ក្នុងរយៈពេល១ខែនេះ ខេត្តបន្ទាយមានជ័យ ទទួលបានពលករខ្មែរឆ្លងដែនមកពីប្រទេសថៃប្រមាណជិត១ម៉ឺននាក់ ក្នុងនោះមានពលករឆ្លងជំងឺកូវីដ១៩ចំនួនជិត៥០នាក់។
លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី២១មករានេះថា ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ខេត្តបន្ទាយមានជ័យ ទទួលបានពលករខ្មែរមកពីថៃចំនួន៨៧៣៥នាក់ ស្រី៣៨១៧នាក់ កំពុងធ្វើចត្តាឡីស័កចំនួន៣៧៧៣នាក់ ស្រី១៧៦៤នាក់ ក្នុងនោះមានអ្នកវិជ្ជមានកូវីដ១៩ចំនួនសរុប៤៨នាក់ ស្រី៣៦នាក់ និងអ្នកជាសះស្បើយចំនួន១២នាក់ ស្រី១០នាក់ និងកំពុងព្យាបាល នៅមន្ទីរពេទ្យខេត្តចំនួន៣៦នាក់ ស្រី២៦នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា ជាមួយគ្នានេះដែរ យើងបានបញ្ជូនចេញឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញចំនួន១០២៣នាក់ ស្រី៤០៩នាក់ និងអ្នកបានបញ្ចប់ចត្តាឡីស័ករយៈពេល១៤ថ្ងៃចំនួន៣៥១៨នាក់ ស្រី១៤៧៨នាក់។
លោក លី សារី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពលករដែលត្រូវបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញនោះ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងបានធ្វើតេស្តលើកទី១និងទី២ ដោយលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩រួចមក។ លោកបានបន្តថា រដ្ឋបានខេត្តបានចេញលិខិតបញ្ជាក់សុខភាពថា មិនមានជំងឺកូវីដ១៩ដល់ពលករ ដែលបានបញ្ជូនចេញឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ផងដែរ ដើម្បីឲ្យអាជ្ញាធរខេត្ត ដែលទទួលពលករបន្តងាយស្រួល ក្នុងការចាត់ចែងនិងគ្រប់គ្រងឲ្យបានល្អសំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះពលករខ្មែរមកពីថៃចំនួន៨១និងមានអ្នកជាសះស្បើយចំនួន ៣៩៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៥៧នាក់ ក្នុងនោះពលករខ្មែរចំនួន៤៩នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ពលករ ០៤ នាក់និងអ្នកដំណើរពីក្រៅ ០១ នាក់ ឆ្លងកូវីដ ១៩