ដ្បិតកូវីដ-១៩ វាយលុកខ្លាំងនៅឆ្នាំ២០២០ ហើយ ONE Championship បានផ្អាកព្រឹត្តិការណ៍ប្រកួតរហូតដល់ ៥ ខែឯណោះ ចាន់ រតនា នៅតែបង្ហើបថា គេមានទំនាក់ទំនងល្អដដែលជាមួយក្លើសញ្ជាតិមីយ៉ាន់ម៉ា Phoe “Bushido” Thaw តាមរយៈការជជែកគ្នាតាមបណ្ដាញសង្គមទោះមិនបានជួបមុខគ្នាផ្ទាល់។
ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានឲ្យដឹងថា «យើងតែងតែឆាតលេងជាមួយតាម Facebook ដែលមានគ្នា ៤នាក់ក្នុងការចែករំលែកបទពិសោធន៍ទៅវិញទៅមក និងពាក់ព័ន្ធការងារមួយចំនួនកន្លងមក។ ឆ្នាំ២០២០ យើងមិនបានជួបគ្នាដោយសារកូវីដ-១៩។ មុនអត់មានកូវីដ គេតែងតែមកទស្សនកិច្ចនៅកម្ពុជា និង មកលេងខ្ញុំរួមនឹងការផ្ដល់សម្ភារហ្វឹកហាត់ខ្លះផង»។
បើគិតដល់ពេលនេះ រតនា ស្គាល់ Phoe Thaw ប្រហែល ៤ឆ្នាំហើយ។ អ្នកទាំងពីររាប់អានគ្នាក្នុងនាមជាកីឡាករគុនចម្រុះផង និងក្នុងនាមជាបងប្អូនផង។ រតនា ធ្លាប់ទៅឲ្យទឹកប្រមាណ៤ដង ពេល Phoe Thaw ឡើងសង្វៀន និងហ្វឹកហាត់ជាមួយគ្នាទៀតផង។
“Bushido” ដែលកូនមកពីក្លិប Myaing Ka LayA Phyu Yaung Thway នៃប្រទេស មីយ៉ាន់ម៉ាបានមកសួរសុខទុក្ខ ចាន់ រតនា ចុងក្រោយនាពាក់កណ្ដាល ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ។ កីឡាករមីយ៉ាម៉ាវ័យ ៣៦ ឆ្នាំបានចាត់ទុកកម្ពុជាជាផ្ទះទី២របស់ខ្លួន និងបានមកលេងកម្ពុជាចំនួន ៤ ដងមកហើយមុនកូវីដ-១៩ ផ្ទុះឡើង។
តារាគុនចម្រុះលំដាប់លេខ១ នៅកម្ពុជាសង្កត់ធ្ងន់ថា « Phoe Thaw ជាមិត្តម្នាក់ដែលតាមជួយលើកទឹកចិត្តខ្ញុំមិនថាហ្វឹកហាត់ ឬឡើងប្រកួតនោះឡើយ។ កាលខែ ធ្នូ កន្លងទៅគាត់ផ្ញើសារឲ្យខ្ញុំប្រឹងប្រែង និងខំប្រកួតដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រជាដើម។ ឲ្យតែពេល [ឡើងវ៉ៃ] គាត់តែងជួយពង្រឹងស្មារតី និងលើកទឹកចិត្តខ្ញុំជានិច្ច»។
ក្រៅពីទំនាក់ទំនងជាមិត្តភ័ក្ដិ តារាគុនចម្រុះរបស់ក្លិប Myaing Ka LayA Phyu Yaung Thway បានព្រមព្រៀងជួយក្លិបសិល្បៈ របស់ រតនា តាមតែអាចធ្វើទៅបានតាមលទ្ធភាពដូចជាសម្ភារៈហ្វឹកហាត់ និងការងារផ្សេង។ ប៉ុន្តែ ឆ្នាំ ២០២០ កន្លងទៅ តារាមីយ៉ាន់ម៉ាមិនបានកៀរគរសម្ភារជូនក្លិប «សិល្បៈ» ឡើយ។ ប៉ុន្តែ តារាកម្ពុជារំពឹងថា អាចជួប តារាមីយ៉ាន់ម៉ា នាពាក់កណ្ដាលឆ្នាំ ២០២១ បើសិនកូវីដ-១៩ ធូរស្បើយ។
គួរដឹងថា Phoe Thaw និង រតនាសុទ្ធតែតារាប្រចាំសង្វៀន ONE Championship។ អ្នកទាំងពីរប្រកួតលើសង្វៀនលំដាប់ពិភពលោកមួយនេះបានចំនួន ១០ ដងដូចគ្នា(មិនគិតការប្រកួតក្នុងស្រុក) ហើយម្នាក់ៗសុទ្ធតែរំពឹងថា នឹងបានបង្ហាញខ្លួនញឹកញាប់ទៀតនៅឆ្នាំ ២០២១ នេះ៕
សូមចុចអាន ៖ គ្រូបង្វឹក ចាន់ រតនា រំលឹកអំពីបរាជ័យ និងដាក់ផែនការដល់កូនសិស្សនៅឆ្នាំ២០២១
សូមចុចអាន ៖ បញ្ចប់ការប្រកួតជើងឯកជាតិឆ្នាំ២០២០ ក្លិបកាយសម្ព័ន្ធក្រសួងមហាផ្ទៃឈ្នះមេដាយបានច្រើនជាងគេ