Connect with us

ព័ត៌មានជាតិ

បបួល​ទៅ​ញ៉ាំ​ការ ចេញ​មកវិញ​ដឹក​យក​ទៅ​រំលោភ

បានផុស

នៅ

​យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ថវៈ​លើ​នារី​ម្នាក់​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​៤៥​នាទី នៅ​ចំណុច​ចំការ ស្វាយ ស្ថិត​ក្នុងភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ​មាន​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ វី រ៉ា​មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១៨​និង​០០​នាទី ជនសង្ស័យ​បាន​បបួល​នារី​រងគ្រោះ​ឲ្យ​ទៅ​ចូលរួម​ពិធីមង្គលការ​ជាមួយ​គេ ហើយ​នារី រងគ្រោះ​បាន​យល់ព្រម​ទៅជា​មួយ ដោយ​កម្មវិធី​មង្គលការ​នោះ​នៅ​ម្ដុំ​ស្ពាន​ព្រែក​ឡុង​ចូលទៅក្នុង​ត្រើយ​ខាងលិច​។​លុះ​មកដល់​ម៉ោង​ប្រហែល​២២​និង​០០​នាទី នារី​រងគ្រោះ​បាន​ឲ្យ​ជនសង្ស័យ​ជូន​ខ្លួន មក​ផ្ទះ​វិញ តែ​ជនសង្ស័យ​បែ​ជា​ឌុប​ជនរងគ្រោះ​ទៅផ្ទះ​សំណាក់ តែ​ជនរងគ្រោះ​ដឹង​ពី​បំណង​មិនល្អ របស់​ជនសង្ស័យ ក៏បាន​រត់​ចេញពី​ផ្ទះសំណាក់​។ ដោយ​ការ​លួងលោម​និង​សន្យាថា​នឹង​ដឹក​នាង​ទៅផ្ទះ ទើប​ជនរងគ្រោះ​ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​បន្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រហូតដល់​ម៉ោង​កើតហេតុ ខណៈពេលដែល​ជនសង្ស័យ​បើក​ម៉ូតូឌុប​ជនរងគ្រោះ​ទៅផ្ទះ ជនសង្ស័យ បាន​ដកយក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ទុក ហើយ​ឌុប​ជនរងគ្រោះ​ចូល​តាមផ្លូវ​លំបាន​ចំងាយ​ប្រហែល ជាង​មួយ​គីឡូម៉ែត្រ ម្ដុំ​ចំការ​ស្វាយ​ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ហើយ​បាន​ចាប់​ជនរងគ្រោះ​រំលោភ​តែម្ដង​។​

​ប្រភព​បាន​បន្តថា ដោយ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បាន​ភ្ជាប់​កម្មវិធី​GPS ទើប​ដឹង​ដល់​ក្រុមគ្រួសារ​របស់ នារី​រងគ្រោះ​បាន​មកដល់​កន្លែងកើតហេតុ ហើយ​បាន​សួរនាំ​ទៅកាន់​អ្នក​ទាំងពីរ ហើយ​ជនសង្ស័យ ក៏ បាន​ជិះ​ម៉ូតូ​ចេញទៅ​។

​រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​ស្វាយ ប្រទាល​។

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល បាន​កោះហៅ​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ និង​ឃាត់ខ្លួន​តែម្ដង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ជនរងគ្រោះ ពិតប្រាកដ​មែន ។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ ជនសង្ស័យ​ធ្លាប់បាន​ជាប់ពន្ធនាគារ​ចំនួន​១​លើក​នៅ​ពន្ធនាគារ ខេត្តកណ្ដាល​រយៈពេល​១៨ ខែ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​។

​បច្ចុប្បន្ន ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង ចាត់​ការ​តាម​នីតិវិធី​៕

​អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម