បច្ចេកទេស​ថ្មីក្នុង​ការ​ចិញ្ចឹម​មាន់ កសិករ​វ័យក្មេង​ម្នាក់ ទទួល​ជោគជ័យ​រយៈពេល​៥​ឆ្នាំ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បច្ចេកទេស​ថ្មីក្នុង​ការ​ចិញ្ចឹម​មាន់ កសិករ​វ័យក្មេង​ម្នាក់ ទទួល​ជោគជ័យ​រយៈពេល​៥​ឆ្នាំ

Published

on

​កសិករ​វ័យក្មេង​ម្នាក់ បាន​តស៊ូព្យាយាម​រៀនសូត្រ​ចិញ្ចឹម​មាន់​ស្រែ​យក​ពង​ ដែល​យក​កូន​លក់ ទទួល​បាន​ជោគជ័យ​ក្នុង​រយៈពេល​៥​ឆ្នាំ ​កន្លង​មកនេះ នៅ​ក្នុង​ភូមិ​ទំនប់​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំ​ពង់​ឆ្នាំង ដែល​ប្រជាកសិករ​យើង​គ្មាន​មុខរបរ ផ្គត់ផ្គង់ ជីវភាព នៅ​ក្នុងគ្រួសារ​គួរតែ​យក​គំរូ​តាម​។​

​លោក សយ ចាន់​ណាត បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃទី២១ ខែ​មករា ​ឆ្នាំ២០២១នេះ បាន​រៀបរាប់​អំពី​មុខ​របប​ចិញ្ចឹម​មាន់​ស្រែ យក​ពង​ភ្ញាស់​យក​កូន​លក់​របស់​លោក​ប្រាប់​ថា មកដល់​ថ្ងៃនេះ​លោក​បាន​ប្រកបមុខរបរ​នេះ​រយៈ​ពេល​៥​ឆ្នាំ​ហើយ ដែល​មុនដំបូង​ឡើយ​លោក​បាន​តស៊ូ​ព្យាយាម​រៀន សូត្រ​ជាមួយ​សាលា​កសិកម្ម​និង​ជា​មួយ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ចំនួន ដើម្បី​យក​បទពិសោធន៍​មក​អនុវត្ត​ទទួល​បាន​ជោគជ័យ។

​ជាក់ស្តែង​ក្នុង​ពេលនេះ ​លោក​កំពុង​ចិញ្ចឹម​មាន់​មេ​ចំនួន ៥០០​ក្បាល​និង​មាន់​ឈ្មោល៨០​ក្បាល ដោយ​បាន​ប្រើ​បច្ចេកទេស​ថ្មី​យក​មេ​ជីវិត​របស់​មាន់​ឈ្មោល​ចាក់​បញ្ចូល​ក្នុង​មាន់​ឲ្យ​វា​ពង និង​យក​ពង​នោះ​ទៅ​ភ្ញាស់​ជា​មួយ​ទូរ​អគ្គិសនី ដែល​អាច​ភ្ញាស់​ពងមាន់​បាន​មួយ​ម៉ឺន​គ្រាប់ ដើម្បី​យក​កូន​លក់។ ដោយឡែក​ក្នុង​ពេលនេះ ​ក្នុង​មួយថ្ងៃ​មាន់​បាន​ផ្ដល់​ពង​ឲ្យ​លោក​ជាង ១០០ គ្រាប់ ហើយ​ក្នុង ១​ខែ​លោក​អាច​ភ្ញាស់​កូន​មាន់​បាន​ពី ១​ពាន់​ក្បាល​ទៅ​២​ពាន់​ក្បាល​ ដើម្បី​លក់​ចែក​ជូន​កសិករ​នៅ​ក្នុង​ស្រុក។​

ក្នុងនោះដែរ ​កូន​មាន់​ ដែល​មាន​អាយុ​មួយ​អាទិត្យ​លក់​បាន​ក្នុង​១​ក្បាល​ថ្លៃ ៣៥០០ រៀល ចំណែក​កូន​មាន់ ​ដែល​មាន​អាយុ ២១ ថ្ងៃ ​ចាក់​វ៉ាក់សាំង​ហើយ គឺ​លក់​បាន​១ក្បាល​ថ្លៃ ៥​ពាន់​រៀល គឺ​ភ្ញាស់​កូន មាន់​លក់​ឲ្យ​ម៉ូយ​កុម្ម៉ង់​ទិញ​ មិន​ដែល​នៅសល់​នោះ​ឡើយ។ ជាមួយគ្នានេះដែរ ​កសិក​រ​ដែល​ទិញ​កូន​មាន់​ស្រែ​របស់​លោក​យក​ទៅ​ចិញ្ចឹម​ គឺ​លោក​បាន​ជួយ​ពន្យល់​ណែនាំ​អំពី​របៀប​ចិញ្ចឹម​មាន់ ​របៀប​ធ្វើ​វ៉ាក់សាំង​ចាក់​ឲ្យ​មាន់​ជាដើម ​ដោយ​លោក​មិន​លាក់​តម្រិះ​នោះ​ឡើយ ដើម្បី​រួមចំណែក​ឲ្យ​ប្រជាកសិករ ​នៅ​តាម​មូលដ្ឋាន អាច​បង្កើន​មុខរបរ​លើកស្ទួយ​ជីវភាព​ក្នុង​គ្រួ សារបាន​ល្អប្រសើរ។

​ទាក់ទង​នឹង​ការ​ចិញ្ចឹម​មាន់​ភាគ​ខាងលើ​នេះ​ដែរ លោក ​ហ៊ុន ​លី ​អនុប្រធាន​ការិយាល័យ​បសុពេទ្យ​ខេត្ត​កំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​កសិករ​ចិញ្ចឹម​មាន់​ទាំងអស់ ​សូម​អនុវត្ត​វិធានការ​ចាក់​វ៉ាក់​សាំង​និង​ធ្វើ​អនាម័យ​តាម​ទ្រុង​មាន់​ទា​ឲ្យ​បាន​ល្អ​ ដើម្បី​បង្ការ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​កុំ​ឲ្យ​ឆ្លង​ចូល ​នៅ​ក្នុង​សហគមន៍​របស់​យើង៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​កសិករ​ក្នុង​ស្រុក​សំឡូត ព្រួយ​បារម្ភ​រឿង​តម្លៃ​ទីផ្សារម្រេច ធ្លាក់​ចុះ​រាល់ឆ្នាំ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services