Connect with us

ព័ត៌មានជាតិ

កម្លាំង​មួក​ខៀវ​៣១​នាក់​ហ្វឹកហ្វឺន​បច្ចេកទេស​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូ​បូត​ចាប់​គ្រឿងផ្ទុះ​មុន​ចេញទៅ​បំពេញបេសកកម្ម​នៅ​យូ​អិន​

បានផុស

នៅ

ភ្នំពេញ ​៖ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ៣១​រូប ហ្វឹកហ្វឺន​បច្ចេកទេស​ប្រើប្រាស់​ម៉ា​ស៊ូ​ន​រ៉ូ​បូត ក្នុង​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មុន​ចេញទៅ​បំពេញបេសកកម្ម​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅពេល​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុទ្ធ អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​វគ្គ​នៅ​ថ្ងៃទី​២៥​មករា​នេះ​ថា​ កម្លាំង​មួក​ខៀវ​កម្ពុជា ហ្វឹកហ្វឺន​បច្ចេកទេស​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូ​បូត​នេះ​ គឺ​បង្រៀន​ដោយ​យោធា​ចា​រ្យ​ជាតិ​ផ្ទាល់​តែម្តង ដើម្បី​ឲ្យ​កម្លាំង​មួក​ខៀវ​ទទួលបាន​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ក្នុងការ​ប្រឆាំង និង​បន្សាប​ឧបករណ៍​កែច្នៃ និង​ដោះមីន ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​ព្រោះថា​ ពួកគេ​នឹង​ត្រូវ​ត្រៀម​បញ្ជូន​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់​, អាហ្វ្រិក​កណ្តាល​, និង​ម៉ាលី នាពេលខាងមុខ​។

លោក​បាន​បន្តទៀត​ថា ក​ង​កម្លាំង​មួក​ខៀវ​ដែល​ត្រៀមខ្លួន​ដើម្បី​ចូលរួម បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នេះ ពួកគេ​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​ជំនាញ​ច្បាស់លាស់​ហើយ​សុទ្ធតែ​បាន​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន​ត្រឹមត្រូវ ដែល​មាន​យោធា​ចា​រ្យ​ជាតិ និង​អន្តរជាតិ ដែល​ពី​សហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រី​UNMASS របស់​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ជា​មិត្ត​កម្ពុជា​ជាច្រើន​នាក់​ទៀត​។

គួរ​បញ្ជាក់​ថា ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ប្រមាណ ៧១២៣​នាក់ ហើយ ក្នុងនោះ​មាន​ស្ត្រី​៤១៩​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​ចំនួន​ប្រមាណ​ជិត ១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៤ រួមមាន​សាធារណរ​ដ្ឋ​ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម