Connect with us

ព័ត៌មានជាតិ

៧​ចំណុច​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

បានផុស

នៅ

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើ​សេចក្តីណែនាំ​មួយ មាន​ចំនួន​៧​ចំណុច ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន និង​វៀតណាម ដែល​ប្រព្រឹត្ត​នា​ថ្ងៃទី​១១-១២-១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​រួមចំណែក​ក្នុងការ​ថែរក្សា​នូវ​សុខភាព​សាធារណៈ ឱ្យបាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន វិធានការ​៧​ចំណុច​នោះ​រួមមាន ទី​១, យកចិត្តទុកដាក់​ក្តាប់ និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា ដើម្បី​មាន​វិធានការ​បង្ការ ទប់ស្កាត់ បំបាត់​ប្រសិទ្ធភាព និង​បង្ក្រាបបាន​ទាន់ពេលវេលា​។

​ទី​២, ចាត់វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅតាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម ក៏ដូចជា​ទីសក្ការៈ និង​រមណីយដ្ឋាន​នានា ដោយ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​មិន​ឲ្យ​កើតមាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​បង្ក​អុកឡុក​ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យមាន​របៀបរៀបរយ​ល្អប្រសើរ​។

ទី​៣, យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់ និង​លំហូរ​ចរាចរណ៍ ដោយ​ត្រូវ​បង្កើន​ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​ការកកស្ទះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​មាន​សុវត្ថិភាព​។ ទន្ទឹមគ្នានេះ ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្តល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​ចរាចរណ៍ និង​វិធានការ​នានា ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។

ទី​៤, ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ភ្លើងទៀន ធូប ពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ​ផ្សេងៗ ព្រមទាំង​ហាមឃាត់​ដាច់ខាត​ការដុត​ផាវ ដុត​កាំជ្រួច​ដែល​អាច​បង្កឱ្យមាន​អគ្គិភ័យ ឬ​បង្ក​សម្លេង​ផ្ទុះ សម្លេង​រំខាន​ផ្សេងៗ ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ​ត្រៀមលក្ខណៈ​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​អាចមាន​កើតឡើង​ជាយថាហេតុ​។

ទី​៥, បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ គ្រប់​ថ្នាក់ បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធាន​សុខាភិបាល នៅតាម​គោលដៅ​ដែលមាន​ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ ព្រមទាំង​ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បី​បង្ការ ទប់ស្កាត់ និង​សង្គ្រោះបាន​ទាន់ពេលវេលា​។

ទី​៦, ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់ព័ត៌មាន​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​សភាពការណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ ព្រមទាំង​បង្កើន​ការ​ល្បាត យាមកាម​នៅតាម​ភូមិ​ឃុំ​-​សង្កាត់ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ការពារ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដែល​ចាក​ចេញពី​លំនៅឋាន ទៅសួរសុខទុក្ខ​សាច់ញាតិ​បងប្អូន ឬ​ធ្វើដំណើរ​កំសាន្ត​សប្បាយ​ទៅតាម​តំបន់​រមណីយ​-​ដ្ឋា​ន​នានា​។

​និង​ទី​៧, ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ការអនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ សណ្តាប់​ធ្លាប់​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី របស់​ប្រជាជន​ចិន និង​វៀតណាម ផ្ញើមក​សេនាធិការដ្ឋាន នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​កំណត់​៕

ដោយ ៖ កោះ​កែវ

សូមចុចអាន ៖ តំណាង FBI អាមេរិក​សន្យា​ធ្វើ​របាយការណ៍​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ទៅ​រដ្ឋាភិបាល​របស់ខ្លួន

សូមចុចអាន ៖ ​កម្ពុជា​​ទទួល​បាន​ចំណូល​ប៉ុន្មាន​​ពីធនាគារ​ប្រេង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម