ស្ពាន​បុរាណ​មាន​អាយុកាល​ជិត​៩០០​ឆ្នាំ​ត្រូវបាន​ជួសជុល​ជា​លើកដំបូង​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ពាន​បុរាណ​មាន​អាយុកាល​ជិត​៩០០​ឆ្នាំ​ត្រូវបាន​ជួសជុល​ជា​លើកដំបូង​​

Published

on

​ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន​២៣​លើ​ដងផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ (​ព្រះ​ខ័ន​កំពង់ស្វាយ​)​។ សព្វថ្ងៃ​ស្ពាន​បុរាណ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​បង្កឡើង​ពី​កត្តា​មនុស្ស​និង​ធម្មជាតិ ធ្វើឲ្យ​ផ្នែក​ជាច្រើន​របស់​ស្ពាន​បុរាណ​បាន​ប្រេះ​ញែក​ចេញពី​គ្នា ហើយ​នៅ​ផ្នែក​កណ្តាល​តួ​ស្ពាន​សងខាង ថ្ម​មួយចំនួន​បាន​រលុះ​ធ្លាក់ និង​ផ្នែក​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។​

តាម​ការបញ្ជាក់​របស់​លោក ពុទ្ធ សុទ្ធ មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ​និង​ជា​ប្រ​ធាន​គម្រោង​ជួសជុល​ស្ពាន​តា​អោ​ង​ បា​នឲ្យ​ដឹងថា​ អាជ្ញាធរ​ជាតិ​អប្សរា​ផ្តើម​គម្រោង​ជួសជុល​ដំ​ណាក់​កាល​ទី​១​នេះ​ចំនួន​២​ចំណុច​សំខាន់ៗ គឺ​នៅ​ជញ្ជាំង​ស្ពាន​ផ្នែក​ខាងជើង​ដែល​បាន​រលុះ​ធ្លាក់​ និង​មាន​រហែក​ធំ​ចេញ​ក្រៅ​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​។ ក្រុមការងារ​នឹង​ធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ការជួសជុល​ថ្ម ការរៀបចំ​ពង្រឹង​ជើង​សសរថ្ម​ ដែល​រលុះ​ធ្លាក់​ឡើងវិញ ការ​បង្ហាប់ដី​កន្លែង​ច្រោះ​នៅ​គល់ស្ពាន​ខាង​លិច​និង​ការរៀបចំ​បង្កាន់ដៃ​នាគ​ ដាក់ចូល​តាម​ទីតាំង​ដើម​ឡើងវិញ​។

ចំពោះ​ប្រវត្តិ​និង​ចំណុច​សំខាន់​នៃ​ស្ពាន​បុរាណ​មួយ​នេះ លោក ពុទ្ធ សុទ្ធ បាន​ប្រាប់ថា​ ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​បណ្តោយ​ប្រវែង​៧០​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន​១៤​។ រន្ធត្រដេវ​នី​មួយៗ​មាន​ទទឹង​ប្រវែង​២​ម៉ែត្រ​ និង​កម្ពស់​៦​ម៉ែត្រ​។ ស្ពាន​នេះ​ធ្វើ​អំពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់​ដៃ​នាគ​ក្បាល​៩​និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំ​កណ្តាល​ក្បាល​នាគ​ធ្វើ​អំពី​ថ្មភក់​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ គេ​ពុំ​ដឹង​ច្បាស់​ថា​វា​ចាប់ផ្តើម​កសាងឡើង​ក្នុង​រាជ្យ​ណា​ទេ គឺ​គ្រាន់តែ​ដឹង​ជាទូទៅ​ថា​ស្ពាន​នេះ​សាង​ឡើង​នា​សម័យអង្គរ​។ ប៉ុន្តែ​បើ​មើល​លើ​ចម្លាក់​បង្កាន់ដៃ​នាគ គេ​អាច​ដឹងថា វា​ស្ថិតក្នុង​រចនាបថ​បា​យ័ន្ត (​ឆ្នាំ​១១៨១-១២២០​នៃ​គ្រិស្តសករាជ​)​។

សូមបញ្ជាក់ថា ស្ពាន​បុរាណ​ដែលមាន​អាយុកាល​ជិត​៩០០​ឆ្នាំនេះ បាន​ប្រារព្ធ​ពិធី​ប្រុង​ពលី​សែន​បួង​សួង​សុំ​សេចក្តីសុខ​ចម្រើន​និង​ជោគជ័យ​ក្នុងការ​ជួសជុល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ដែលមាន​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​សហការី រួម​នឹង​លោក​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និង​ប្រជាជន​ដែល​រស់​នៅ​ក្នុងភូមិ​ជាច្រើន​នាក់​បាន​ចូលរួម​ឲ្យពរជ័យ​។ គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ បាន​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយនឹង​បញ្ចប់​គម្រោង​នៅ​ខែមិថុនា ឆ្នាំ​២០២១៕​

អត្ថបទ​ ៖ គឿន​វេត​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services