Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ បាន​ដំណើរការ​ប្រកួត​នៅ​លើ​ទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ត្រូវ​ប្រកាស​បិទ​បញ្ចប់​នា​ថ្ងៃនេះ

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឆ្លង​សាល​ប្រជុំ​បុណ្យ និង​សមិទ្ធផល​នានា ក្នុង​វត្ត​គីរី​ស្រះស្រង់ (​ហៅ​វត្ត​ធន​មន្ត​) ស្ថិតនៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល នា​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ដែល​បាន​ដំណើរការ​ប្រកួត​នៅលើ​ទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៥ រាជធានី​-​ខេត្ត នឹងត្រូវ​ប្រកាស​បិទ​បញ្ចប់​នា​ថ្ងៃនេះ ជាមួយនឹង​ភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ដោយ​ឈរលើ​ស្មារតី​កីឡា និង​ស្របតាម​ប្រធានបទ “​កីឡា​រស់ក្នុង​សន្តិភាព​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ព្រឹត្តិការណ៍​នេះ គឺជា​មោទនភាព​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​ក្នុងនាម​ជា​ខ្មែរ ដែល​កម្ពុជា​អាច​សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុងការ​លើកកម្ពស់​កិត្តិនាម​កម្ពុជា​ឱ្យ​ល្បឺ​រន្ទឺ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​សហគមន៍​តែមួយ ហើយក៏​បន្ត​សុះសាយ​នៅ​ទូទាំង​សាកល តាមរយៈ យុទ្ធសាស្ត្រ​ប្រកបដោយ​ភាព​វ័យឆ្លាត​របស់​រាជរដ្ឋាភិបាល ក្នុងការ​បើកទូលាយ​ឱ្យមាន​ការផ្សព្វផ្សាយ​បន្ត​ដោយ​មិន​គិតថ្លៃ ជាពិសេស​ក៏បានផ្តល់​ការ​ស្នាក់នៅ​ហូបចុក​ដល់​គណៈប្រតិភូ និង​កីឡាករ​ទាំងអស់​ដោយ​មិន​គិតថ្លៃ​ផងដែរ​។ “​យើង​ជា​ប្រទេស​តូច តែ​បេះដូង​ធំ​” យើង​ជា​ប្រទេស​ប្រកបដោយ​ភាពកក់ក្តៅ ដែលមាន​ប្រជាជន​ពោរពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់​។

ផ្អែកលើ​ស្នាដៃ​នៃ​ការរៀបចំ​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គឺ​ពិតជា​បាន​សបញ្ជាក់​អំពី​បេះដូង​ពិត និង​តថភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ជាក់ស្តែង​ដែល​កំពុងមាន​យ៉ាង​ប្រាកដ​នៅ​កម្ពុជា​ក្រោម​ម្លប់​សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​ល្អ តាមរយៈ​ការបង្ហាញ​ដល់​ប្រជាជន​គ្រប់​ជាតិ​សាសន៍​លើ​ពិភពលោក​ឱ្យបាន​ដឹង បាន​ស្គាល់ បាន​ស្វែងយល់ បានមក​ទស្សនា​កំសាន្ត និង​អាច​បន្ត​មក​ទស្សនា​បន្ត​ទៀត​ក្នុងពេល​ខា​មុខ​។ ជាក់ស្តែង មោទនភាព​ជាតិ​ក្នុង​ស្មារតី​ជាតិនិយម ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុសផុល​ពី​ប្រជាជន​ទូទាំងប្រទេស ក្រោម​ស្មារតី​កីឡា​តែមួយ បាន​លើកស្ទួយ​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ និង​ជា​កម្លាំងចិត្ត​ដ៏​ខ្លាំងក្លា​សម្រាប់​គ្រប់​កីឡាករ​ក្នុងការ​ប្រឹងប្រែង​យកជ័យ​ជម្នះ​ជូន​ជាតិ​មាតុភូមិ​។

ជា​លទ្ធផល កម្ពុជា​ទទួលបាន​មេដាយ​សរុប​ចំនួន ២៨២ ដែល​ក្នុងនោះ​មេដាយមាស​ចំនួន ៨១, មេដាយប្រាក់ ៧៤ និង​មេដាយសំរិទ្ធ ១២៧ ដោយ​ស្ថិតក្នុង​លំដាប់​លេខ​រៀង​ទី​៤ ហើយ​ដែល​នេះ គឺជា​ប្រវត្តិសាស្ត្រ និង​កម្រិត​ខ្ពស់​ដែល​កម្ពុជា​ទទួលបាន​។ លទ្ធផល​ដ៏​ត្រ​ចេះ​ត្រចង់​នេះ គឺ​កើតចេញពី​ការគិតគូរ​យ៉ាងច្បាស់​លាស់ និង​ដាក់ចេញ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ តាមរយៈ​ការ​ផ្តល់នូវ​ការយកចិត្តទុកដាក់ វិនិយោគ​រយៈពេល​វែង ដែល​នឹង​បន្ត​ចាក់គ្រឹះ​រឹងមាំ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​កីឡាករ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ជាពិសេស​ចលនា​គាំទ្រ​នៅ​ទូទាំងប្រទេស ដែលជា​ចលករ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ដោយបាន​ផ្តល់នូវ​ការតម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។

ឯកឧត្ដម​ក៏​សូម​ចូលរួម​អនុមោទនា​ត្រេកអរ​ចំពោះ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ក្នុង​វិស័យ​ពុទ្ធចក្រ​នៅ​ទី​អារាម​ដ៏​ចំណាស់ ជាមួយនឹង​អាយុកាល​ប្រមាណ​ជាង ១ សតវត្សរ៍ ដែលជា​ទីកន្លែង​គួរ​ជាទី​មនោ​រម្យ និង​ជ្រះថ្លា​សម្រាប់​ការជួបជុំ និង​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី និង​ជំនឿ​របស់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ផ្ទាល់ ក៏ដូចជា​ពុទ្ធបរិស័ទ​មកពី​គ្រប់ទិសទី​ផងដែរ​។

វត្ត​ធន​មន្ត គឺ​បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​នៃ​ដំណើរ​វិវត្តន៍​របស់​ក​ម្ពុ​ជា ជាពិសេស​ការលំបាក​ក្នុង​រយៈពេល​សង្គ្រាម​នា​ស​ម័​យ​រដ្ឋប្រហារ​លន់នល់​ផង និង​ក្នុង​សម័យកាល​ដ៏​ខ្មៅ​ងងឹត​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរ​គ្មាន​សេសសល់ ហើយ​បាន ប្រែក្លាយ​ទី​អារាម​ទៅជា​ជង្រុក​ស្រូវ​ជំនួស​ឱ្យ​ជាទី​កន្លែង​គោរព​បដិបត្តិ​សាសនា​។

ប៉ុន្តែ​បច្ចុប្បន្ន​យើងទាំងអស់គ្នា កំពុង​សប្បាយរីករាយ​សាទរ​នូវ​សមិទ្ធផល​ដែលជា​មនុញ្ញផល​នៃ​ការកសាង​របស់​គណៈ​គ្រប់គ្រង​វត្ត ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ ក្នុងការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ផ្តល់​ជាទី​សុខសាន្ត​សម្រាប់​ពុទ្ធសាសនិក​គ្រប់ទិសទី​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។​

ក្រោម​ម្លប់​នៃ​សន្តិភាព កម្ពុជា​បាន​នឹង​កំពុង​ទទួល​នូវ​មនុញ្ញផល​ជាច្រើន​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ជាតិ និង​ប្រជាជន តាមរយៈ​គោលនយោបាយ​ដ៏​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ថ្នាក់ដឹកនាំ​ដែលមាន សម្តេច​តេ​ជោ ជា​ប្រមុខ​។

ជាក់ស្តែង​សម្រាប់​កម្រិត​ថ្នាក់ជាតិ វិស័យ​អាទិភាព ៤ គឺ “​មនុស្ស ទឹក ផ្លូវ ភ្លើង​” ដែល​បាន​ដាក់​ចេញ ហើយ​ដែល​ទទួលបាន​លទ្ធផល​ជាក់​ស្តែង ដូចជា​រាប់​ចាប់ពី​ការសង្គ្រោះ និង​រំដោះប្រទេស​ចេញពី​របប​ដ៏​ខ្មៅ​ងងឹត ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ រហូតមកដល់​ការ​រស់​ឡើងវិញ​នូវ​ដង្ហើម​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជាជន ជាមួយនឹង​ការ​បន្ត​រីកចម្រើន​ទៅមុខ​ប្រកបដោយ​និរន្តរភាព​។

តួយ៉ាង ក្នុង​មូលដ្ឋាន​ខេត្តកណ្តាល​ផ្ទាល់ ក៏បាន​បង្កើត​នូវ​គម្រោង​ធំៗ​ចំនួន ៣ ដែល​កំពុង​លេច​រូបរាង​ជា​បណ្តើរ​រួមមាន អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ក្រុង​តាខ្មៅ​, ផ្លូវ​វាង​ក្រុង និង​ផ្លូវ​នាវាចរណ៍ ដែលជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បម្រើឱ្យ​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល “​ជាតិ​រីកចម្រើន ទៅបាន គឺ​អាស្រ័យ​ដោយ​ប្រជាជន​រីកចម្រើន​”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម