ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ស្នើដល់អ្នកប្រើបណ្តាញសង្គមទាំងអស់ កុំចែករំលែកបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧»
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះ បាទ ជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាង ពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។
ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។

ក្រោយពីបទចម្រៀងនេះ បានបង្ហោះចេញពីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកនាង មាស សុខសោភា មានសាធារណជនជាច្រើនផ្ទុះការរិះគន់ និងបញ្ចេញមតិផ្សេងៗគ្នា។ ក្នុងនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ចេញមតិលើហ្វេសប៊ុកផ្លូវការដូច្នេះថា«បទចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។ ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយទិវង្គតរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹមសារបទចម្រៀងនេះទេ។ ខ្ញុំមិនបរិយាយទៅឆ្ងាយទេ បើអាច សុំលប់វីដេអូនេះចោលទៅ។ ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យពេចន៍ឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពខ្លឹមសារប្រវត្តិសាស្ត្រ។ ពាក្យ មរណភាព គេមិនប្រើចំពោះ ព្រះមហាក្សត្រ ទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលជាអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ តាមរយៈវណ្ណកម្មនេះ បង្ហាញថា ក្រុមផលិតទាំងមូលនៅខ្ចីសេចក្តី និងខ្វះភាពគ្រប់ជ្រុងជ្រោយ។ ជាថ្មីម្តងទៀត ខ្ញុំមិនគាំទ្រការយកព្រលឹងជាតិយើង ទៅលេងសើចបែបនេះទេ។ គួរលប់ចោលទៅ ហើយលប់ឱ្យបានលឿន។ «គ្មាននរណាបំផ្លាញព្រលឹងខ្មែរ ក្រៅតែពីខ្មែរខ្លួនឯងនោះទេ»។
រហូតមកដល់ពេលនេះ បើទោះបីជានៅលើហ្វេសផ្លូវការរបស់អ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញយ៉ាងណាក្តី តែនៅលើបណ្តាញយូធូបមួយចំនួន មិនទាន់លុបចេញនៅឡើយ បើទោះជាមានមហាជនចូលទៅខមិនឱ្យលុបចេញក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


