ព័ត៌មានជាតិ
ប្រាសាទកោះកេរ មានលទ្ធភាពខ្ពស់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
កម្ពុជាបានរៀបចំឯកសារដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបានដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យកាលពីចុងខែមករាទៅនេះរួចរាល់ហើយ។ គណៈកម្មាធិការបានយល់ព្រមទទួលឯកសារស្នើនោះ មានបានន័យថាឯកសារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
អគ្គនាយកអាជ្ញាធរព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា តាមការវាយតម្លៃរបស់អ្នកជំនាញការអន្តរជាតិមើលឃើញថា កម្ពុជាមានសង្ឃឹមថា ប្រាសាទកោះកេរ នឹងអាចដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារការស្នើសុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈលេចធ្លោររបស់ប្រាសាទជាសាកល ទាំងការការពាររមណីដ្ឋាន ចំណែកឯកសារស្នើសុំក៏រៀបចំបានត្រឹមត្រូវ។
លោក គង់ ពុទ្ធិការ មានប្រសាសន៍ថា៖ “បច្ចុប្បន្នកម្ពុជាគ្រាន់តែរង់ចាំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងទាក់ទងមកខាងកម្ពុជាវិញ ប្រសិនឯកសារនៅខ្វះខាត ឬមានចម្ងល់អ្វីបន្ថែម។
តាមកម្មវិធីរបស់គណៈកម្មការ គឺនៅកំឡុងខែមីនា គេអាចនឹងផ្ញើសំណួរមកកម្ពុជាយើងវិញ ហើយនៅរង្វង់ខែកញ្ញា គេនឹងបញ្ជូនអ្នកជំនាញការមកពិនិត្យទីតាំងប្រសាទជាក់ស្ដែង ដើម្បីវាយតម្លៃថាយើងបានសរសេរឯកសារ និងទីតាំងជាក់ស្ដែងត្រូវគ្នាដែរ ឬទេ។”
លោកបន្តថា ករណីអ្នកជំនាញបានមកពិនិត្យទីតាំងផ្ទាល់នៅខែកញ្ញានោះហើយ គេនឹងរៀបចំរបាយការណ៍ពីការវាយតម្លៃទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក រួចទើបគណៈកម្មាធិការការស្នើសុំដាក់ក្នុងរបៀបវារៈអង្គប្រជុំធំនៅឆ្នាំក្រោយ ខែមិថុនា ឆ្នាំ២០២២ ដើម្បីវាយតម្លៃសម្រេច។
លោក គង់ ពុទ្ធិការ មានលើកឡើងថា៖ “ដូចនេះសង្ឃឹមថា ប្រសិនបើ វិបត្តិកូវីដ-១៩ បានធូរស្រាលឡើងវិញ នោះអ្វីៗនឹងអនុវត្តតាមកម្មវិធីគ្រោងទុកនោះ ប៉ុន្តែគណៈកម្មាធិការមិនអាចបញ្ជូនអ្នកជំនាញមកកម្ពុជាផ្ទាល់បានទេ យើងក៏មិនទាន់ដឹងថា គេនឹងអនុវត្តបែបណាវិញនោះទេ។”
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក បញ្ជូនអ្នកជំនាញចុះពិនិត្យទីតាំងប្រាសាទផ្ទាល់ ហើយពួកគេនឹងផ្តល់ដំបូន្មានបន្ថែម ដោយកម្ពុជានឹងពិភាក្សាបន្តនៅពេលនោះ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ប្រាសាទកោះកេរត្រូវបានស្នើជាសម្បត្តិបេតិកភណ្ឌពិភពលោកព្រោះវាមានតម្លៃជាសកល ព្រមទាំងដើម្បីបង្ហាញវប្បធម៌ខ្មែរ ហើយវានឹងផ្តល់ផលប្រយោជន៍ដល់គោលដៅអភិរក្សប្រាសាទ និងទាក់ទាញភ្ញៀវទេសចរ។”
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានឱ្យដឹងថា នៅឆ្នាំ ២០០៤ រដ្ឋាភិបាលបានកំណត់តំបន់ប្រាសាទកោះកេរចំនួន ៨.១០០ ហិកតា។ ក្រោយមកអ្នកជំនាញអន្តរជាតិដែលបានជួយរៀបចំពាក្យសុំបេតិកភណ្ឌបានពិនិត្យមើលសក្តានុពលនៃរមណីយដ្ឋាន បានស្នើសុំឱ្យរដ្ឋាភិបាលចេញក្រឹត្យថ្មី ដោយកំណត់តំបន់ប្រាសាទទំហំ ៨.៧០០ ហិកតា។
សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។
កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី «ឆោកគគ៌្យរ» របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
អត្ថបទ៖ វីរៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ