Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​គ្រោង​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ក​សិ​-​ឧស្សាហកម្ម​នាពេលខាងមុខ​នេះ​

បានផុស

នៅ

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គ្រោង​នឹង​រៀបចំ​បង្កើត​តំបន់ ឬ​សួន​សេដ្ឋកិច្ច​ពិសេស ក​សិ​-​ឧស្សាហកម្ម ក្នុងពេល​អនាគត​ដ៏​ខ្លី​ដើម្បី​ជំរុញ​ការនាំចេញ​កសិផល តាមរយៈ​ការ​ប្រមូលផ្តុំ ឃ្លាំង​ស្តុក​ត្រជាក់ រោងចក្រ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​។

ថ្លែង​នៅក្នុង​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា ពោ អណ្តែង និង​ត្រី​ឆ្តោ របស់​លោក លក លឿង​នៅ​ភូមិ​តា​កុ​ច ឃុំ​ស្រងែ ស្រុក​ព្រៃឈរ​ខេ​ត​ត្កំ​ពង់​ចាម នៅ​ថ្ងៃទី​២៣​មករា​នេះ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍ថា «​ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​វិនិយោគិន​ធំៗ ដែល​មាន​អាជីវកម្ម​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ដើម្បី​ត្រៀម​រៀបចំ​បង្កើត​តំបន់ ឬ​សួន​សេដ្ឋកិច្ច​ពិសេស ក​សិ​-​ឧស្សាហកម្ម ក្នុងពេល​អនាគត​ដ៏​ខ្លី​ដើម្បី​ជំរុញ​ការនាំចេញ​កសិផល តាមរយៈ​ការប្រមូលផ្តុំ ឃ្លាំង​ស្តុក​ត្រជាក់ រោងចក្រ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​។

លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា «​នៅពេល​តំបន់​នេះ​កើតឡើង នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការប្រមូលផ្តុំ​កសិផល​ក្នុងស្រុក កាត់បន្ថយ​ការកកស្ទះ ការធ្លាក់​ចុះថ្លៃ ការថែរក្សា​ទុក និង​ការ​ចែកចាយ​ក្នុង និង​ក្រៅ​ស្រុក​បាន​យ៉ាង​ល្អប្រសើរ មិនតែប៉ុណ្ណោះ​វា​ក៏​ជា​កន្លែង​ណាត់ជួប​ដ៏​មាន​សារសំខាន់​មួយ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​»​។

លោក រដ្ឋមន្ត្រី​បាន​ណែ នាំ​ឲ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​ធ្វើ​ទីផ្សារ​ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម រៀបចំ​ផ្សារណាត់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចិញ្ចឹម ឈ្មួញ និង​អ្នកបញ្ជា​ទិញ បាន​ជួប​ពិភាក្សាគ្នា​លើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។

ជាមួយគ្នានេះដែរ ត្រូវ​បន្ត​បញ្ចូល​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ទាំង​ការផលិត​កូន ផ្តល់​ចំណី គុណភាព​ទឹក និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះទៅ​បំពេញ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម រួមទាំង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​សំដៅ​ដល់​ការកែច្នៃ ឆ្លើយតប​តាម​ស្តង់ដារ​នាំចេញ​។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ប្រទេស ជិត ខាង​និង​អំពាវនាវ​អ្នក​បរិភោគ​គួរ​ងាក​មក​ប្រើប្រាស់ ឬ​បរិភោគ​ផលិតផល​ក្នុងស្រុក​វិញ​ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​វារីវប្បកម្ម ឲ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ ជាពិសេស លោក​សុំ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​នេះ ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ស្បៀង ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។

លោក លក លឿង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា ពោ អណ្តែង និង​ត្រី​ឆ្តោ បាន​ឲ្យ ដឹងថា កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០១១ លើ​ផ្ទៃដី ៣​ហ​.​ត ទទួលបាន​ផល​៣០ តោន​/​ឆ្នាំ​។

លោក​បាន​បន្ត​ថា ​បច្ចុប្បន្ន​កសិដ្ឋាន​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​បាន ៤៤ លើ​ផ្ទៃដី ២៧​ហិកតា គ្រោង​ចិញ្ចឹម​ឲ្យ​បាន ៩៥០-១០០០​តោន​ក្នុង​១​ឆ្នាំ និង​ឡើងដល់ ២៥០០ តោន​ក្នុង​ឆ្នាំ​២០២៣​។ ជាក់ស្តែង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​កសិដ្ឋាន​គ្រោង​ចាប់​ត្រី​ចម្រុះ​ចំនួន ១០០​តោន សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម