អ្នកនាំពាក្យ​ថា ការ​ចោទ​ពី​វត្តមាន​យោធា​ចិន​ក្នុង​ទឹកដី​កម្ពុជា គឺជា​ចេតនា​ចង់​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ថា ការ​ចោទ​ពី​វត្តមាន​យោធា​ចិន​ក្នុង​ទឹកដី​កម្ពុជា គឺជា​ចេតនា​ចង់​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា​

Published

on

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា ការ​ចោទ​ថា មាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា គឺជា​ចេតនា​ចង់​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា។ ពីព្រោះ​គំនិត​ធ្វើ​រដ្ឋប្រហារ​នេះ មាន​តាំង​ពី​ឆ្នាំ​២០១៣​ម្ល៉េះ តាមរយៈ​បដិវត្តន៍​ពណ៌​។​

​ការ​លើកឡើង​របស់ លោក សុខ ឥសាន បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មនុស្ស​មួយ​ក្រុម ដែល​គេ​ដឹងថា មានការ​រៀបចំ​ពីក្រោយ និង​បញ្ជា​ដោយ​ក្រុម​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​យោធា​ចិន នៅ​លើ​ទឹកដី​កម្ពុជា ខណៈ​ដែល​មិន​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា មាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ឡើយ ហើយ​សកម្មភាព​នេះ ត្រូវ​បាន​អះអាង​ថា យក​តាម​ក្បួន​ឆ្នាំ​១៩៧០ ចង់​ផ្តួល​រំលំ​សម្តេច​ព្រះ​នរោត្តម​សីហនុ បែរជា​ចោទ​ថា មាន​យៀកកុង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​។

​អ្នកនាំពាក្យ​រូបនោះ​ បញ្ជាក់ថា ការ​ចោទ​ថា “​មាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ទឹកដី​កម្ពុជា គឺជា​ចេតនា​ចង់​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា? ដែល​គំនិត​ធ្វើ​រដ្ឋប្រហារ​នេះ មាន​តាំងពី​ឆ្នាំ​២០១៣​ម្ល៉េះ តាមរយៈ​បដិវត្តន៍​ពណ៌​?”​។ លោក​បញ្ជាក់ទៀតថា “​ចិន​មាន​មូលដ្ឋាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួចហើយ កម្ពុជា ​មិនមែន​ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​យោធា​ចិន​ទេ​”​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​តុលា មាន​មនុស្ស​មួយក្រុម​ប្រមាណ​ជាង​១០​នាក់ ក្រោម​បញ្ជា​ពី​ លោក ហូរ វ៉ាន់ នៅក្រៅ​ប្រទេស បាននាំគ្នា​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន បែប​អនាធិប​តេយ្យ​ខុសច្បាប់ ដោយ​ពួកគេ​បាន​ស្រែក​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​ទាហាន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ភ្លាមៗ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់ ហើយ​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​ញុះញង់​ឲ្យ​មាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះអាសន្ន​។ មនុស្ស​ទាំង​៣​នាក់​នោះ មានឈ្មោះ តុង និមល ភេទ​ប្រុស រស់​នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល , ឈ្មោះ លឹម សាន ភេទ​ស្រី នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល និង​ ឈ្មោះ យ៉យ ស្រីមុំ ភេទ​ស្រី នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល​។​

​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​លោក ហូរ វ៉ាន់ ដែល​ជា​អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​កំពុងតែ​និរទេស​ខ្លួន​ជាមួយ​ លោក សម រង្ស៊ី នៅឯ​ក្រៅប្រទេស ហើយ​បាន​បញ្ជា​ឲ្យ​បាតុករ​នៅ​ភ្នំពេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​។ សម្តេច​ថា បើ​ឈប់​បាន​ឈប់​ទៅ ចំណាស់​ប៉ុណ្ណឹង​ហើយ បើទោះបីជា​ដណ្តើម​អំណាច​បាន ក៏​គេ​មិន​ឲ្យ​ធ្វើ​កុងសី​ដែរ​។​

​បើតាម​ សម្ដេច​នាយក​រដ្ឋមន្ត្រី កម្ពុជា​ មិនដែល​ឲ្យ​សិទ្ធិ​ចិន​បោះ​កងទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​ទេ​។សម្តេច​ថា “​ខ្ញុំ​ធុញទ្រាន់​ជាមួយ​ជនបរទេស​មួយចំនួន​ជាមួយ​ខ្មែរ​យើង​រុញ​សភាពការណ៍​នេះ​។ យើង​ធុញទ្រាន់​ណាស់​ហើយ​” …​តើ​មាន​ភស្តុតាង​ពី​ណា​ដែល​បញ្ជាក់​ថា កម្ពុ​ជា​មាន​កិច្ចព្រមព្រៀងសម្ងាត់ ឲ្យ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​នៅ​កំពង់ផែ​រៀម​រយៈពេល​៣០​ឆ្នាំ​។

​សម្ដេច​តេ​ជោ​ ធ្លាប់​បានបញ្ជាក់​នៅក្នុងពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថា “​កុំ​ភ្លេច​ឆ្នាំ​១៩៧០ ដែល​មាន​ការ​ទម្លាក់​ព្រះករុណា ព្រះបិតា​ជាតិ ដោយ​រដ្ឋប្រហារ ក្រោម​ហេតុផល​ប្រឆាំង​យៀកកុង នៅលើ​ទឹកដី​កម្ពុជា ប៉ុន្តែ​ឥឡូវ​មានការ​ប៉ុនប៉ង​ធ្វើ​អ្វី​ទៀត បាន​បាតុកម្ម​ប្រឆាំង​វត្តមាន​ចិន​ម្តង​ហើយ​ម្តងទៀត ហើយ​ក្រុម​ក្បត់ជាតិ​នេះ គឺជា​អ្នក​បំផុស​មនុស្ស​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​ទូត​ចិន​នៅ​ភ្នំពេញ​។​

​បើតាម ​សម្ដេច​តេ​ជោ ហ៊ុន សែន “​ឥឡូវនេះ​ ប្រជាពលរដ្ឋ គេ​នាំគ្នា​សុខ​សប្បាយ ដូច្នេះ​ការ​យក​មូល​ហេតុ នៃ​កងទ័ព​ចិន​នៅ​កម្ពុជា​នេះ ទិសដៅ​របស់​គេ គឺ​ឈានទៅដល់​ការផ្តួលរំលំ ប្រសិនបើ​ពួកគេ​ប្រមូល​ផ្តុំ​មនុស្ស​បាន​”៕

អត្ថបទ ៖ កោះ​កែវ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម