Connect with us

ព័ត៌មានជាតិ

តំបន់​ទេសចរ​ណ៍​ធម្មជាតិ​ធំៗ​ចំនួន​៣ នៅ​ខេត្តស្ទឹងត្រែង នៅតែ​ទទួល​បាន​ភ្ញៀវ​យ៉ាងច្រើន ទោះបី​ជាមាន​បញ្ហា​ជំងឺ Covid-19

បានផុស

នៅ

លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​ថា ខេត្តស្ទឹងត្រែង មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ចំនួន​១១​កន្លែង ដែល​កំពុង​ដំណើរការ និង​កំពុង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​កម្សាន្ត ហើយ​រយៈពេល​កន្លងទៅ​នេះ ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ Covid-19 ក៏​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន បាន​ទៅ​ទស្សនា​នៅ​តំបន់​ទេសចរ​ណ៍​ធម្មជាតិ​ធំៗ​ចំនួន​៣ គឺ​ទី​១, សុភ​មិត្ត ទី​២, បុប្ផា​ភ្លុក និង​ទី​៣, អូ​ចា​ឡៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ដួង ពៅ កាលពី​ប្រមាណ​២០​ឆ្នាំមុន ខេត្តស្ទឹងត្រែង គឺជា​កោះ​មួយ ដោយសារតែ​នៅ​ទីនោះ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅដល់ ដោយ​ត្រូវ​ឆ្លងកាត់​តំបន់​អសន្តិសុខ​ជាច្រើន ហើយ​ក្រោយពី​សមាហរណកម្ម​ឆ្នាំ​១៩៩៨ ប្រជាពលរដ្ឋ​បាន​រស់​នៅ​ដោយ​សុខសាន្ត ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​។

លោក​ថា ខេត្តស្ទឹងត្រែង ក្រោយពី​ធ្វើការ​អភិវឌ្ឍ​សាងសង់​ផ្លូវ​ជាច្រើន ជាពិសេស​ផ្លូវជាតិ​ចំនួន​៣​ខ្សែ អាជ្ញាធរខេត្ត បានកំណត់​ឲ្យ​ទៅជា​គោលដៅ​ទេសចរណ៍ ជាមួយនឹង​កំណើន​ឧស្សាហកម្ម​ធុន​ស្រាល ដែលមាន​ការផលិត និង​ការកែច្នៃ​កៅស៊ូ ព្រមទាំង​ឧស្សាហកម្ម​មួយចំនួនទៀត​។

បើ​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ការ​ធ្វើ​ផ្លូវ​ចំនួន​៣​ខ្សែ​នេះ បាន​ធ្វើ​ឲ្យ​ខេត្ត​មាន​សក្តានុពល ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​ទេសចរ​ណ៍​ធម្មជាតិ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​យើង​មាន​តំបន់​ធម្មជាតិ​ចំនួន​១១ ដែល​កំពុង​ដំណើរការ និង​កំពុង​បើក​ហើយ​ប្រជាពលរដ្ឋ​ទៅ​ទស្សនា ហើយ​រយៈពេល​២​ឆ្នាំនេះ ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ Covid-19 ក៏មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បាន​ទៅ​ទស្សនា​នៅ​តំបន់​ធម្មជាតិ​ធំៗ​ចំនួន​៣ គឺ​ទី​១, សុភ​មិត្ត ទី​២, បុប្ផា​ភ្លុក និង​ទី​៣, អូ​ចា​ឡៅ ។ តំបន់​៣​នេះ បើទោះបី​ជាមាន​បញ្ហា​ជាមួយ​កូ​វីដ​១៩​ក្តី ក៏​នៅតែមាន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទៅ​ទស្សនា និង​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​សហគមន៍​យ៉ាងច្រើន​”​។

ជាមួយគ្នា​នោះ លោក ដួង ពៅ អះអាងថា ខេត្ត​ក៏​បាននឹងកំពុង​ពង្រីក​តំបន់​ទេសចរណ៍​មួយចំនួនទៀត ដែល​មាន​លក្ខណៈ​ទាក់ទាញ នឹងមាន​សក្តានុពល សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៃ​ទេសចរ​ណ៍ត​ភ្ជាប់ ដោយ​ធ្វើ​ឲ្យ​អ្នកទេសចរ ដែល​ចេញពី​ប្រទេស​វៀតណាម ចូលមក​កាន់​ខេត្តស្ទឹងត្រែង ហើយ​មិន​ឲ្យ​ធ្វើដំណើរ​ហួស​ទេ ដោយ​ឲ្យ​ពួកគាត់​សម្រាក​បាន​មួយ​យប់ ឬ​ពីរ​យប់​សិន ដើម្បី​ឲ្យ​ពួកគាត់​ទម្លាក់​លុយ​ខ្លះ​នៅ​ទីនោះ តាមរយៈ​ដើរ​កំ​សាន និង​ទស្សនកិច្ច​នៅ​តំបន់​ធម្មជាតិ ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង អាជ្ញាធរខេត្ត ក៏បាន​កំពុង​ត្រៀម​បង្កើត​តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ និង​សហគមន៍​ទេសចរណ៍​គ្រួសារ និង​ក​សិ​ទេសចរណ៍​សហគម​ន៍ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ពង្រីក​តំបន់​ទេសចរណ៍​នៅក្នុង​ឲ្យ​បាន​ប្រសើរឡើង​។

ក្នុងនាម​អាជ្ញាធរខេត្ត លោក ដួង ពៅ បាន​អះអាង​ដែរ​ថា នៅ​ថ្ងៃ​ខាងមុខ ខេត្តស្ទឹងត្រែង នឹងមាន​ព្រលានយន្តហោះ​ផងដែរ ហើយ​មកដល់ពេលនេះ ក្រសួងទេសចរណ៍ ក៏ដូចជា​អាជ្ញាធរ​អាកាសចរ​ស៊ីវិល បាន​សិក្សា​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបាន​កំណត់​រួចហើយ​នូវ​ផ្ទៃដី ដូចជា​ផលប៉ះពាល់​ក្នុង​ការពង្រីក​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​ផងដែរ​ក្នុងនោះ បាន​ត្រៀម​ដី​ទំហំ​៥០០​ហិកតា សម្រាប់​ព្រលានយន្តហោះ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម