Connect with us

ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសដែលមានឈ្មោះក្នុងបញ្ជីចូលមកបោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះបោះឆ្នោត ហើយកំពុងនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។

គ.ជ.ប បានឲ្យដឹងទៀតថា ដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ក្នុងករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះឆ្នោត។

គ.ជ.ប បានបន្ថែមថា ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត នឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ-សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត។

ចំពោះប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ហើយកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស គឺ គ.ជ.ប បានអំពាវនាវឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។

លើសពីនេះ គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្ត សិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ស្នើសុំការសហការពីស្ថានទូតរបស់កម្ពុជាទាំងអស់ មេត្តាជួយផ្សព្វផ្សាយសេចក្តីអំពាវនាវនេះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅ ក្រៅប្រទេសឱ្យបានទូលំទូលាយ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម