អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ទាំងប៉ូលិសនិងកងរាជអាវុធហត្ថ ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវពង្រឹងការងារឲ្យកាន់តែល្អប្រសើរ ជុំវិញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ការជំរុញបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមាន លោក ស ថេត ស្នងការនគរបាលរាជធានី លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១៤។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ កន្លងមកឃើញថា យើងអនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួចក្តី ។
លោកបន្តទៀតថា សម្រាប់គោលនយោបាយថ្មី ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះ គឺបានពាក់ព័ន្ធទៅដល់មន្ទីរមួយចំនួនក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសលើការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានតម្លាភាព។ លោកបន្តទៀតថា មន្ទីរដែលមានតួនាទីនៃការផ្ដល់ច្បាប់អនុញ្ញាតលើលិខិតបទដ្ឋាននានា ដល់បងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មនានា ដូចជាការអនុញ្ញាតឲ្យមានការបូមខ្សាច់ ការអនុញ្ញាតឲ្យបើកនៅភោជនីយដ្ឋាន កុងស៊ីបញ្ចាំ កុងស៊ីកាប់ជ្រូក កាប់គោជាដើម មន្ទីរជំនាញត្រូវតែចុះសិក្សាឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យគេបើកអាជីវកម្ម។ ថាតើអាជីវកម្មទាំងនោះសមស្របនឹងការអនុញ្ញាតរបស់យើងដែរឬទេ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយ គេចង់បានគ្រប់គ្នា។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះអោយបានល្អ ដើម្បីទទួលបាននូវការជឿទុកចិត្តនឹងទទួលបាននូវភាពកក់ក្ដៅពីបងប្អូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងទំនាស់នានានៅក្នុងមូលដ្ឋានអាជ្ញាធរ មូលដ្ឋានត្រូវប្រឹងប្រែងដោះបញ្ចប់ កុំបញ្ជូនមកឲ្យរដ្ឋបាលរាជធានីភ្នំពេញដោះ ។ ជាងនេះទៅទៀត ជុំវិញប្រតិបត្តិការ និងហេតុការណ៍ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ត្រូវហ៊ុមព័ទ្ធ កន្លែងកើតហេតុនិងព្រឹត្តិការណ៍ទាំងនោះឲ្យបានម៉ឺងម៉ាត់ចៀសវាងនូវបញ្ហាផ្សេងៗដែលកើតមានឡើង ដោយសារតែការគ្រប់គ្រងរបស់យើងមិនបានល្អ៕
អត្ថបទ ៖ ស្រីរ័ត្ន