លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជានិងប្រទេសឥណ្ឌាជាដៃគូល្អ ដែលបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យសន្តិសុខនិងការពារជាតិពិសេស មានទំនាក់ទំនងដ៏ល្អ និងយូរលង់មកហើយលើផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មនានាលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសផ្លាស់ប្តូរផ្នែកអរិយធម៌ វប្បធម៌ និងសាសនា ជាឫសគល់ដ៏ស៊ីជម្រៅ។
លោកស្រី Davyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្លែងបែបនេះ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារកាលពីម្សិលមិញ នៅទីស្តីក្រសួង ខណៈទទួលបានការអនុញ្ញាតពី លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ដៃគូសន្ទនា បានលើកឡើងនូវខ្លឹមសាររួមស្ដីពីទំនាក់ទំនងដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរទាំងផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយ។
លោកស្រី Davyani Uttamkhobragade ឯកអគ្គរដ្ឋទូត ឥណ្ឌាថ្មីប្រចាំកម្ពុជា បានបង្ហាញនូវការពេញចិត្ត ចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយនឹងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ទាំងសេដ្ឋកិច្ច និងការទូត ហើយក្នុងនោះក៏មានបញ្ហាថ្នាំចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ផងដែរ។ ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវបញ្ហាចម្បងមួយចំនួនដូចជា៖ការទាក់ទាញការវិនិយោគពីឥណ្ឌាមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យ កសិកម្ម សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ។ល។ ការជួយបណ្តុះបណ្តាលធនធានមនុស្ស, ខិតខំសម្រេចឲ្យបាននូវការចុះអនុស្សរណៈយោគយល់គ្នាលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងការជួយដល់ផ្នែកមន្ទីរពិសោធន៍, ការទាញអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ Mekong-Ganga Cooperation ដើម្បីជួយដល់កម្ពុជាផ្នែកអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍន៍អាជីវកម្មជាដើម, ពិនិត្យលទ្ធភាពខិតខំសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ឥណ្ឌាស្របពេល ដែលប្រទេសទាំងពីរសម្រេចបានរួចហើយនូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ។
នាឱកាសនោះដែរលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានថ្លែងនូវការអំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពជាច្រើន កំពុងតែរង់ចាំដូចជា កសិកម្មដាំល្មៀត ការកសាងមន្ទីរពេទ្យ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មាន ជាដើម៕
អត្ថបទ៖ វិមាន