Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​០១កុម្ភៈ​ អាជ្ញាធរ​រាជធានី​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ឆ្លងកាត់ មហាវិថី​វិមាន​ឈ្នះ​-​ឈ្នះ ឡើយ

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ឆ្នាំ​២០២១ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុ​ញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ រថយន្ត​ធុន​ធំ​និង​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ត្រង់​ចំណុច​ផ្លូវ​វិមាន​ឈ្នះ​-​ឈ្នះ ឡើយ​។

ការ​ផ្អាក​ការធ្វើ​ចរាចរ​ជា​បណ្តោះ​អាសន្ន លើ​កំណាត់​មហាវិថី​វិមាន​ឈ្នះ​-​ឈ្នះ នេះ​ធ្វើឡើង ខណៈដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​។

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​អ្នក​ព័ត៌មាន​យើង​ទទួលបាន​នា​ល្ងាច​ថ្ងៃទី​២៩ មករា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០២១ ​វេលា​ម៉ោង ០៧និង៣០​នាទី​ព្រឹក នឹងមាន​ប្រារព្ធ ពិធី​បើកការ​ដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង និង​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន ស្ថិតនៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។

ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរ​ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​ផ្លូវជាតិ​លេខ​៦ រហូតដល់​ស្ពាន​ព្រែក​ព្នៅ នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ មួយ​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។

សេចក្តី​ប្រកាស​នេះ ក៏បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ យានយន្ត​ខាងលើ មេត្តា​ជ្រាប និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ទីតាំង​ខាងលើ តាម​កាលបរិច្ឆេទ​ដោយ​អនុគ្រោះ។

ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជាធម្មតា​វិញ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម