ខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី(សិទ្ធមនុស្សនិងអាទិភាពសម្រាប់មនុស្សចាស់)ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ និង២០ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។
វគ្គបណ្តុះបណ្តាលខាងលើនេះ ឋិតក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា(គ.ស.ម.ក)ដែលមានការចូលរួមពីលោកយឹម.សៀបអភិបាលរង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធព្រមទាំងមានការចូលរួមពីសមាជិកបណ្តាញមនុស្សវ័យចាស់កម្ពុជាមកពី៦រាជធានី/ខេត្ត ផងដែរ។ ក្នុងនោះមានមកពីរាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ និងកំពង់ធំ ដោយមានតំណាងអង្គការដៃគូនិងអ្នកពាក់ព័ន្ធបុគ្គលិកអង្គការមនុស្សចាស់កម្ពុជា មានចំនួន៤៥នាក់ទៀត មកចូលរួម ផងដែរ។
លោក កែវ រ៉ែមី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗដូចជា៖ស្វែងយល់អំពីស្ថានភាពរស់នៅរបស់មនុស្សចាស់ នៅតាមសហគមន៍និងយន្តការគាំទ្ររបស់សមាគមមនុស្សចាស់ ដើម្បីស្វែងយល់និងទទួលបានចំណេះដឹងអំពីសិទ្ធិមនុស្សជាសកលច្បាប់និងកិច្ចអន្តរាគមន៍នានា នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ក៏មានការពិភាក្សា និង ស្វែងយល់អំពីតម្រូវការ ព្រមទាំងអាទិភាពសំខាន់ៗរបស់មនុស្សចាស់ទាក់ទងទៅនឹងសិទ្ធិមនុស្ស ផងដែរ។
លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះដែរ បានចែករំលែកអំពីវឌ្ឍនភាព លទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក បានជាលទ្ធផលល្អប្រសើរតាមរយៈការកំណត់បញ្ហាប្រឈមនិងសកម្មភាពអាទិភាព ព្រមទាំងស្វែងរកកិច្ចសហការ ដើម្បីដោះស្រាយបញ្ហារបស់មនុស្សចាស់នៅក្នុងសហគមន៍។ ជាពិសេស ដើម្បីពង្រឹងសមត្ថភាពសមាជិកបណ្តាញ ក្នុងការស្វែងរកការគាំទ្រនិងរៀបចំផែនការសកម្មភាព សម្រាប់មនុស្សចាស់កម្ពុជា ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ