញលិខិត​លក់​ទិញ​ដី​ទាំងនេះ ​បាន​រង​ការពិន័យ​ ហើយ​ក្នុងនោះ អភិបាលស្រុក​កោះ​ញែក​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ ត្រូវបាន​ដកហូត​តំណែង​ផងដែរ​៕

អត្ថបទ ៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម