មាន​ប្រាក់ខែត្រឹម ៥០០ ដុល្លារអ្នក​ជំនាញ​បង្ហើបគន្លឹះ វិនិយោគអចលនទ្រព្យ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មាន​ប្រាក់ខែត្រឹម ៥០០ ដុល្លារអ្នក​ជំនាញ​បង្ហើបគន្លឹះ វិនិយោគអចលនទ្រព្យ

Published

on

មនុស្ស​ច្រើន​ណាស់ កំពុង​មាន​ក្តីប្រាថ្នាចង់ចូលប្រឡូកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែល​វិស័យ​នេះ​អាចផ្តល់ប្រាក់កម្រៃតបស្នងមកវិញបាន​ល្អប្រ​សើរ សម្រាប់អ្នកដែលទទួលបានភាពជោគជ័យ។

ទន្ទឹមនឹងភាពជោគជ័យ ក៏មានមនុស្សមិនតិចដែរ ដែលបរាជ័យក្នុងវិស័យមួយនេះ។

មានសំនួរមួយចំនួន​ពី​អ្នកដែលចង់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ។ តើបុគ្គលិក​ស៊ីប្រាក់ខែ​ក្រុមហ៊ុន​ មានប្រាក់ខែត្រឹម ៥០០ ដុល្លារ ចង់ចូលវិនិយោគអចលនទ្រព្យអា​ច​ទៅ​រួច​ទេ?

​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) លើកឡើង​ថា ការងារ​ត្រឹម​ប្រាក់ខែ ៥០០ ដុល្លារ មិនទាន់បានទេ ក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែការវិនិ​យោគ គឺជាការសេពគប់ សេពគប់អាចចូលជាក្រុមដៃគូ ចូលលុយគ្នាទិញ ដែលនេះជាយុទ្ធសាស្ត្រសិល្បៈនៃការងារជាក្រុម។

ប្រធានសមាគមអចលនវត្ថុរូបនេះ បានចែករំលែកបទពិសោធន៍ ប្រាប់កម្ពុជាថ្មីថា “ ដំបូង ខ្ញុំក៏ធ្លាប់ចូលជាមួយមិត្តភក្តិដែរ ពេលទិញដំបូង ៤ ឬ៥ ម៉ឺន គឺយើងចូលគ្នា នេះគឺជាសិល្បៈ កាធ្វើការងារជាក្រុម ប្រៀបបីដូចជាការដឹកនាំស្ថាប័នមួយអីចឹងដែរ ព្រោះពេលណាយើងមានគំនិតខ្វែងគ្នាយើងត្រូវចេះដោះស្រាយវាយ៉ាងម៉េច”។

លោកបន្ត​ថា ជាទូទៅ ធម្មជាតិរបស់មនុស្សភាគច្រើន គឺចូលចិត្តធ្វើការតែម្នាក់ឯងហើយលឿន ដូច្នេះអាស្រ័យលើមនុស្សមួយចំនួនទៀត អ្នកខ្លះគាត់ធ្វើការជាមួយក្រុមបាន អ្នកខ្លះធ្វើមិនបានទេ។

“មើលចរឹកធ្វើការងារជាក្រុមអត់បាន យើងទៅធ្វើជាមួយ នាំ​ឲ្យបញ្ហាប្រឈមឡើង”។

បើតាមអ្នកជំនាញរូបនេះ មានវិធីមួយទៀត គឺអាចខ្ចីប្រាក់ជាមួយធនាគារ ត្រូវចេះហ៊ាន​ខ្ចីខ្លះ ដើម្បីរកបានប្រាក់មួយចំនួន ដើម្បីធ្វើការងារជាមួយធនគារបាន។ អាចខ្ចីដើម្បីទិញដី ឬដើម្បីទិញផ្ទះបាន ហើយ​មានឱកាសសងត្រឡប់ទៅវិញ ការប្រាក់ធូៗថ្លៃ។

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) ​បាន​លើក​ឡើង​ថា ប្រសិនបើអ្នក​ធ្វើការបានប្រាក់ខែ ៥០០ ដុល្លារក្នុង១ខែ ហើយចង់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ត្រូវមើលពីស្ថានភាពគ្រួសារ ត្រូវគិតទៅលើចំណាយប្រចាំខែសិនថាតើ១ខែចាយអស់ប៉ុន្មានសម្រាប់គ្រួសារ។ ឧបមាថា អ្នក​ចាយអស់២០០ ឬ ៣០០ ដុល្លារ អី​ នៅសល់ប៉ុន្មាន ព្រមទាំងត្រៀមពេលឈឺថ្កាត់ទៀត ហើយបើបានប្រាក់ខែគ្រួសារបូកបញ្ចូលទៀតកាន់តែប្រសើរ។

លោកផ្តល់យោបល់ថា ប្រសិនបើមានលទ្ធភាព អាចទៅទិញផ្ទះបាន។ ប៉ុន្តែប្រសិនបើគ្មានទេ អាចវិនិយោគ ដីឡូតិ៍ ហើយមើលម្ចាស់គម្រោង ឆែក​មើល​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​ចាំទៅវិនិយោគ។ តាមបទពិសោធន៍​របស់​លោក ដី​អាចចំណេញឡើងពី ២ ទៅ ៣ ដង ប្រសិនបើទិញទុកក្នុងពេល ៣ ទៅ ៥ ឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services